អន្តរជាតិ
ប្រមុខសិទ្ធិមនុស្ស UN ថ្មី សន្យាបន្តធ្វើការលើក្ដីកង្វល់ជុំវិញការបំពានសិទ្ធិជនភាគតិចនៅស៊ីនជាំង
10, Dec 2022 , 10:59 am        
រូបភាព
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោក Volker Turk លើកឡើងនៅថ្ងៃទី៩ ខែ ធ្នូ ថា លោកចង់ធ្វើការជាមួយក្រុងប៉េកាំងពាក់ព័ន្ធរបាយការណ៍របស់អតីតប្រធានសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet ជុំវិញស្ថានការណ៍នៅស៊ីនជាំង។ ក្នុរបាយការណ៍នោះ លោកស្រី Bachelet អះអាងថា អ្វីដែលកើតឡើងលើជនភាគតិចមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ។

 
ថ្លែងក្នុងសន្និសីទកាសែតលើកដំបូងពីទីក្រុងហ្សឺណែវក្រោយឡើងកាន់តំណែងលោក Volker Turk និយាយថា របាយការណ៍របស់លោកស្រី Michelle Bachelet ពិតជាមានសារ សំខាន់​ក្នុង​ការ​បង្ហាញ​ពី​កង្វល់សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
 
«ខ្ញុំនឹងបន្តចូលរួមដោយផ្ទាល់ជាមួយអាជ្ញាធរចិន។ ខ្ញុំ​ប្ដេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ដូច្នេះ»។ លោក Turk លើកឡើងបែបនេះ រួចបង្ហាញសង្ឃឹមថា នឹងមានការផ្លាស់ប្តូរវិជ្ជមាន។ 
 
កន្លងមក ចិនបានបដិសេធរាល់ការចោទទាក់ទងនឹងការបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ហើយ បានប្រកាសបិទទ្វារសម្រាប់កិច្ចសហប្រតិបត្តិការជាមួយការិយាល័យសិទ្ធិមនុស្ស UN បន្ទាប់ពីរ​បាយការណ៍ខាងលើត្រូវបានចេញផ្សាយ។ ទីក្រុងប៉េកាំងចាត់ទុករបាយការណ៍របស់លោកស្រី Bachelet ជាការបំភាន់ប៉ុណ្ណោះ។
 
សូមបញ្ជាក់ថា លោក Turk គឺជាអតីតអគ្គលេខាធិការរងសម្រាប់​គោលនយោបាយ​ក្រោម​ការ​ដឹក​នាំ​របស់លោកអគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស មុនត្រូវបានតែងតាំងជាឧត្តមស្នងការសិទ្ធិមនុស្ស UN បន្តពីលោកស្រី Bachelet ។ លោកបានធ្វើដំណើរទៅកាន់ស៊ូដង់ និងអ៊ុយក្រែន​ដែល​ជា​កន្លែង​ដែល​លោកបានចេញផ្សាយរបាយការណ៍ស្តីពីការសម្លាប់ជនស៊ីវិលរាប់រយនាក់ដោយកង​កម្លាំង​រុស្ស៊ីក្នុងថ្ងៃដំបូងនៃការលុកលុយរបស់ទីក្រុងម៉ូស្កូ៕
 

Tag:
 UN
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com