អន្តរជាតិ
អាម៉េរិក ជប៉ុន កូរ៉េខាងត្បូងដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងជុំវិញការបាញ់មីស៊ីលអន្តរទ្វីប
02, Dec 2022 , 3:46 pm        
រូបភាព
ដោយ:
អាម៉េរិក កូរ៉េខាងត្បូង និងជប៉ុននៅថ្ងៃទី១​ ខែធ្នូ ដាក់ទណ្ឌកម្មលើមន្រ្តីកូរ៉េខាងជើងដែលពាក់ព័ន្ធក្នុងកម្មវិធីអភិវឌ្ឍមីស៊ីល បន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់មីស៊ីលអន្តរទ្វីបដែលអាម៉េរិក និងសម្ព័ន្ធមិត្តបង្ហាញការព្រួយបារម្ភលើស្ថិរភាពនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់។

 
ក្រោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនអាចដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងជុំវិញការតេស្តមីស៊ីលអន្តរទ្វីបដោយសារចិន និងរុស្ស៊ីប្រើសិទ្ធិវ៉េតូ អាម៉េរិកក៏បែរទៅផ្តោតលើកិច្ចប្រឹងប្រែងត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូងវិញ។ កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែវិច្ឆិកាបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ធ្លាក់ក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ 
 
«ក្រសួងរតនាគារកំពុងចាត់វិធានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាត្រីភាគីជាមួយកូរ៉េខាងត្បូង និងជប៉ុនប្រឆាំងមន្រ្តីដែលដឹកនាំកម្មវិធីមីស៊ីលបាលីស្ទិក និងអាវុធប្រល័យលោកខុសច្បាប់របស់កូរ៉េខាងជើង»។ រដ្ឋលេខាធិការរតនាគារទទួលបន្ទុកភេរវកម្ម និងហិរញ្ញវត្ថុ លោក Brain Nelson បញ្ជាក់បែបនេះក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១ ខែធ្នូ។ 
 
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារអាម៉េរិក ក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើបុគ្គលឈ្មោះ Jon Il Ho, Yu Jin និង Kim Su Gil ដែលសុទ្ធតែត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្មកាលពីខែមេសា។ ទណ្ឌកម្មនេះសំដៅបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងនោះដែលមាននៅអាម៉េរិក និងហាមប្រាមការធ្វើជំនួញជាមួយទៀត។
 
សេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារអាម៉េរិកបញ្ជាក់ថា អំឡុងពេលលោក Jon Il Ho បម្រើការជាប្រធាន ហើយលោក Yu Jin ជាអនុប្រធាននៃក្រសួងឧស្សាហកម្មគ្រឿងអាវុធយុទ្ធភណ្ឌរបស់កូរ៉េខាងជើង មន្រ្តីពីរនាក់នេះដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអាវុធប្រល័យលោក។ រីឯ លោក Kim Su Gil ជាប្រធានការិយាល័យនយោបាយរបស់កងទ័ពប្រជាជនកូរ៉េនៅឆ្នាំ២០១៨-២០២១ ហើយពិនិត្យការអនុម័តការសម្រេចចិត្តណាមួយទាក់ទងនឹងកម្មវិធីអាវុធប្រល័យលោក។
 
ចំណែក ក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលប្រាំពីរនាក់ដែរដែលរួមមានជនជាតិតៃវ៉ាន់ម្នាក់ និងជនជាតិសិង្ហបុរីម្នាក់ ហើយអង្គភាពប្រាំបី។ បុគ្គល និងអង្គភាពទាំងនេះសុទ្ធតែស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អាម៉េរិករួចហើយកាលពីចន្លោះខែមករា ឆ្នាំ២០១៨ និងខែតុលា ឆ្នាំ២០២២។
 
ទន្ទឹមនេះ ជប៉ុនវិញបានដាក់ទណ្ឌកម្មបន្ថែមលើបុគ្គលម្នាក់ និងអង្គភាពចំនួនបីរួមមានក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតរបស់រដ្ឋាភិបាលកូរ៉េខាងជើងដែលសង្ស័យថាបានវាយប្រហារតាមបណ្តាញអ៊ីនធឺណិតកន្លងមក។
 
សូមបញ្ជាក់ថា នេះជាចំណាត់ការចុងក្រោយបំផុតរបស់អាម៉េរិក និងសម្ព័ន្ធមិត្តសំដៅដាក់សម្ពាធឱ្យកូរ៉េខាងជើងបញ្ឈប់កម្មវិធីអភិវឌ្ឍមីស៊ីលដែលបំពានដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាស​ន្តិសុខ។ បើទោះត្រូវបានដាក់ទណ្ឌកម្មហូរហែ ហើយមានការទទូចពីលោកខាងលិចឱ្យចូលតុចរចារំសាយអាវុធនុយក្លេអ៊ែរឡើងវិញ ក្រុងព្យុងយ៉ាងនៅឆ្នាំនេះនៅតែគឃ្លើនតេស្តមីស៊ីលច្រើនប្រភេទ និងជាច្រើនគ្រាប់មិនធ្លាប់មានពីមុន។ បន្ថែមពីនេះ អន្តរជាតិបារម្ភថា កូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ ដែលខកខានតាំងពីឆ្នាំ២០១៧៕
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អាម៉េរិក
  ជប៉ុន
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com