កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កីឡាករ​បាល់បោះខ្មែរ-កាណាដា ត្រៀម​ខ្លួន​ជានិច្ច​សម្រាប់​ក្រុម​ជម្រើស​ជាតិ
09, Feb 2014 , 10:41 pm        
រូបភាព
កីឡាករ Sak Ratana ថត​អនុស្សាវរីយ៍នៅមុខ​ព្រះបរម​រាជ​វាំង។ រូបថត ហ្វេសប៊ុក​កីឡាករ
កីឡាករ Sak Ratana ថត​អនុស្សាវរីយ៍នៅមុខ​ព្រះបរម​រាជ​វាំង។ រូបថត ហ្វេសប៊ុក​កីឡាករ
សាក់ រតនា (Sak Ratana) គឺ​ជាកីឡា​ករ​បាល់បោះ​ម្នាក់​របស់​កម្ពុជា​ដែ​ល​​បង្ហាញ​ភាព​លេច​ធ្លោ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម​លើក​ទី​២៧ កាលពី​ចុង​ឆ្នាំ​២០១៣​កន្លងមក​នៅ​ក្នុង​ទី​ក្រុង​ណៃពីដរ ប្រទេស​មីយ៉ាន់ម៉ា បើ​ទោះបី​ជា​កម្ពុជា​បញ្ចប់​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​ចំណោម​៧​ប្រទេស​ក៏​ដោយ។



ថ្លែ​ង​ប្រាប់​គេហទំព័រ​ថ្មី​ៗពី​ប្រទេស​កាណាដា កីឡាករខ្មែរ-កាណាដា រូប​នេះ បាន​អះអាង​ថា រូប​គេ​ត្រៀម​ខ្លួន​ជានិច្ច​សម្រាប់​​ព្រឹត្តិការណ៍​លើក​ក្រោយ​ទៀត ហើយ​បំណង​ប្រាថ្នា​របស់​គេ​គឺ​​ចង់​ក្លាយ​ជា​សមាជិក​ម្នាក់​នៃក្រុម​គ្រូបង្វឹក​ជម្រើស​ជាតិ​កម្ពុជា។

ចំពោះ​បទពិសោធន៍​នៅ​ក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​កន្លងមក ត្រូវ​បាន​កីឡាករ​ រតនា វ័យ​៣២ឆ្នាំ​អះអាង​ថា នេះ​ជា​កិត្តិយស​ធំធេង​សម្រាប់​រូបគេ​ក្នុង​ការ​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ខ្លួន​បាន​ប្រឡូក​ក្នុង​កីឡាករ​ប្រភេទ​នេះ​អស់​រយៈពេល​២៥​ឆ្នាំ។


រតនា បាន​លើក​ឡើង​ថា៖ «ខ្ញុំ​មិន​ដែល​ធ្លាប់​មា​នអារម្មណ៍​បែបនេះឡើយ ហើយ​វា​បាន​ជំរុញ​ឲ្យ​ខ្ញុំ​មាន​ការ​ប្រឹង​ប្រែង​យ៉ាងខ្លាំង​ក្លា​បំផុត។ ​​ខ្ញុំមិន​មែន​លេង​តែសម្រាប់​ខ្លួន​ខ្ញុំ​ឡើយ ប៉ុន្តែខ្ញុំ​លេង​សម្រាប់​ពល​រដ្ឋ​ខ្មែរ​ទាំងអស់។ ខ្ញុំ​នឹង​ប្រឹ​ង​​​​ប្រែងធ្វើឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម ប្រសិន​បើខ្ញុំ​មាន​ឱកាសលើក​ក្រោយ​។ ការ​លេង​សម្រា​ប់​​ក្រុម​កម្ពុជា គឺ​ជាការតាំងចិត្ត​របស់ខ្ញុំ​តាំងពីក្មេង»។

ក្រោយ​សម័យ​ខ្មែរក្រហម ឪពុក​ម្តាយ​រតនា បាន​ភៀស​ខ្លួន​ពី​ខេត្ត​បាត់ដំបងទៅ​កាន់​ទីក្រុង​ម៉ុង​រ៉េអាល់ ប្រទេស​កាណាដាក្នុង​ឆ្នាំ​១៩៨១ ហើយមួយ​ឆ្នាំក្រោយ​មក ពួក​គាត់​បាន​ផ្តល់​កំណើត​ដល់​រតនា​។ រតនា​គឺ​ជាកូន​ច្បង​ ហើយ​រូប​គេ​​មាន​ប្អូន​ប្រុស​បី​នាក់​ទៀត។

រតនា​បាន​បញ្ជាក់ថា៖ «​គ្រួសារ​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កាណាដា ប៉ុន្តែ​យើង​មាន​សាច់ញាតិ​ជា​ច្រើន​នៅ​ខេត្ត​បាត់ដំបង។ ឱកាស​មកលេង​ឲ្យ​ក្រុម​កីឡា​បាល់បោះ​ជម្រើស​ជាតិ ក៏​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​អាច​ទៅ​សួរ​សុខទុក្ខ​ជីដូន​នៅ​ខេត្ត​បាត់ដំបង​ជាលើក​ដំបូង​ផង​ដែរ»។


