អន្តរជាតិ
ស៊ុលតង់ព្រុយណេ ​បើករថយន្តដឹកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដោយផ្ទាល់
28, Nov 2022 , 8:05 pm        
រូបភាព
ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah (ខាងឆ្វេង) បើករថយន្តដឹកលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព៖ Bernama
ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah (ខាងឆ្វេង) បើករថយន្តដឹកលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម។ រូបភាព៖ Bernama
ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah បានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលដោយ​បើករថយន្ត​ដឹកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅកាន់និវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Seri Perdana ខណៈពេលដែលកំពុងបំពេញទស្សនកិច្ចពិសេសនៅម៉ាឡេស៊ីនៅថ្ងៃទី២៨ ខែវិច្ឆិកា។

 
ភ្លាមៗបន្ទាប់បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាសម៉ាឡេស៊ីនៅទីក្រុង Subang ស្តេចស៊ុលតង់ព្រុយណេ Hassanal Bolkiah បានសម្រេចចិត្តបើករថយន្តដោយខ្លួនឯង ខណៈដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម អង្គុយនៅកៅអីអ្នកដំណើរខាងមុខ។ លើសពីនេះដែរ បុត្រារបស់ស្តេចស៊ុលតង់ព្រុយណេ ព្រះអង្គម្ចាស់ Pengiran Muda Abdul Mateen Bolkiah ក៏បានរួមដំណើរដោយបានអង្គុយនៅកៅអីក្រោយផងដែរ។ 
 
រថយន្តដែលបើកដោយចស៊ុលតង់ព្រុយណេ Hassanal Bolkiahនេះ បានធ្វើដំណើរឆ្ពោះទៅទីក្រុង Putrajaya ដែលមានចម្ងាយជាង ៤១ គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាសម៉ាឡេស៊ី RMAF ដោយអមដោយរថយន្តអម និងរថយន្តសន្តិសុខ។ 
 
គួរបញ្ជាក់ថា ជំនួបរវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងស្តេចស៊ុលតង់ព្រុយណេ ជាជំនួបដំបូងរវាងភាគីទាំង២ចាប់​តាំង​ពី​លោក អាន់វ៉ា បាន​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ទី ១០ របស់ម៉ាឡេស៊ី។
 
បើតាមក្រសួងការបរទេសម៉ាឡេស៊ី ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់ស្តេចស៊ុលតង់មកម៉ាឡេស៊ី គឺតាំងពីខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ ដើម្បីចូលរួមការកិច្ចជំនួបពិគ្រោះយោបល់របស់មេដឹកនាំប្រចាំឆ្នាំលើកទី ២២ រវាងម៉ាឡេស៊ី និងព្រុយណេ។ 
 
ក្នុងដំណើរទស្សនកិច្ចពិសេសនេះ មេដឹកនាំនៃប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាពីសក្តានុពលថ្មី ដើម្បីកែលម្អទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២១ ព្រុយណេគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣០ របស់ម៉ាឡេស៊ី និងធំជាងគេទី ៦ ក្នុងតំបន់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មសរុបដែលមានតម្លៃប្រមាណ ៨,០៣ ពាន់លានដុល្លារ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com