អន្តរជាតិ
សមាជិកសភាអង់គ្លេស ជជែកពីកិច្ចសហប្រតិបត្តិការការពារជាតិជាមួយប្រធានាធិបតីតៃវ៉ាន់
02, Dec 2022 , 4:59 pm        
រូបភាព
សមាជិកសភាពអង់គ្លេស Alicia Kearns ជួបមេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថតពីវេបសាយប្រធានាធិបតីតៃវ៉ាន់
សមាជិកសភាពអង់គ្លេស Alicia Kearns ជួបមេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថតពីវេបសាយប្រធានាធិបតីតៃវ៉ាន់
ដោយ:
សមាជិកសភាអង់គ្លេស នៅថ្ងៃទី២ ខែធ្នូជួបជាមួយប្រធានាធិបតីតៃវ៉ាន់ជជែកពីកិច្ចសហប្រតិបត្តិការការពារជាតិ។ អំឡុងជំនួបក្នុងទស្សនកិច្ចប្រាំថ្ងៃជាមួយមន្រ្តីជាន់ខ្ពស់តៃវ៉ាន់នានា ប្រតិភូអង់គ្លេសត្រូវបានស្ថានទូតចិនប្រចាំក្រុងឡុដ៍ចោទថាកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងចិន។

 
ក្រោយស្ថានទូតចិននៅអង់គ្លេសចេញសេចក្តីថ្លែងការណ៍ព្រមានពីទស្សនកិច្ច ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអង់គ្លេស លោកស្រី Alicia Kearns និងប្រតិភូជួបជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី២ ខែធ្នូ ដើម្បីបង្ហាញពីការគាំទ្ររបស់អង់គ្លេសចំពោះតៃវ៉ាន់។ 
 
ក្រោយជំនួប លោកស្រី Alicia Kearns ប្រាប់អ្នកកាសែតថា កិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ផ្តោតទៅលើវិធីរក្សាសន្តិភាព និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក និងតួនាទីរបស់អង់គ្លេសក្នុងនាមជាប្រទេសប្រកាន់ខ្ជាប់ប្រជាធិបតេយ្យ។
 
«យើងនិយាយអំពីការគំរាមតាមបណ្តាញអ៊ីនធឺណិតរួមគ្នាដែលយើងប្រឈមពីសត្រូវផ្សេងៗ យើងពិភាក្សាពីព័ត៌មានមិនពិត ហើយជាការពិតណាស់យើងពិភាក្សាអំពីជម្លោះយោធាចាស់»។ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេសរបស់សភាអង់គ្លេសលើកឡើងបែបនេះដោយបន្ថែមថា ភាគីទាំងពីរក៏ជជែកអំពីសារសំខាន់នៃការទូតប្រឆាំងការគំរាមពីប្រទេសណាមួយ ក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិ។ 
 
រីឯ លោកស្រី Tsai បានអរគុណដល់ការគាំទ្ររបស់អង់គ្លេស ហើយអំពាវនាវឱ្យការពារសន្តិភាព​ និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
 
«យើងជឿថា ប្រទសប្រជាធិបតេយ្យត្រូវតែរួបរួមគ្នាឱ្យកាន់តែខ្លាំងជាមុនដើម្បីប្រឈមនឹងការកើនឡើងនៃរបបផ្តាច់ការ»។ ទីភ្នាក់ងារព័ត៌មាន Reuters ស្រង់សម្តីរបស់ប្រធានាធិបតីតៃវ៉ាន់បែបនេះ។ បើតាមលោកស្រី Tsai ដូច្នេះហើយទើបការកសាងទំនាក់ទនងតៃវ៉ាន់-អង់គ្លេសពិតជាសំខាន់ខ្លាំងណាស់។
 
ដូចប្រទេសភាគច្រើនដែរ អង់គ្លេសមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ តែបានងើបឈរគាំទ្រតៃវ៉ាន់ប្រឆាំងនឹងការគំរាមខាងយោធាពីចិន​ ហើយព្រមទាំងបានជួយតៃវ៉ាន់អភិវឌ្ឍនាវាមុជទឹកក្នុងស្រុកផង៕
 
 
 
 

Tag:
 អង់គ្លេស
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com