អន្តរជាតិ
វៀតណាម រៀបចំពិព័រណ៍សព្វាវុធលើកដំបូង ស្របពេលរកដៃគូផ្គត់ផ្គង់អាវុធបន្ថែម
08, Dec 2022 , 8:29 pm        
រូបភាព
វៀតណាម នៅថ្ងៃទី៨ ខែធ្នូ បានបើកការតាំងពិព័រណ៌គ្រឿងសព្វាវុធអន្តរជាតិទ្រង់ទ្រាយធំមួយជាលើកដំបូងរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងព្យាយាមធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់អាវុធរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។



វៀតណាម ចាប់ផ្តើមបើកការតាំងពិព័រណ៍សព្វាវុធអន្តរជាតិជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី៨ ខែធ្នូ នៅឯអាកាសយានដ្ឋានយោធា Gia Lam ក្នុងទីក្រុងហាណូយ។ កម្មវិធីពិព័រណ៍នេះធ្វើឡើងស្របពេលវៀតណាមកំពុងចង់ធ្វើពិពិធកម្មអ្នកផ្គត់ផ្គង់អាវុធ ព្រោះលែងចង់ពឹងផ្អែកខ្លាំងទៅលើរុស្ស៊ីតែមួយដែលបច្ចុប្បន្នកំពុងរងការរិះគន់ និងថ្កោលទោសពីពិភពលោកក្រោយឈ្លានពានអ៊ុយក្រែន។ 
 
«គោលបំណងនៃពិព័រណ៍នេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតលើវិស័យការពារជាតិ ក៏ដូចជាកសាងទំនុកចិត្តរវាងវៀតណាម និងប្រទេសដទៃទៀត»។ ឧត្តមសេនីយ៍ទោ Nguyen Viet Hung ស្នងការរងនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិវៀតណាម ប្រាប់អ្នកសារព័ត៌មានបែបនេះកាលពីចុងខែវិច្ឆិកា។ លោក Nguyen Viet Hung ​ក៏​បាន​ចង្អុល​បង្ហាញ​ពី​ចេតនា​របស់រដ្ឋាភិបាលទីក្រុងហាណូយ​ដែលចង់កាត់​បន្ថយ​ការ​ពឹង​ផ្អែកការផ្គត់ផ្គង់​​អាវុធពី​រុស្ស៊ី។ 
 
កន្លងមក វៀតណាមបានពឹងផ្អែកលើការនាំចូលសព្វាវុធពីរុស្ស៊ីប្រមាណ៧០ភាគរយ ហើយឧបករណ៍ធំៗភាគច្រើនក៏ផលិតដោយរុស្ស៊ីដែរ។ ប្រទេសទាំងពីរបានរក្សាទំនាក់ទំនងក្នុងវិស័យការពារជាតិយ៉ាងជិតស្និទ្ធចាប់តាំងពីសម័យសហភាពសូវៀត និងសង្រ្គាមត្រជាក់ ពេលដែលក្រុងមូស្គូជួយវៀតណាមខាងជើងក្នុងអំឡុងសង្គ្រាមវៀតណាម។
 
ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បង្ហាញថា ការពឹងផ្អែកការនាំចូលអាវុធរបស់ទីក្រុងហាណូយពីទីក្រុងមូស្គូបានចាប់ផ្តើមផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អាម៉េរិក និងកូរ៉េខាងត្បូងបានលេចមុខជាអ្នកផ្គត់ផ្គង់អាវុធឱ្យវៀតណាមជាលើកដំបូងក្នុងឆ្នាំ២០១៧ មួយឆ្នាំបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានលុបចោលការហាមឃាត់ការលក់អាវុធទៅទីក្រុងហាណូយ។ អត្រានាំចូលអាវុធពីរុស្ស៊ីបានធ្លាក់ចុះមកនៅខាងក្រោម៦០ភាគរយក្នុងឆ្នាំ២០២១។
 
ម៉្យាងវិញទៀត វៀតណាមមិនចង់នាំចូលអាវុធពីរុស្ស៊ីបន្តទៀតព្រោះមិនចង់មានសម្ភារយោធាដូចគ្នានឹងចិនពិសេសទាក់ទងគ្រឿងអេឡិចត្រូនិច រូបភាព និងប្រព័ន្ធអ៊ីនធឺណិត ដែលពឹងផ្អែកខ្លាំងលើការនាំចូលពីរុស្ស៊ីដែរ។ នេះដោយសារវៀតណាមកំពុងមានជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូងជាមួយចិន ទោះបីកន្លងមកវៀតណាមខិតខំរក្សាទំនាក់ទំនងល្អជាមួយចិនក៏ដោយ។
 
គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍នេះរៀបចំដោយក្រសួងការពារជាតិវៀតណាម ដោយមានអ្នកដាក់តាំងពិព័រណ៍ប្រហែល១៧០ មកពី៣០ប្រទេសផ្សេងគ្នារួមទាំងអាម៉េរិក រុស្ស៊ី ឥណ្ឌា ជប៉ុន និងបណ្ដាប្រទេសអឺរ៉ុប ហើយនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ។ ព្រឹត្តិការណ៍នេះដំបូងឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ប៉ុន្តែត្រូវពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋាភិបាលវៀតណាម​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​នេះ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង។
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com