ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការពារជាតិចិន៖ អនាគតរួមចិន-កម្ពុជា រីកលូតលាស់ឈានដល់កម្រិតថ្មីទៀត
21, Nov 2022 , 8:59 pm        
រូបភាព
 ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វឹងហឺ នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការពារជាតិចិន លោក វ៉ី ហ្វឹងហឺ នៅវិមានសន្តិភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។
ដោយ៖ ទេពញាណ 

នៅ​ចំពោះមុខសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ (Wei Fenghe) រដ្ឋមន្រ្តីការពារជាតិចិន បានបង្ហាញការមើលឃើញរបស់លោក ទៅលើការរីកចម្រើនចំណងមិត្តភាពជាលំដាប់រវាងចិននិងកម្ពុជា។ ជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងប្រមុខការពារជាតិចិន ប្រព្រឹត្តទៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។


 
ក្រសួងការពារជាតិចិន បានស្រង់សម្តីរបស់លោក វ៉ី ហ្វឹងហឺ ដែលមានប្រសាសន៍ជាមួយសម្តេច ហ៊ុន សែន ទៅសរសេរលើគេហទំព័ររបស់ខ្លួនយ៉ាងដូច្នេះថា៖«ស្ថិតក្រោមមាគ៌ាដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនភីង និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ការបង្កើតសហគមន៍អនាគតរួមរបស់ចិន និងកម្ពុជា បានរីកលូតលាស់ឈានដល់កម្រិតថ្មីទៀតដោយឥតឈប់ឈរ ហើយទំនាក់ទំនងទ្វេភាគី កាន់តែរឹងមាំឡើង»។ 
 
រដ្ឋមន្រ្តីការពារជាតិចិន បន្តថា ចិន និងកម្ពុជា គឺជាអ្នកជិតខាង ដែលមានទំនាក់ទំនងជាបងប្អូនជាមួយគ្នា។ លោក ក៏បាននិយាយពីទំនាក់ទំនងរវាងចិននិងកម្ពុជាលើវិស័យយោធាដែរ ដោយលោក បង្ហាញក្តីសង្ឃឹមថា យោធាប្រទេសទាំង២ នឹងអាចបន្តធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រួមចំណែកក្នុងការអភិវឌ្ឍដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងរក្សាបាននូវសន្តិភាពក្នុងតំបន់។ 
 
សម្ដេច ហ៊ុន សែន អរគុណលោក វ៉ី ហ្វឹងហឺ ដែលបានវាយតម្លៃអំពី​ការរីកចម្រើនរបស់​កម្ពុជា និងអរគុណមិត្តចិន ដែល​បានបានផ្តល់ជំនួយ សម្រាប់ការចូលរួមចំណែកអភិវឌ្ឍកម្ពុជា។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។ 
 
លោក វ៉ី ហ្វឹងហឺ ក៏បានជួបពិភាក្សាជាមួយសម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជាផងដែរ។ សម្តេច ទៀ បាញ់ សរសេរសារខ្លីលើទំព័រហ្វេសប៊ុកថា ដំណើរទស្សនកិច្ចរបស់លោក វ៉ី ហ្វឹងហឺ លើកនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពឲ្យកាន់តែស៊ីជម្រៅឡើង១កម្រិតទៀត ហើយនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនប្រទេសទាំង២។ ចំណែកទំពហ្វេសប៊ុករបស់កងទ័ពជើងគោកកម្ពុជា សរសេរថា ក្នុងជំនួបជាមួយលោក វ៉ី ហ្វឹងហឺ លោក ហ៊ុន ម៉ាណែត បានអរគុណកងទ័ពចិន ដែលតែងជួយឧបត្ថម្ភរដល់កងទ័ពកម្ពុជា។ 
 
ប្រមុខការពារជាតិចិន មកកម្ពុជាលើកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប៕ 
 

សម្តេច ទៀ បាញ់ ទទួលស្វាគមន៍លោក វ៉ី ហ្វឹងហឺ (រូបពីហ្វេសប៊ុករបស់សម្តេច)
 

  លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយលោក វ៉ី ហ្វឹងហឺ (រូបពីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត) 
 
 
 

Tag:
 កម្ពុជា-ចិន
  ហ៊ុន សែន
  Wei Fenghe
  ទំនងទំនង
© រក្សាសិទ្ធិដោយ thmeythmey.com