អន្តរជាតិ
ចិនថា ទស្សនកិច្ចសមាជិកសភាអង់គ្លេសនៅតៃវ៉ាន់ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
02, Dec 2022 , 11:59 am        
រូបភាព
សមាជិកសភាអង់គ្លេស Alicia Kearns ចាប់ដៃរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ។ រូបថតក្រសួងការបរទេសតៃវ៉ាន់
សមាជិកសភាអង់គ្លេស Alicia Kearns ចាប់ដៃរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu ។ រូបថតក្រសួងការបរទេសតៃវ៉ាន់
ដោយ:
ចិន នៅថ្ងៃទី១ ខែធ្នូ ចោទសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអង់គ្លេសដែលកំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ជាការលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយព្រមទាំងព្រមានឆ្លើយតបយ៉ាងខ្លាំងក្លា បើទស្សនកិច្ចនេះប៉ះពាល់ដល់ផលប្រយោជន៍ចិន។

 
ជាផ្នែកមួយនៃគោលនយោបាយការបរទេសអង់គ្លេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសទៅដល់តៃវ៉ាន់នៅថ្ងៃទី២៩ ខែវិច្ឆិកា ហើយបានជួបជាមួយមន្រ្តីជាន់ខ្ពស់រួមមានរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Joseph Wu និងនាយករដ្ឋមន្រ្តីតៃវ៉ាន់ Su Tseng-chang។ ក្នុងទស្សនកិច្ចប្រាំថ្ងៃរបស់សមាជិកសភាជាន់ទាបអង់គ្លេសនេះក៏ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-Wen នៅថ្ងៃទី២ ខែធ្នូ ដែរ។ 
 
ស្របពេលទំនាក់ទំនងចិន-អង់គ្លេសមិនសូវជាគាប់ប្រសើរស្រាប់ ស្ថានទូតចិននៅអង់គ្លេសនៅថ្ងៃទី១ ខែធ្នូ ចេញសេចក្តីថ្លែងការណ៍តបហៅទស្សនកិច្ចនេះជាការបំពានដ៏ធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយរបស់អង់គ្លេស។
 
«​ភាគីចិនជំរុញឱ្យភាគីអង់គ្លេសគោរពតាមការប្តេជ្ញារបស់ខ្លួន បញ្ឈប់សកម្មភាពណាដែលបំពានគោលការណ៍ចិនតែមួយ ហើយឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន»។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំអង់គ្លេសបញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ ហើយព្រមានថា ចំណាត់ការរបស់ភាគីអង់គ្លេសដែលប៉ះពាល់ផលប្រយោជន៍ចិននឹងត្រូវទទួលការឆ្លើយតបវិញយ៉ាងខ្លាំងក្លាពីភាគីចិន។
 
បើតាមសេចក្តីថ្លែងការណ៍ដដែល ទស្សនកិច្ចនេះផ្តល់សញ្ញាខុសដល់អ្នកដែលចង់ឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ។ អង់គ្លេសមានទំនាក់ទំនងការទូតជាមួយចិន មិនមែនតៃវ៉ាន់ទេ។ ប៉ុន្តែចំណងការទូតអង់គ្លេសជាមួយចិនប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្លាក់ចុះដោយបញ្ហាសិទ្ធិមនុស្សនៅហុងកុង ស៊ីនជាំង និងការរឹតត្បិតរបស់អង់គ្លេសលើក្រុមហ៊ុនបច្ចេកវិទ្យាចិនជាដើម។
 
ប៉ុន្មានថ្ងៃមុន អង់គ្លេសក៏បានកោះហៅអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ទៅជជែកបន្ទាប់​ពីការចាប់ខ្លួនអ្នកកាសែត BBC ដែលយកព័ត៌មានពីបញ្ហាតវ៉ាប្រឆាំងគោលនយោបាយ​គ្មាន​ជំងឺ​កូវីដ-១៩ របស់រដ្ឋាភិបាលចិនផងដែរ។
 
កន្លងមក លោក Rishi Sunak ដែលទើបចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសនៅចុងខែតុលាលើកឡើងថា យុគសម័យមាសនៃទំនាក់ទំនងអង់គ្លេសនិងចិនត្រូវបញ្ចប់ហើយ ព្រោះបញ្ហាប្រឈមជាប្រព័ន្ធរបស់ទីក្រុងប៉េកាំងកំពុងកើនឡើងខ្លាំង ដែលជះឥទ្ធិពលដល់ផលប្រយោជន៍ និងតម្លៃរបស់អង់គ្លេស៕
 
 
 
 
 
 
 

Tag:
 ចិន
  តៃវ៉ាន់
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com