ជាតិ
សម្ដេច ហ៊ុន សែន ៖ ស្ថាប័នសភា​ ជាតួអង្គមិនអាចខ្វះបាន ក្នុងការដោះស្រាយបញ្ហាតំបន់និងសកល
21, Nov 2022 , 3:49 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំ AIPA-43។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំ AIPA-43។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ភ្នំពេញ៖ នៅមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-43) សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ស្ថាប័នរដ្ឋសភា មានតួនាទីសំខាន់ ក្នុងការដោះស្រាយបញ្ហា តំបន់និងសកល។

 
ថ្លែងក្នុង AIPA-43 សម្ដេច ហ៊ុន សែន បានលើកឡើងពីសមិទ្ធផលពីកិច្ចប្រជុំកំពូលអាស៊ានលើទី៤០ និង៤១ មួយចំនួន និងវិបត្តិជាច្រើនដែលពិភពលោក ក៏ដូចជាតំបន់អាស៊ានជួបប្រទះ រួមមានការប្រជែងភូមិសាស្រ្តនយោបាយ សង្គម ការចែកប៉ូលពាណិជ្ជកម្ម សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម។ បញ្ហាទាំងនេះ បានគំរាមកំហែងយ៉ាងខ្លាំង ដល់ប្រជាជន និងសន្តិសុខសកល។ 
 
លើសពីនេះ សម្ដេច ហ៊ុន សែន បានកត់សម្គាល់ឃើញថា បញ្ហាខាងលើបានបន្ទច់បង្អាក់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ការកើនឡើងសម្ពាធអតិផរណា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហអសន្តិសុខស្បៀង និងថាមពលជាដើម។ បរិបទនេះ សម្ដេចកត់សម្គាល់ឃើញថា ប្រធានបទនៃ AIPA-43 «បោះជំហ៊ានទៅមុខជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» គឺមានការពាក់ព័ន្ធ ហើយសមស្របសម្រាប់រួមគ្នា បំផុសស្មារតីទទួលខុសត្រូវរួម ក្នុងការឆ្លើយតបទាន់ពេល។ 
 
«ក្នុងស្ថានភាព ដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញជាច្រើននេះ ខ្ញុំសូមគូសបញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ជាពិសេស គឺស្ថាប័នរដ្ឋសភា ពិតជាមានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាតំបន់ និងសកល»។ នេះជាការចាត់ទុករបស់ សម្ដេច ហ៊ុន សែន ហើយសង្ឃឹមថា AIPA-43 នឹងក្លាយជាឱកាសពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឆ្លុងមួយ និងរិះរកអនុសាសន៍គោលនយោបាយរួម។ 
 
ជាមួយគ្នាដែរ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកពី បញ្ហាប្រែប្រួលអាកាសធាតុ។ បញ្ហានេះ កម្ពុជាបានស្នើអាស៊ានពិចារណាលើការរៀបចំ «គំនិតផ្តួចផ្តើមបៃតងអាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលថ្មីៗនេះផងដែរ ដើម្បីតម្រង់ទិសនៃកិច្ចអភិវឌ្ឍតំបន់ឆ្ពោះទៅកាន់អនាគតបៃតងប្រកបដោយចីរភាព៕ 
 
 
 
 
 
 
 
 
 
 
 

Tag:
 AIPA
© រក្សាសិទ្ធិដោយ thmeythmey.com