ជាតិ
កម្ពុជា ចង់ពង្រីកទីផ្សារអង្ករនៅអាស៊ីបូព៌ា
25, Nov 2022 , 8:59 pm        
រូបភាព
រូបពី រោងម៉ាស៊ីនកិនស្រូវ ងៀប មួយ ឈីវ
រូបពី រោងម៉ាស៊ីនកិនស្រូវ ងៀប មួយ ឈីវ
ភ្នំពេញ៖ កម្ពុជា កំពុងចរចាលើកិច្ចព្រមព្រៀងថ្មីមួយ សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាង កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។ ជាមួយគ្នានេះ អង្ករ ត្រូវបានគេចាត់ទុកថា ជាទំនិញអាទិភាពមួយរបស់កម្ពុជា ដែលអាចឈានចូលទីផ្សារប្រទេសនានាក្នុងតំបន់មជ្ឈឹមបូព៌ា។



លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាបានខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ តាមរយៈការបញ្ចូល​ទំនិញទាំងនោះ ទៅក្នុងបញ្ជីទំនិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការជជែកទ្វេភាគីជាមួយប្រទេសនានា ជាពិសេសចិន។ នេះបើតាមសេចក្ដីប្រកាស​ក្នុងកម្មវិធី​សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិទី៤ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។
  

កម្មវិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិញដៅការងារឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិទី៤។ រូបពី សហព័ន្ធស្រូវអង្ករកម្ពុជា 
 
ជាក់ស្ដែង រយៈពេល១០ខែ ឆ្នាំ២០២២នេះ ការនាំចេញអង្ករបានកើនឡើងជាង១០ភាគរយ ដែលមានបរិមាណសរុប ៥០៩ ២៤៩ តោន គិតជាទឹកប្រាក់ប្រមាណ ៣២៣ លានដុល្លារ។ ក្នុងនោះដែរ ប្រទេសចិន បានគ្របដណ្តប់លើការនាំចេញសរុបជាង ៤៥ភាគរយ ស្របពេលដែលទីផ្សារសហគមន៍អឺរ៉ុបកំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
 
លោក ឌិត ទីណា អះអាងថា  បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម កំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ បើតាម​រដ្ឋមន្រ្តី​កសិកម្ម​ អង្ករស្ថិតក្នុងទំនិញអាទិភាពមួយ ដែលកម្ពុជារំពឹងថា នឹងអាចពង្រីកទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ាបាន ព្រោះការធ្វើទីផ្សាររបស់កម្ពុជានៅតំបន់នេះ មានចំនួនតិចតួចនៅឡើយ។
 
ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម ក៏នឹងជួយដល់កសិករខ្នាតតូចរៀបចំខ្លួនឱ្យបានកាន់តែប្រសើរផងដែរ។ ពិសេស ជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្មរវាង កសិករខ្នាតតូចជាមួយរោងម៉ាស៊ីនកិនស្រូវ តាមរយៈគម្រោងអេម (Air) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុដោយរាជរដ្ឋាភិបាល និង IFAD ។
 
លោក ថ្លែងដូច្នេះថា៖«យើងរំពឹងថានឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ព្រោះបច្ចុប្បន្នទីផ្សារតំបន់នេះនៅមាន កម្រិតតិចតួចបំផុត ដែលយើងខ្ញុំសង្ឃឹមថា នឹងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត»។
 
សូមជម្រាបថា ក្នុងមួយឆ្នាំៗ កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវ និងអង្ករប្រមាណ ១២០០ លានដុល្លារ ឬជាមធ្យមប្រមាណ ១០០ លានដុល្លារ ក្នងមួយខែ។ ក្នុងនោះ​ការនាំចេញអង្ករ មានជាង ៦០ម៉ឺនតោនក្នុងមួយឆ្នាំ និងស្រូវប្រមាណ ៣លានតោន៕
 
 
 
 

Tag:
 កសិកម្ម
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com