ជាតិ
សេដ្ឋកិច្ច
ក្រសួងអប់រំ ត្រៀមថវិកា ២១ពាន់លានរៀល សម្រាប់ដំណើរការប្រលងបាក់ឌុប
01, Dec 2022 , 9:59 pm        
រូបភាព
រូបតំណាង៖ សិស្ស ចាកចេញពីមណ្ឌលប្រឡងនៅវិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
រូបតំណាង៖ សិស្ស ចាកចេញពីមណ្ឌលប្រឡងនៅវិទ្យាល័យ ទួលទំពូង រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀមថវិកា​២១​ពាន់​លាន​រៀល(ប្រមាណ ៥លានដុល្លារអាម៉េរិក) សម្រាប់​រៀបចំ​ការប្រឡង​សញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ(​បាក់​ឌុប)  ដែល​​ប្រព្រឹត្តឡើងនៅ​ថ្ងៃទី​៥-៦ធ្នូ ឆ្នាំ​២០២២។

 
បើតាមអ្នកពាក្យក្រសួងអប់រំ លោក រស់ សុវាចា ថវិកាប្រមាណ៥លានដុល្លារដែលក្រសួងត្រៀមសម្រាប់ដំណើរការប្រឡងបាក់ឌុបឆ្នាំសិក្សា២០២១-២០២២នេះ គឺចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រលង ដែលមានទាំងការតាក់តែងប្រធានវិញ្ញាសា ,ពេលធ្វើកំណែវិញ្ញាសា និងបូកស្រង់ពិន្ទុដោយកុំព្យូទ័រជាដើម។ 
 
លោកបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ​​ថា ក្រសួងនឹងចំណាយលើការឧបត្ថម្ភ​​លោកគ្រូ-អ្នកគ្រូ ដែល​ជា​អនុរក្ស​គ្រប់​ដំណាក់កាល​នៃ​ការប្រលង, ក្រុម​ការងារ​គ្រប់​គ្រង​មណ្ឌលប្រលង, គណ:កម្មការពាក់ព័ន្ធនិងការ​ទិញ​សម្ភារ​ផ្សេងៗ ​សម្រាប់​រៀបចំ​ដំណើរ​ការ​ប្រលង ​រយៈ​ពេល​ពីរ​ថ្ងៃនេះ ដែល​​ប្រព្រឹត្តឡើងនៅ​ថ្ងៃទី​៥-៦ធ្នូ ឆ្នាំ​២០២២។  លោក រស់ សុវាចា បានបញ្ជាក់យ៉ាងខ្លីដូច្នេះ៖«​ ថវិកាប្រមាណ៥លានដុល្លារ [ត្រូវបាន]ចំណាយរៀបចំដំណើរការប្រលងបាក់ឌុបរៀងរាល់ឆ្នាំ»។ 
 
សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា២០២១​-២០២២ ក្រសួង​អប់រំ ក៏បាន​រៀបចំ​គណៈកម្មការ​មេ​ប្រយោគ និង​គណៈកម្មការ​អប្បមាទ ក៏ដូចជា​គណៈកម្មការ​ផ្សេងៗ​ទៀត ដែល​ប្រើប្រាស់​បុគ្គលិក​អប់រំ​ជាង ៧,៧​ម៉ឺន​នាក់​។ លោក ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំបានលើកបែបនេះ​​ ក្នុង​សន្និសីទ​សារព័ត៌​មាន កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា​ ធ្លាប់បានបញ្ជាក់ថា ក្រសួងក៏មាន​ការសហការ​ជាមួយ​អង្គភាព​ប្រឆាំងអំពើពុករលួយ​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់នៃ​ការប្រលង ​ដែលមានអ្នកចូលរួម​សង្កេត​ការណ៍​ប្រមាណ ២ ០០០ ​នាក់​ និងសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​ស​.​ស​.​យ​.​ក​) ចូលរួម​សម្រួល​ដល់​ការប្រលងនេះ ផងដែរ។​
 
របាយការណ៍ពី ក្រសួងអប់រំបានបង្ហាញថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២នេះ គឺមានបេក្ខជនចុះឈ្មោះប្រលងចំនួន១២៨ ១៣៤នាក់ (ស្រី៦៨ ៧៧១នាក់) ដោយត្រូវបានចែកចេញជា​២២១​មណ្ឌលត្រូវជា៥ ១៧៤បន្ទប់។  ដោយឡែក លទ្ធផលប្រលងក្រសួងអប់រំ នឹងប្រកាសនៅរសៀលថ្ងៃទី២៧ធ្នូសម្រាប់មណ្ឌលប្រលងនៅភ្នំពេញ​ និងខេត្តកណ្តាលនិងថ្ងៃទី២៨ធ្នូសម្រាប់ខេត្តផ្សេងៗទៀតទូទាំងប្រទេស៕
 
 
 
 
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com