អន្តរជាតិ
ថៃអាចក្លាយជាប្រទេសនាំចេញអង្ករលំដាប់ទីពីរលើពិភពលោក ដោយនាំមុខវៀតណាម
10, Dec 2022 , 11:59 am        
រូបភាព
ថៃ អាចក្លាយជាប្រទេសនាំចេញអង្ករលំដាប់ទីពីរនៅលើពិភពលោក ខណៈឥណ្ឌាឈរនៅលំដាប់ទីមួយ និងវៀតណាមឈរនៅលំដាប់ទីបី។ នេះបើតាមទិន្នន័យរបស់សមាគមនាំចេញអង្ករថៃ នៅថ្ងៃទី៨ ខែធ្នូ។


 
ឥណ្ឌាជាប្រទេសនាំចេញអង្ករច្រើនជាងគេបំផុតរបស់ពិភពលោក ដោយមានទំហំ១៧,០៦តោន នៅក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២ ខណៈថៃមានទំហំ ៦,០២តោន និងវៀតណាមមានចំនួន ៦,០១តោន។ 
 
តាមសមាគមនាំចេញអង្ករថៃ(TREA) ថៃអាចនឹងក្លាយជាប្រទេសនាំចេញអង្ករលំដាប់ទីពីរលើពិភពលោក ក្រោយខ្លួនបាននាំចេញអង្ករលើសវៀតណាម នៅត្រឹមរយៈពេល ១០ខែ។ នៅឆ្នាំ២០២១ វៀតណាមឈរនៅលំដាប់ទីពីរ ក្នុងការនាំចេញអង្ករ។ 
 
តាមពីក្រោយឥណ្ឌា ថៃ និងវៀតណាម ប៉ាគីស្ថាន ឈរនៅលំដាប់ទីបួន ដែលនាំចេញអង្ករចំនួន ៣,៤លានតោន និងអាម៉េរិកនៅលំដាប់ទី៥ ដោយមានទំហំ ១,៩លានតោន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ 
 
សមាគមនាំចេញអង្ករថៃ បានបញ្ជាក់ថា នៅក្នុងខែតុលាកន្លងទៅ ថៃបាននាំចេញអង្ករចំនួន ៧៩ម៉ឺនតោន ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៤០០លានដុល្លារ ដោយកើនឡើងចំនួន ២៤,៧ ភាគរយ បើធៀបនឹងខែកញ្ញា។ នៅក្នុងខែវិច្ឆិកា ថៃអាចនាំចេញដល់ ៨០ម៉ឺនតោន។ សមាគមនាំចេញអង្ករថៃ រំពឹងថា ថៃអាចនាំចេញអង្ករបាន ៧,៥លានតោន នៅក្នុងឆ្នាំ២០២២​ ខណៈឆ្នាំ២០២១កន្លងទៅ ប្រទេសមួយនេះ បាននាំចេញអង្ករចំនួន ៦,១២លានតោន។ 
 
សូមបញ្ជាក់ថា ទីផ្សារអង្កររបស់ថៃមានដូចជា អ៊ីរ៉ាក់ អាហ្វ្រិកខាងត្បូង អាម៉េរិក ចិន ជប៉ុន សេណេហ្កាល់ និងអង់ហ្គោឡាជាដើម៕ 
 

Tag:
 ថៃ
  វៀតណាម
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com