ជាតិ
កងទ័ពមួកខៀវកម្ពុជា ៣នាក់ បានរងរបួសដោយសារមីន នៅម៉ាលី
01, Dec 2022 , 11:08 am        
រូបភាព
កងកម្លាំងរក្សាសន្តិភាពកម្ពុជា ៣នាក់ បានរងរបួស ដោយសារផ្ទុះគ្រាប់មីន នៅក្នុងប្រទេសម៉ាលី។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបព័ត៌មាននេះ នៅក្នុងឱកាសប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ របស់ជប៉ុន នៅកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូនេះ។



«កងទ័ពយើងក្នុងប៉ុន្មានថ្ងៃមុននេះ របួស៣នាក់ ក្នុងប្រទេសម៉ាលី ដោយសារការដាក់មីនស្កាត់ផ្លូវ ក្នុងពេលដែលកងទ័ពរបស់យើងធ្វើដំណើរ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា បច្ចុប្បន្នកងទ័ពមួកខៀវកម្ពុជា កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន លីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្វ្រិកកណ្តាល។

បើតាមលោកស្រី កុសល មាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព យោធិនទាំង៣នាក់ដែលរងគ្រោះនោះ មានឈ្មោះ ម៉ី គឹមថុង ជាបុគ្គលិកពេទ្យ, ពេញ រស្មី ជាតៃកុងទ្បាន និង លោក ម៉ែន ថារ៉ា ជាបុគ្គលិកស្រាវជ្រាវរុករក។  លោកស្រី បានបញ្ជាក់ថាប្រាប់សារព័ត៌មានថ្មីៗនារសៀលថ្ងៃទី១ធ្នូនេះ ថា បច្ចុប្បន្ន សុខភាពរបស់យោធិនទាំង៣រូបនេះ គឺមានភាពល្អប្រសើរឡើងច្រើនហើយ ដែលកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យកម្រិត២ របស់អង្គការសហប្រជាជាតិ៕​

Tag:
 មួកខៀវ
  នយោបាយ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com