ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ស្ថាប័នសិទ្ធិមនុស្ស ចាប់ផ្តើមដាក់ហិបតាមពន្ធនាគារ ដើម្បីឲ្យអ្នកជាប់ឃុំដាក់បណ្តឹងជាសម្ងាត់
25, Nov 2022 , 10:35 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រូបពីទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ដោយ៖ ទេពញាណ 

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាប់ផ្តើមដើរដាក់ប្រអប់នៅតាមពន្ធនាគារ ដើម្បីឲ្យអ្នកជាប់ឃុំដាក់បណ្តឹងជាសម្ងាត់ លើរឿងអ្វីដែលពួកគេមិនសុខចិត្ត។ ជាជំហានដំបូង ស្ថាប័នសិទ្ធិមនុស្សមួយនេះ បានដាក់ប្រអប់នៅ៣ទីតាំងសិន គឺនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងនៅមណ្ឌលអប់រំកែប្រែ១ (ម១) មណ្ឌលអប់រំកែប្រែ២ (ម២) នៃពន្ធនាគារព្រៃស។



លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំដោយផ្ទាល់ក្នុងការយកប្រអប់ទាំង៣នេះ ទៅដាក់នៅតាមពន្ធនាគារ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្ស បានឲ្យដឹងថា គោលបំណងនៃការដាក់ប្រអប់តាមពន្ធនាគារ គឺដើម្បីលើកកម្ពស់ការគោរពសិទ្ធិ និងការការពារសិទ្ធិរបស់អ្នកជាប់ឃុំ។ 
 
«តាមរយៈប្រអប់បណ្តឹងនេះ ជនជាប់ឃុំគ្រប់រូប អាចដាក់ពាក្យបណ្តឹងតវ៉ារបស់ខ្លួនដោយសម្ងាត់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនានាក្នុងពន្ធនាគារ ក៏ដូចជាការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន ជូនគណៈកម្មាធិការសិទ្ធិមនុស្សពិនិត្យ សង្កេត និងដោះស្រាយ»។ នេះជាខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្ស។ 
 
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា បច្ចុប្បន្ន នៅតាមពន្ធនាគារ មានប្រអប់រួចហើយ សម្រាប់ឲ្យអ្នកជាប់ឃុំដាក់បណ្តឹង ដោយប្រអប់ទាំងនោះ ដាក់ដោយគណៈកម្មាធិការជាតិប្រឆាំងទារុណណកម្ម ហើយមាននៅគ្រប់ពន្ធានាគាររាជធានី-ខេត្ត។ លោក បន្ថែមថា ក្រៅពីប្រអប់របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ប្រធានពន្ធនាគារខ្លះ ថែមទាំងដាក់ប្រអប់ផ្ទាល់ខ្លួនទៀត ដើម្បីឲ្យអ្នកជាប់ឃុំដាក់បណ្តឹង។
 
លោកអគ្គនាយករងរូបនេះ ជម្រាបពីស្ថានភាពអ្នកជាប់ឃុំនាពេលបច្ចុប្បន្នថា៖«មិនដែលមាន [បញ្ហា] អ្វីគួរឲ្យចាប់អារម្មណ៍ ឬការធ្វើទារុណកម្មជាប្រព័ន្ធទេ។ បើមាន នឹងមានបណ្តឹង និងធ្លាយព័ត៌មានហើយ»។   
 
លោក លើកឡើងថា បច្ចុប្បន្ន អ្នកជាប់ឃុំ មានការយល់ដឹងច្រើនពីសិទ្ធិរបស់ពួកគេ ដោយសារមន្រ្តីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចុះទៅអប់រំ។ លោក និយាយទៀតថា មន្រ្តីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក៏តែងចុះទៅពិនិត្យមើលតាមពន្ធនាគារផងដែរ ដើម្បីធានាថា គ្មានការធ្វើទារុណកម្មលើអ្នកជាប់ឃុំ។ លោក ផ្តល់តួលេខថា មកដល់ចុងឆ្នាំ២០២២នេះ អ្នកជាប់ឃុំសរុប មានជាង៣,៧ម៉ឺននាក់ ដោយអ្នកជាប់ឃុំប្រមាណ៥២ភាគរយ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ 
 
គណៈកម្មាធិការសិទ្ធិមនុស្ស បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការដាក់ប្រអប់ទាំង៣នៅតាមពន្ធនាគារ គឺជាចំណុចចាប់ផ្តើម និងជាគម្រោងសាកល្បង មុននឹងឈានទៅដាក់ប្រអប់នៅតាមពន្ធនាគារគ្រប់រាជធានី-ខេត្ត។ តាមរយៈសេចក្តីប្រកាសព័ត៌មាន គណៈកម្មាធិការសិទ្ធិមនុស្ស អរគុណអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅទូទាំងរាជធានី-ខេត្ត ដែលតែងសហការក្នុងការលើកកម្ពស់ និងការគោរពសិទ្ធិរបស់ជនជាប់ឃុំ៕ 
 

Tag:
 គណៈកម្មាធិការសិទ្ធិមនុស្ស
  ហិបបណ្តឹង
  ពន្ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com