ជាតិ
អាស៊ាន
ក្រុមសមាជិកសភាវ័យក្មេងអាស៊ាននឹងក្លាយជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់ AIPA
25, Nov 2022 , 4:29 pm        
រូបភាព
មានការវិវឌ្ឍល្អបន្ថែមទៀតសម្រាប់ក្រុមសភាវ័យក្មេងអាស៊ាននៅក្នុងមហាសន្និបាតលើកទី៤៣នៃកិច្ចប្រជុំអន្តរសភាអាស៊ាន ដែលត្រូវបានរៀបចំដោយរដ្ឋសភាកម្ពុជា។ សមាជិកនៃមហាសន្និបាតបានយល់ព្រមបង្កើនកម្រិតនៃកិច្ចប្រជុំក្រុមសមាជិកសភាវ័យក្មេងនៃកិច្ចប្រជុំអន្តរសភាអាស៊ានទៅជាគណៈកម្មាធិការអចិន្ត្រៃយ៍។ សេចក្ដីសម្រេចនេះត្រូវបានប្រកាសដោយលោក ហ៊ុន ម៉ានី ដែលជាប្រធានកិច្ចប្រជុំសភាវ័យក្មេងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយការបិទបញ្ចប់មហាសន្និបាតAIPAលើកទី៤៣។

 
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«បច្ចុប្បន្នសភាវ័យក្មេងរបស់អាយប៉ា (AIPA) គ្រាន់តែជាកិច្ចប្រជុំនៃសភាវ័យក្មេង (Working group of young parliamentarians of AIPA) ទេ។ ក៏ប៉ុន្តែដោយសារតែមានការគាំទ្រលើកការផ្ដួចផ្ដើមគំនិតរបស់សភាកម្ពុជា យើងនឹងប្រែក្លាយកិច្ចប្រជុំសភាវ័យក្មេងនេះ ឱ្យក្លាយជាគណៈកម្មាធិការអចិន្ត្រៃយ៍មួយរបស់ អាយប៉ា។ នេះបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់ប្រទេសជាសមាជិក AIPA យកចិត្តទុកដាក់លើ តួនាទីភារកិច្ចរបស់សភាវ័យក្មេង ក៏ដូចជាប្រជាជនវ័យក្មេងរបស់យើង។»។
 
ក្រុមសមាជិកសភាវ័យរបស់មហាសន្និបាតអន្តរសភាអាស៊ានទើបតែបានជួបគ្នាប្រជុំគ្នាដោយផ្ទាល់ជាលើកដំបូងនៅកម្ពុជានៅពេលនេះ បន្ទាប់ពីគំនិតផ្ដួចផ្ដើមនៃការបង្កើតក្រុមសមាជិកសភាវ័យរបស់អាយប៉ា ត្រូវបានបំផុសឡើងកាលពី២ឆ្នាំមុននៅក្នុងកិច្ចប្រជុំមហាសន្និបាតAIPA លើកទី៤១នៅក្នុងប្រទេសវៀតណាម។ កិច្ចប្រជុំ២លើកដំបូងត្រូវបានរៀបចំធ្វើឡើងតាមរយៈអនឡាញតែប៉ុណ្ណោះ ពោលគឺនៅប្រទេសវៀតណាម និងនៅប្រទេសព្រុយណេ។ 
 
ក្នុងនាមជាអ្នកដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងរបស់AIPA នៅកម្ពុជា លោក ហ៊ុន ម៉ានី ក៏បានរម្លឹកអំពីការខិតខំប្រឹងប្រែងនៃក្រុមសមាជិសភាវ័យក្មេងក្រោមភាពជាម្ចាស់ផ្ទះរបស់រដ្ឋសភាវៀតណាម និងរដ្ឋសភាព្រុយណេ ដើម្បីធ្វើឱ្យមានកិច្ចប្រជុំផ្ទាល់លើកដំបូងនៃសមាជិកសភាវ័យក្មេងAIPA នៅកម្ពុជានេះ។ 
 
ហេតុអ្វីយន្តការក្រុមសភាវ័យក្មេងត្រូវបានបង្កើតឡើងនៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំអន្តរសភាអាស៊ាន? លោក ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មាការទី៧នៃរដ្ឋសភាកម្ពុជា បានពន្យល់ប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា ការបង្កើតក្រុមសភាវ័យក្មេងនៅក្នុងក្របខណ្ឌអាយប៉ា បានបង្ហាញថា ថ្នាក់ដឹកនាំAIPA បានយកចិត្តទុកដាក់លើតួនាទី និងសំឡេងរបស់ប្រជាជនវ័យក្មេងនៅក្នុងសហគមន៍អាស៊ាន។ ម្យ៉ាងវិញទៀត សម្រាប់លោក ម៉ានី ដដែល ក្រុមសមាជិកសភាវ័យក្មេងនឹងក្លាយជាយន្តការផ្លូវការមួយដែលអាចសហការ និងប្រតិបត្តិការក្នុងក្របខណ្ឌប្រទេស ឬពហុភាគីជាលក្ខណផ្លូវការផងដែរ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com