អន្តរជាតិ
មន្ទីរបញ្ចកោណ៖ ចិនមិនចង់ឱ្យអាម៉េរិកលូកដៃក្នុងទំនាក់ទំនងចិន-ឥណ្ឌា
01, Dec 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
ដោយ:
ចិនបានព្រមានអាម៉េរិកកុំឱ្យជ្រៀតជ្រែងកិច្ចការរបស់ខ្លួនជាមួយឥណ្ឌា បន្ទាប់ពីមហាអំណាចអាស៊ីទាំងពីរនេះកន្លងមកប៉ះទង្គិចគ្នាយ៉ាងខ្លាំងជុំវិញតំបន់ព្រំដែនជួរភ្នំហិមាល័យ។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចកោណដែលចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា។

 
ទំនាក់ទំនងរវាងចិន និងឥណ្ឌាធ្លាក់ចុះតាំងពីការប៉ះទង្គិចគ្នាដ៏អាក្រក់បំផុតតាមតំបន់ព្រំដែនជួរភ្នំហិម៉ាល័យក្នុងឆ្នាំ២០២០ដែលសម្លាប់យ៉ាងតិចណាស់ទាហានចិនបួននាក់ និងឥណ្ឌា២០នាក់។ បន្ទាប់ពីការចរចាជាច្រើនដងរវាងមន្រ្តីយោធាចិន និងឥណ្ឌា ទ័ពចិន និងឥណ្ឌាប៉ុន្មានខែមកនេះចាប់ផ្តើមដកថយពីតំបន់ជម្លោះព្រំដែនមួយចំនួនហើយ។ 
 
«អំឡុងពេលប្រឈមមុខដាក់គ្នា មន្រ្តីសាធារណរដ្ឋប្រជាមានិតចិនព្យាយាមកាត់បន្ថយភាពធ្ងន់ធ្ងរនៃវិបត្តិដោយបញ្ជាក់ពីបំណងរបស់ក្រុងប៉េកាំងក្នុងការរក្សាស្ថិរភាពព្រំដែន និងបញ្ចៀសពីការប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌាក្នុងវិស័យផ្សេងៗទៀត»។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិអាម៉េរិកដែលដាក់ជូនទៅសភានៅថ្ងៃទី២៩ ខែវិច្ឆិកា។
 
បើតាមរបាយការណ៍ដដែល ចិនព្យាយាមបញ្ចៀសភាពតានតឹងកុំឱ្យឥណ្ឌាទៅចាប់ដៃគូកាន់តែជិតស្និទ្ធជាមួយអាម៉េរិក។ បន្ថែមពីនេះ មន្រ្តីចិនថែមទាំងព្រមានមន្រ្តីអាម៉េរិកកុំឱ្យជ្រៀតជ្រែកទំនាក់ទំនងចិនជាមួយឥណ្ឌាផងដែរ។
 
ឥណ្ឌាជាសមាជិកសម្ព័ន្ធមិត្តសន្តិសុខចតុភាគី (Quad)​ ជាមួយអាម៉េរិក ជប៉ុន និងអូស្រ្តាលីដែលបង្កើតឡើងក្នុងបំណងទប់ទល់ឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប៉ុន្តែ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា។ ឥណ្ឌា និងអាម៉េរិក កំពុងធ្វើលំហាត់យោធារួមគ្នាផង។
 
ទាក់ទងរឿងនេះ ដោយមិនលើកឡើងចំៗរបាយការណ៍របស់មន្ទីរបញ្ចកោណ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ថ្លែងអំឡុងសន្និសីទកាសែតនៅថ្ងៃទី៣០ ខែវិច្ឆិកាថា សមយុទ្ធយោធារួមរបស់អាម៉េរិក-ឥណ្ឌាចិនក្នុងខែនេះគឺមិនអំណោយផលដល់ការជឿទុកចិត្តរវាងចិន និងឥណ្ឌាសោះ។ 
 
ឥណ្ឌា និងអាម៉េរិកកំពុងធ្វើលំហាត់យោធារួមគ្នាដែលហៅថា Yudh Abhyas នៅរដ្ឋឥណ្ឌា Uttarakhand ដែលស្ថិតនៅភាគខាងជើងប្រទេស ហើយចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពី​ខ្សែបន្ទាត់បែងចែកទឹកដីដែលគ្រប់គ្រងដោយឥណ្ឌា និងចិននៅតំបន់ព្រំដែនជម្លោះ៕
 
 

Tag:
 អាម៉េរិក
  ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com