ជាតិ
សាលាជាតិ​​វិជ្ជាជីវៈទេសចរណ៍ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ ស្របតាមស្តង់ដារ
25, Nov 2022 , 6:59 pm        
រូបភាព
 សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅ​រាជធានីភ្នំពេញ។ រូបភាពពីក្រសួងទេសចរណ៍។​
សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅ​រាជធានីភ្នំពេញ។ រូបភាពពីក្រសួងទេសចរណ៍។​
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បាន​បើក​ការដ្ឋាន​សាងសង់​សាលា​ជាតិ​វិជ្ជាជីវៈ​ទេសចរណ៍នៅ​រាជធានីភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ កាល​ពីថ្ងៃទី​២៤ វិច្ឆិកា​។ នា​ពិធី​​បើក​ការដ្ឋាន​សាងសង់ លោក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី បាន​លើកឡើងថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍​ នឹងក្លាយជាសាលារដ្ឋជំនាញទេសចរណ៍ដំបូងគេនៅកម្ពុជា ដែល​បណ្តុះបណ្តាលស្របតាមស្តង់ដារជាតិ និងអន្តរជាតិ។​



សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវ​បានបើក​ការដ្ឋាន​​​សាងសង់ឡើង​ក្រោម​ជំនួយ​របស់រដ្ឋាភិបាលកម្ពុជា​ និង​កម្ចី​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD)។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដែលមាន​តម្លៃ​ប្រមាណ២៦,៥ លានដុល្លាអាម៉េរិក ​នឹង​លេច​រូប​រាង​នៅ​រាជធានីភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដើម្បី​បណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពកម្រិតខ្ពស់។ 
   

ទិដ្ឋភាពបើកការដា្ឋនសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅ​រាជធានីភ្នំពេញ។ រូបភាពពីក្រសួងទេសចរណ៍។​
 
ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋ​មន្រ្តី​ក្រសួង​ដែន​ដី នគរូបនីយកម្ម និង​សំណង់​ មាន​ប្រសាសន៍ថា៖«​សាលាជាតិទាំងពីរទីតាំងនេះ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដែលជាតម្រូវការ និងវាយតម្លៃជំនាញវិជ្ជាជីវៈចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាទាំងក្នុងពេល បច្ចុប្បន្ន និងទៅអនាគត»។ 
 
ឧបនាយករដ្ឋមន្ត្រីរូបនេះ ស្នើឱ្យក្រសួងទេសចរណ៍ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងសាលាជាតិទាំងពីរទីតាំងនេះឱ្យបានសមស្រប។ ជាមួយ​គ្នានេះ សាលាជាតិត្រូវសហការជាមួយផ្នែកឯកជន ដើម្បីរៀបចំកម្មវិធីសិក្សា ផែនការប្រតិបត្តិ និងផែនការបណ្តុះបណ្តាលរបស់សាលា សំដៅធានាដល់ដំណើរការឱ្យទទួលបានជោគជ័យ។ នេះបើតាម​ទំព័រហ្វេសប៊ុក​ក្រសួង​ទេសចរណ៍។​
 
បើតាមលោក ជា សុផារ៉ា គណៈគ្រប់គ្រងសាលាជាតិវិជ្ជាជីវៈទេសចរណ៍ ត្រូវផ្តល់លទ្ធភាពដល់យុវជន សិស្ស-និស្សិតក្រីក្រ ងាយរងគ្រោះ និងជនពិការឱ្យមានឱកាសបានចូលរៀនជំនាញទេសចរណ៍ក្នុងតម្លៃសិក្សាសមរម្យ និងការផ្តល់អាហារូបករណ៍។ លោក ជា សុផារ៉ា ក៏ស្នើដល់​ឯកអគ្គរដ្ឋទូតបារាំង និងទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ (AFD) ផ្តល់កិច្ចសហការ និងសម្របសម្រួលឱ្យសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍បារាំង ធ្វើជាដៃគូជាមួយសាលាជាតិវិជ្ជាជីវៈទេសចរណ៍របស់កម្ពុជា ដើម្បីបន្តគាំទ្រសាលាជាតិក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តី និងគ្រូបង្រៀនផងដែរ។
  

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កំពុង​ពិនិត្យ​គម្រោង​សាងសង់​សាលាជាតិវ
 
បើតាម​ក្រសួង​ទេសចរណ៍ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ និងចំនួន ២០០នាក់នៅខេត្តព្រះសីហនុ។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ ផ្នែកសេវាកម្មសណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍, ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ផ្នែកសេវាកម្មធ្វើដំណើរ និងផ្នែកសេវាកម្មទេសចរណ៍។
 
គួរបញ្ជាក់ថា សំណង់អគារសាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅរាជធានីភ្នំពេញ គ្រោងសាងសង់កម្ពស់ ៤ជាន់ លើផ្ទៃដីចំនួន ៤០០០ម៉ែត្រការ៉េ គ្រោងចំណាយថវិកា ៣ ៤៥១ ៩៧២.១១ដុល្លារ។ ដោយឡែក នៅខេត្តព្រះសីហនុវិញ គ្រោងសាងសង់កម្ពស់៤ជាន់ដូចគ្នា លើទីតាំងមន្ទីរទេសចរណ៍ខេត្តបច្ចុប្បន្ន និង​គ្រោងចំណាយថវិកា ៣ ០៨៨ ១៨៣.១៧ ដុល្លារ៕ 
 

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កំពុង​ពិនិត្យ​គម្រោង​សាងសង់​សាលាជាតិវ
 


Tag:
 ទេសចរណ៍
  ភ្នំពេញ
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com