អន្តរជាតិ
ក្រសួងសុខាភិបាល​ថៃ ប្រាប់ពលរដ្ឋពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន ក្រោយករណីឆ្លងកូវីដ-១៩ ងើបឡើងវិញ
26, Nov 2022 , 10:10 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ក្រសួង​សុខាភិបាល​ថៃ នៅថ្ងៃទី២៥ ខែវិច្ឆិកា ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​មុខ​នៅ​កន្លែង​មាន​មនុស្ស​កកកុញ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រចាំ​ថ្ងៃ​កើន​ឡើងគួរឱ្យកត់សម្គាល់។


 
លោកវេជ្ជបណ្ឌិត Opas Karnkawinpong និងជាលេខាធិការអចិន្ត្រៃយ៍ក្រសួង​សុខាភិបាល​ថៃបានលើកឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រចាំ​ថ្ងៃនៅថៃបច្ចុប្បន្នបានកើន១០ ទៅ ២០ ភាគរយ។ ជាមួយការការព្រមាននេះ លោកវេជ្ជបណ្ឌិត បាន​ណែនាំ​ដល់​មន្ទីរពេទ្យនៅតាមតំបន់ផ្សេងៗ លើក​ទឹកចិត្ត​ប្រជាជន​​ឱ្យចាក់​វ៉ាក់សាំង​ការពារ​ខ្លួន។
 
«ក្រសួង (ក្រសួង​សុខាភិបាល) ចង់ឱ្យពលរដ្ឋ៧០ភាគរយនៃចំនួនប្រជាជនសរុប​ចាក់វ៉ាក់សាំងដូស​ជំរុញ ប៉ុន្តែវានៅតែពិបាកក្នុងការឈានដល់គោលដៅនោះ»។ លោកវេជ្ជបណ្ឌិត Opas បានលើកឡើងបែបនេះមុនបន្តថា ចំនួនអ្នកវ៉ាក់សាំងដូស​ជំរុញកំពុងថយចុះ ដោយឃើញថាស្ថានភាពរាលដាលនៃជំងីកូវីដ-១៩ បានប្រសើរឡើងកន្លងមក។ 
 
បើទោះបីជាការកើនឡើងនៃករណីឆ្លងជំងីកូវីដ-១៩ ជារលកតូចក្តី ប៉ុន្តែអ្នកស្លាប់អាចកើនឡើងដោយសារជំងីកូវីដ-១៩។ នេះបើតាមលោកវេជ្ជបណ្ឌិត Opas មុនបន្តថា ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដែលទាក់ទងនឹងជំងីកូវីដ-១៩មានជាង ១០ នាក់នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញលោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ចំនួនអ្នកស្លាប់អាចកើនឡើងខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ប្រចាំ​ថ្ងៃបាន​កើនឡើង។ ​
 
ទោះព្រមានពីការកើនឡើងនៃចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩នេះ លោកវេជ្ជបណ្ឌិត Opas បានអះអាងថាមន្ទីរពេទ្យអាច​ទប់ទល់​នឹង​ស្ថានភាព​នេះ​បាន ដោយសារ​ករណីឆ្លងភាគច្រើន​ជាករណីដែល​អ្នកជំងឺព្យាបាលនៅផ្ទះ និងមាន​រោគសញ្ញា​ស្រាល។
 
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Opasបាននិយាយថា BA.2.75 ដែលជាមែកធាងនៃជំងឺកូវីដ-១៩បំប្លែងខ្លួនអូមីក្រុងកំពុងរីករាលដាល។ យ៉ាងណាមិញ នៅមិនទាន់មានព័ស្តុតាងណាមួយ​បញ្ជាក់​ថាវា​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ​​ មន្រ្តីដដែល នៅតែណែនាំឱ្យមនុស្សគួរតែពាក់ម៉ាសនៅកន្លែងដែលមានមនុស្សច្រើនដើម្បីការពារខ្លួន និងអ្នកដទៃ។
 
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺ​កូវីដ-១៩ក្នុងឆ្នាំ២០១៩មក ថៃគិតត្រឹមពេលនេះមានករណីឆ្លងសរុបជាង ៤,៧ លានករណី ខណៈអ្នកស្លាប់មានជាង ៣ម៉ឺន៣ពាន់នករណី។ បើតាមទិន្នន័យពីកាសែត Bangkok Post ចំនួនករណីអ្នកឆ្លងជំងឺ​កូវីដ-១៩បច្ចុប្បន្នមានជាង២ម៉ឺននាក់៕
 

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com