អន្តរជាតិ
ក្នុងជំនួបកំពូលដំបូង ចិននិងរដ្ឋអារ៉ាប់ចេញផែនការ៥ឆ្នាំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី
10, Dec 2022 , 2:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភិង (កណ្ដាល) ឈរថតរូបជាមួយមេដឹកនាំប្រទេសសមាជិកក្រុមប្រឹក្សារដ្ឋឈូងសមុទ្រ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភិង (កណ្ដាល) ឈរថតរូបជាមួយមេដឹកនាំប្រទេសសមាជិកក្រុមប្រឹក្សារដ្ឋឈូងសមុទ្រ។ រូបថត Xinhua
ដោយ:
ប្រធានាធិបតីចិន ស៊ី ជិនភីង និងមេដឹកនាំមកពីរដ្ឋអារ៉ាប់ចំនួនប្រាំមួយនៅថ្ងៃទី៩ ខែធ្នូ អនុម័តផែនការរួមប្រាំឆ្នាំដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យនានា ហើយក៏បានព្រមព្រៀងកសាងសហគមន៍ចិន-អារ៉ាប់ជាមួយអនាគតរួមក្នុងយុគសម័យថ្មីដែរ។

 
នៅថ្ងៃចុងក្រោយនៃទស្សនកិច្ចបីថ្ងៃនៅអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី៩ ខែធ្នូចូលរួមកិច្ចប្រជុំកំពូលចិន និងក្រុមប្រឹក្សាសហប្រតិបត្តិការបណ្តាប្រទេសឈូងសមុទ្រពែក្ស (GCC) ជាលើកដំបូងនាទីក្រុងរីយ៉ាដ។ 
 
អំឡុងជំនួបជាមួយមេដឹកនាំមកពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូម៉ង់ កាតា និងកូវ៉ែត លោក ស៊ី លើកឡើងថា ទំនាក់ទំនងរវាងចិន និងបណ្តាប្រទេស​ GCC មានតាំងពីជិត២ពាន់ឆ្នាំមុន ហើយបន្ថែមថា មិត្តភាពនេះបានបណ្តុះស្មារតីនៃសាមគ្គីភាព​ និងការគាំទ្រគ្នាទៅវិញទៅមក, សមភាព និងផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាបរិយាបន្ន និងការរៀនសូត្រពីគ្នាទៅវិញទៅមក។ 
 
ទន្ទឹមនឹងគាំទ្ររដ្ឋអារ៉ាប់ការពារអធិបតេយ្យភាព បូរណាភាពទឹកដី និងតម្លៃជាតិ ប្រធានាធិបតីចិនក៏អំពាវនាវឱ្យបណ្តារដ្ឋអារ៉ាប់ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន ក៏ដូចជាលើកកម្ពស់សហគមន៍ចិន-អារ៉ាប់ក្នុងអនាគតរួមគ្នា ស្របពេលស្ថានភាពពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងភាពចលាចល និងការផ្លាស់ប្តូរថ្មី។ 
 
នៅចុងបញ្ចប់កិច្ចប្រជុំ បណ្តាមេដឹកនាំខាងលើក៏បានអនុម័តផែនការសកម្មភាពនៃភាពជាដៃគូកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងចិន និងក្រុមប្រឹក្សាសហប្រតិបត្តិការបណ្តាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស(GCC)ឆ្នាំ២០២៣-២០២៧ ដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសក្នុងយុគសម័យថ្មី។
 
បើទូរទស្សន៍ចិន CGTN លោក ស៊ី ក៏បានដាក់ស្នើឱ្យមានកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមធំៗចំនួន៨ក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ដែលរួមមានថាមពល ហិរញ្ញវត្ថុ ការវិនិយោគ នវានុវត្តន៍ បច្ចេកវិទ្យាថ្មីៗ ក៏ដូចជាអវកាស ភាសា និងវប្បធម៌។ តាមសំណើនោះចិននឹងបោះទុនជាទឹកប្រាក់ជាង៧រយលានដុល្លារលើគម្រោងនោះ ក៏ដូចជាប្តេជ្ញាមិនយកពន្ធលើទំនិញនាំចូលពីប្រទេសអារ៉ាប់ជាដើម។
 
ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើបញ្ហាផ្សេងៗដែរដូចជាការថ្កោលទោសលើភេរវកម្ម គាំទ្រការរំសាយអាវុធនុយក្លេអ៊ែរ លើកកម្ពស់សុវត្ថិភាព និងស្ថិរភាពនៅអាហ្វហ្កានីស្ថាន គាំទ្ររាល់កិច្ចប្រឹងប្រែងអន្តរជាតិទាំងអស់ដែលជួយសម្រាលភាពតានតឹង និងដោះស្រាយវិបត្តិនៅអ៊ុយក្រែនតាមរយៈវិធីសាស្រ្តនយោបាយ៕
 
 

Tag:
 ចិន
  អារ៉ាប់
© រក្សាសិទ្ធិដោយ thmeythmey.com