ចូល​លេង​បាល់បោះ​តាំងពី​អាយុ​៦​ឆ្នាំ


រតនា បាន​ចាប់​ផ្តើម​លេង​កីឡា​បាល់​បោះ​តាំងពី​អាយុ​៦​ឆ្នាំមក​ម្ល៉េះ ហើយ​បន្ត​បន្ទាប់មក​ គេ​បាន​ចូល​លេង​ក្នុងកម្រិត​មហាវិទ្យាល័យ។ គេ​ធ្លាប់​មាន​បទពិសោធន៍​លេង​ឲ្យ​ក្លិប​មួយ​ចំនួន​ដូច​ជា​ក្លិប Montreal Sasquatch (ក្របខណ្ឌ PBL) ក្លិប UQAM (ក្របខណ្ឌ ICS) និង​ក្លិប Laurentides Revolution (ក្របខណ្ឌ LBQ) ពីឆ្នាំ​២០១២-២០១៣ ។

«ខ្ញុំ​មាន​ប្អូន​ប្រុស​ម្នាក់​លេង​កីឡា​បាល់​បោះ​ផង​ដែរ ប៉ុន្តែ​គេ​កំពុង​លេង​ត្រឹម​កម្រិត​មធ្យម​សិ​ក្សា​​តែប៉ុណ្ណោះ» នេះ​ជាការ​អះអាង​របស់​រតនា មុន​នឹង​បញ្ជាក់ថា រូបគេ​បច្ចុប្បន្ន​មាន​តួនាទី​ជា​​ជំនួយ​ការ​គ្រូបង្វឹកនៅ​ក្នុងក្លិប​កម្រិត​សាកល​វិទ្យាល័យ​មួយ។ ក្រៅពី​ការងារកីឡា​បាល់​បោះ កីឡាករ​រូបនេះ​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ផ្កាយ​រណបមួយ​ ដែល​មាន​តួនាទី​ជា​អ្នក​ជំនាញ​បច្ចេ​ក​ទេស។

ឱកាសចូល​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​បុរស​ខ្មែរ-កាណាដា​រូបនេះ គឺ​ដោយសារ​តែ​មាន​ការ​ទាក់ទង​ពី​សំណាក់​កីឡាករ​ ថាច់ បូរ័ត្ន (Thach Boroth) ដែល​មាន​សញ្ជាតិ​ខ្មែរ-ស៊ុយអែត និង​ជា​ប្រធាន​ក្រុមជម្រើសជាតិ។

សម្រាប់​ការ​ប្រកួតកីឡា​ស៊ីហ្គេម​កន្លងមក ក្រុម​កីឡា​បាល់​បោះ​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​កា​រ​ដឹកនាំ​របស់​គ្រូបង្វឹក​នីហ្សេរីយ៉ា Koledoye Abayomi Austin ទទួល​បាននូវ​ការ​ចាប់​អា​រម្ម​ណ៍​​ជាពិសេស​បើ​ទោះបី​ជា​ពួក​គេ​ប្រកួតឈ្នះ១លើក​ និង​ចាញ់​៥លើក​ក៏​ដោយ។ កីឡា​ករ​ខ្មែរ-អាមេរិក Anthony Dominic Dar គឺ​ជា​អ្នក​ដែល​រក​បាន​ពិន្ទុ​ច្រើន​ជាង​គេជាមួយ​នឹង​ការ​សម្រេច​បាន​១១៧​ពិន្ទុ ខណៈ សាក់ រតនា ស្ថិត​នៅ​ចំណាត់​ថ្នាក់​បន្ទាប់ (១១៦ពិន្ទុ)។

ចំពោះ​គ្រាប់​បាល់ Rebounds រតនា​ស្ថិត​ក្នុងចំណាត់​ថ្នាក់​លេខមួយ រីឯ​ ថាច់ បូរ័ត្ន ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ។ ដោយ​ឡែក​ ចំនួន​នៃការ​បញ្ជូន​បាល់ (Assists) ដែល​នាំឲ្យ​មាន​ការ​ស៊ុត​បាល់​បញ្ចូល​កន្ត្រក រតនា និង​បូរ័ត្ន​ស្ថិតក្នុង​ចំណាត់​ថ្នាក់​ទី៨។

ជុំ​វិញ​ការអភិវឌ្ឍន៍​វិស័យ​កីឡា​បាល់បោះ​នៅ​កម្ពុជា រតនា បាន​រំលឹក​ប្រាប់​គេហទំព័រ​ថ្មីៗ​ថា៖ «យើង​ត្រូវ​តែ​រក​មធ្យោបាយ​ដើម្បី​ចែក​រំលែក​នូវ​អ្វី​ដែល​ជា​ជំនាញ​របស់​យើង។ ខ្ញុំត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​ការ​បណ្តុះបណ្តាល​ថ្នាលយុវជន»។

រតនា មាន​កូន​ស្រី​ម្នាក់​ដែល​ឈាន​ដល់​អាយុ​៥​ឆ្នាំ​នៅ​ក្នុងខែកុម្ភៈនេះ ប៉ុន្តែ​គេ​បាន​លែងលះ​ភរិយា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ។ បច្ចុប្បន្ន គេ​មាន​មិត្ត​ស្រីម្នាក់​ថ្មីទៀត​នៅ​ក្នុង​ប្រទេស​កាណាដា៕


ចំណាត់​ថ្នាក់​ជា​ឯកត្តជន​លើ​វិញ្ញាសា​កីឡា​បាល់​បោះ​នា​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី​២៧នៅ​ប្រទេស​មីយ៉ាន់ម៉ា


© រក្សាសិទ្ធិដោយ thmeythmey.com