ជាតិ
AIPA អនុម័តឲ្យ សភានេប៉ាល់ អាហ្សែបៃហ្សង់ និងអាមេរិក ក្លាយជាអ្នកសមាជិកសង្កេតការណ៍
21, Nov 2022 , 6:19 pm        
រូបភាព
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ រូបពី ហ្វេសប៊ុករដ្ឋសភា
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ រូបពី ហ្វេសប៊ុករដ្ឋសភា
ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិអាយប៉ា បានអនុម័តបញ្ចូលសភានៃប្រទេសចំនួន៣ ជាសមាជិកសង្កេតការណ៍ ។  ការអនុម័តនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA ដែលដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីយប់ថ្ងៃទី២០ វិច្ឆិកា។

 
ប្រទេសទាំង៣ ដែលជាសមាជិកសង្កេតការណ៍ រួមមាន សភានេប៉ាល់ សភាអាហ្សែបៃហ្សង់ និងសភាអាមេរិក។ ជាមួយគ្នាដែរ សម្តេច ហេង សំរិន បានប្រកាសជ្រើសតាំងលោក Chuan LEEKPAI ប្រធានរដ្ឋសភានៃប្រទេសថៃ ជាអនុប្រធានដឹកនាំកិច្ចប្រជុំ ។ ប្រធានសភា អនុប្រធានសភា និងសមាជិក នៃបណ្តាប្រទេសសមាជិកអន្តរសភាអាស៊ាន (AIPA) ៨ប្រទេស រួមមាន ព្រុយណេ ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ វៀតណាម និងកម្ពុជា ព្រមទាំងអគ្គលេខាធិការអាយប៉ា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា។ 
 
ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ បានពិភាក្សានិងអនុម័តលើរបៀបវារៈ៦ចំណុច រួមមាន៖ ទី១ របៀបវារៈនៃមហាសន្និបាតអាយប៉ាលើកទី៤៣, ទី២របៀបវារៈសម្រាប់កិច្ចប្រជុំតាមគណៈកម្មការជំនាញ នៃមហាសន្និបាតអាយប៉ាលើកទី៤៣, ទី៣សម្រេចឱ្យប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតអោយប៉ាលើកទី៤៤ ,ទី៤ស្វាគមន៍របៀបវារៈនៃសំណើចូលជាសភាសង្កេតការណ៍របស់ សភាសហរដ្ឋអាមេរិក សភានេប៉ាល់ សភាអាហ្សែបៃហ្សង់ និងសភាហ្សកហ្ស៊ី, ទី៥ ស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាញសភាមិនចូលបក្សសម្ព័ន្ធ (Non Aligned Movement Parliamentary Network – NAM – AP) និងសភាសហគមន៍អឺរ៉ុប (European Parliament) ដោយអនុញ្ញាតឱ្យអគ្គលេខាធិការដ្ឋានអាយប៉ា បន្តធ្វើការជាមួយនឹងអគ្គលេខាធិការដ្ឋាន នៃសភាទាំងពីរ និងទី៦ អនុម័តដាក់បញ្ចូល សេចក្តីសម្រេចចិត្តបន្ទាន់ ដែលស្នើដោយឥណ្ឌូណេស៊ី ស្តីពីការជំរុញឱ្យមានការអនុវត្តក្រមប្រតិបត្តិ៥ចំណុចរបស់អាស៊ាន ចំពោះដំណោះស្រាយនៅមីយ៉ាន់ម៉ា៕ 
 
 

Tag:
 AIPA
© រក្សាសិទ្ធិដោយ thmeythmey.com