អន្តរជាតិ
មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ាថា អ្នកតស៊ូប្រឆាំងរបបសឹកស្លាប់ជាង២ពាន់នាក់
01, Dec 2022 , 5:59 pm        
រូបភាព
ដោយ:
កម្លាំងតស៊ូប្រឆាំងរបបសឹកយ៉ាងតិចណាស់​ពីរពាន់នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធជាមួយយោធាមីយ៉ាន់ម៉ាដែលឡើងក្តោបក្តាប់អំណាចកាលពីឆ្នាំមុន។ ប្រធានាធិបតីស្តីទីរបស់រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាលោក Duwa Lashi La ថ្លែងបែបនេះក្នុងបទសម្ភាសដែលចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ។ លោកក៏បានទទូចឱ្យសម្ព័ន្ធមិត្ត ពិសេសលោកខាងលិចផ្តល់ជំនួយអាវុធដូចអ៊ុយក្រែនដើម្បីប្រយុទ្ធតតាំងយោធាមីយ៉ាន់ម៉ាផងដែរ។

 
«យើងចាត់ទុកចំនួនអ្នកស្លាប់ ជាផលវិបាកដែលយើងត្រូវតែប្រឈម»។ ប្រធានាធិបតីស្តីទីរបស់បក្សរួបរួមជាតិមីយ៉ាន់ម៉ាលោក Duwa Lashi La ថ្លែងបែបនេះក្នុងសន្និសីទ Reuters NEXT នៅថ្ងៃទី១ ខែធ្នូ ។
 
បន្ថែមពីលើអ្នកស្លាប់ពីរពាន់នាក់ក្នុងការតស៊ូប្រឆាំងយោធាមីយ៉ាន់ម៉ានេះ ជនស៊ីវិលជាង ២ ៥០០ នាក់ទៀតត្រូវបានសម្លាប់ក្នុងការបង្រ្កាប។ នេះបើតាមសមាគមជំនួយអ្នកទោសនយោបាយ។ 
 
លោក Duwa Lashi La ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីនៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ារបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានធ្វើរដ្ឋប្រហារទម្លាក់កាលពីឆ្នាំ២០២១។ របបសឹកមីយ៉ាន់ម៉ាចាត់ទុកលោក និងរដ្ឋាភិបាលលោកជាភេរវករ ហើយហាមប្រាមប្រជាជនមិនឱ្យទាក់ទងជាមួយ។ តែរដ្ឋាភិបាលស៊ីវិលទទួលបានគាំទ្រយ៉ាងច្រើនពីជនស៊ីវិល។
 
ស្របពេលប្រទេសនៅតែជាប់គាំងក្នុងវិបត្តិជម្លោះប្រដាប់អាវុធ និងការបង្រ្កាបលើអ្នកប្រឆាំងរបបសឹក លោក Duwa Lashi La លើកឡើងថា ប្រសិនបើទទួលបានគាំទ្រពីអាម៉េរិក និងសហភាពអឺរ៉ុបដូចអ៊ុយក្រែន ការធ្វើទុក្ខបុកម្នេញលើប្រជាជននឹងបញ្ចប់ភ្លាមៗ។ បន្ថែមពីនេះ បើមានអាវុធប្រឆាំងយន្តហោះ កងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលលោកនឹងយកឈ្នះសង្រ្គាមក្នុងរយៈពេលប្រាំមួយខែ។
 
សូមបញ្ជាក់ថា បើទោះបណ្តាប្រទេសលោកខាងលិចបង្ហាញគាំទ្ររដ្ឋាភិបាលរួបរួមជាតិ ហើយដាក់ទណ្ឌកម្មលើមេដឹកនាំរបបយោធា និងក្រុមហ៊ុនយោធាមីយ៉ាន់ម៉ា ប្រទេសទាំងនេះមិនបានផ្តល់ជំនួយយោធាទេ។ លោកខាងលិចអះអាងថា អាស៊ានដែលគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក ជាប្លុកដ៏ល្អបំផុតដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com