ជាតិ
យុទ្ធនាការ មួយជំហានគ្មានប្លាស្ទិក​ ជំរុញការយល់ដឹងផ្នែកបរិស្ថានដល់យុវជន
28, Nov 2022 , 10:29 pm        
រូបភាព
ភ្នំពេញ៖ មួយជំហានគ្មានប្លាស្ទិក ឬ ONESTEPNOPlASTIC ជាយុទ្ធនាការបរិស្ថានមួយ បង្កើតឡើងដើម្បីសម្អាតសំណល់ប្លាស្ទិកនៅតាមតំបន់ទេសចរណ៍គោលដៅមួយចំនួនក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះមានរយៈពេល៦ខែ ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២២ ដែលមានយុវជនច្រើនរយនាក់បានចូលរួម​។



លោក Jacques GUICHANDUT​ នាយកគ្រប់គ្រងក្រុមហ៊ុន All Dream Cambodia ដែលបានផ្ដួចផ្ដើមបង្កើតយុទ្ធនាការ ONESTEPNOPlASTIC បានលើកឡើងថា យុទ្ធនាការនេះ ធ្វើឡើងដើម្បីថែរក្សាបរិស្ថាន​ និងសម្អាតសំរាមប្លាស្ទិកពីតំបន់ទេសចរណ៍ និងជំរុញសក្ដានុពលទេសចរណ៍ផងដែរ។ លោក Jacques ធ្លាប់ទទួលបានការត្អូញត្អែរពីបញ្ហាសំរាមប្លាស្ទិកពីបរទេសមួយចំនួន ដែលមកកម្សាន្តនៅកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍របស់លោក។ 
  


លោក Jacques GUICHANDUT អះអាងដូច្នេះថា៖ «ក្រុមហ៊ុន All Dream Cambodia គឺទទួលភ្ញៀវទូទាំងពិភពលោកមកកម្ពុជា ហើយយោបល់មួយចំនួនយើងទទួលបានពីភ្ញៀវ គឺមិនសូវល្អឡើយ ព្រោះវាពាក់ព័ន្ធនឹងសំរាមប្លាស្ទិក ដូច្នេះយើងក៏បង្កើតយុទ្ធនាការនេះឡើង»។ លោកបន្តទៀតថា ការអនុវត្តយុទ្ធនាការនេះ គឺកៀរគរអ្នកចូលរួមមានទាំងយុវជន ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ឱ្យមករើសសំរាមប្លាស្ទិកនៅតាមទីតាំងគោលដៅ ដែលមានខេត្តកែប សៀមរាប ក្រចេះ និងរាជធានីភ្នំពេញ។
 
យុទ្ធនាការលើកទី៤ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានកៀរគរយុវជនជាច្រើនរយនាក់ទៅរើសសំរាមប្លាស្ទិកនៅទីតាំងគោលដៅចំនួន៣កន្លែង គឺនៅក្រោមស្ពានជ្រោយចង្វារ ផ្លូវរថភ្លើង និងម្ដុំវត្តស្វាយពពែ។ កញ្ញា វីរៈ ម៉ូនីកា សិល្បៈករ នៃក្រុមតោះយើង ដែលបានផ្ដួចផ្ដើមយុទ្ធនាការនេះជាមួយលោក Jacques ពន្យល់ថា ទីកន្លែងទាំង៣នោះ មានមនុស្សរស់នៅ និងធ្វើដំណើរច្រើន ដូច្នេះសំរាមក៏មានច្រើនដូចគ្នា។​
  


កញ្ញា ម៉ូនីកា លើកឡើងដូច្នេះថា៖«យើងសម្រេចចិត្តជ្រើសរើសហ្នឹង ដើម្បីសម្អាតកន្លែងហ្នឹងឱ្យស្អាតផង និងផ្ដល់គំរូដល់ប្រជាជនឱ្យមើលឃើញពីផលវិបាក និងសោភណ្ឌភាពអាក្រក់របស់ប្លាស្ទិក ដើម្បីឱ្យគាត់យល់ដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងការបោះចោលសំរាមពាសវាលពាសកាល»។ កញ្ញា ម៉ូនីកា រំពឹងថាគំរូរើសសំរាមរបស់ក្រុមយុវជននៃយុទ្ធនាការនេះ នឹងផ្ដល់ផលវិជ្ជមានដល់ពលរដ្ឋក្នុងតំបន់នោះឱ្យចេះទុកដាក់សំរាមបានត្រឹមត្រូវ។
 
លោក គន្ធ ឈុនណា ប្រធានគម្រោងទឹកស្អាត១០០១ ដែលបានចូលរួមក្នុងយុទ្ធនាការ មួយជំហានគ្មានប្លាស្ទិក យល់ឃើញថា យុទ្ធនាការនេះនឹងអាចជំរុញឱ្យយុវជនស្រឡាញ់បរិស្ថាន និងអាចស្វែងយល់ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកផងដែរ។ ម្យ៉ាងវាក៏បង្ហាញពីសកម្មភាពលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតក្នុងទីក្រុង ក៏ដូចជាតំបន់ទេសចរណ៍ផងដែរ។ 
  


«នៅពេលដែលយើងសម្អាតបរិស្ថានស្អាត បរិយាកាសល្អ វានឹងទាក់ទាញទេសចរ ដែលជាផ្នែកមួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ អ្វីដែលសំខាន់ជាងនេះ វាក៏បណ្ដុះផ្នត់គំនិតយុវជន និងក្មេងៗជំនាន់ឱ្យចេះស្រឡាញ់បរិស្ថាន»។ នេះជាការលើកឡើងរបស់លោក គន្ធ ឈុនណា។
 
ទន្ទឹមនឹងនេះលោក ឈុនណា ចង់ឃើញសកម្មភាព ឬយុទ្ធនាការរើសសំរាមបែបនេះកាន់តែច្រើន ព្រោះវាមិនត្រឹមសម្អាតតំបន់ដែលមានសំរាមឡើយ តែវាជាគំរូល្អមួយដល់ក្មេងៗ និងយុវជនឱ្យចេះគិតគូពីបញ្ហាបរិស្ថាន ពិសេសអាចស្វែងយល់កាន់ច្រើនពីបញ្ហាប្រឈមនៃសំណល់ប្លាស្ទិកដល់បរិស្ថានផងដែរ៕
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com