អន្តរជាតិ
ប្រមុខ UN ទទូចឱ្យប្រទេសទាំងអស់ទប់ស្កាត់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
10, Dec 2022 , 3:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថតដោយ ទូច សុវណ្ណឌី
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថតដោយ ទូច សុវណ្ណឌី
ដោយ:
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក អាន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី៩ ខែធ្នូ អំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ចាត់វិធានការឱ្យម៉ឺងម៉ាត់ ក៏ដូចជាបន្តកិច្ចប្រឹងប្រែងទ្វេដងដើម្បីការពារមនុស្សជាតិពីការរងទុក្ខដោយសារអំពើប្រល័យពូជសាសន៍ទាំងនាពេលបច្ចុប្បន្ន និងអនាគត។ លោកក៏បានព្រមានដែរថា សញ្ញាដំបូងដែលនាំឱ្យមានអំពើប្រល័យពូជសាសន៍ដូចជាការរើសអើង និងការនិយាយមាក់ងាយកំពុងកើនឡើងគ្រប់ទីកន្លែង។

 
ក្នុងសារសម្រាប់ទិវាអន្តរជាតិនៃការរំឭក និងគោរពដល់ជនរងគ្រោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការទប់ស្កាត់ឧក្រិដ្ឋកម្មនេះ លោក អាន់តូនីញូ ហ្គូតេរ៉េស សរសេរថា ថ្ងៃនេះជាថ្ងៃដែលត្រូវចងចាំ និងគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ទូទាំងពិភពលោក។ 
 
ប្រមុខ UN រូបនេះបន្តថា វាក៏ជាថ្ងៃដែលត្រូវពិនិត្យមើលបរាជ័យកន្លងមកឡើងវិញ ហើយបង្កើនកិច្ចប្រឹងប្រែងទ្វេដងដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅពេលបច្ចុប្បន្ន និងអនាគត ស្របពេលការរើសអើង និងការនិយាយមាក់ងាយដែលជាសញ្ញាព្រមានដំបូងនៃអំពើប្រល័យពូជសាសន៍កើនឡើងគ្រប់ទីកន្លែង។ 
 
ក្នុងសារដដែល លោក ហ្គូតេរ៉េស ក៏ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចាត់វិធានការបន្ថែមប្រឆាំងនឹងនិន្នាការដ៏គ្រោះថ្នាក់ទាំងនេះ ខណៈអនុសញ្ញាស្តីពីការទប់ស្កាត់ និងដាក់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ត្រូវបានអនុម័តជាង៧០ឆ្នាំមកហើយ។ 
 
«ខ្ញុំអំពាវនាវរដ្ឋសមាជិកទាំងអស់ចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដើម្បីការពារសហគមន៍ដែលស្ថិតក្នុងគ្រោះថ្នាក់រួមមានជនភាគតិច ហើយដោះស្រាយការរើសអើង និងការបៀតបៀន។ រដ្ឋមានកាតព្វកិច្ចចម្បងក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ប៉ុន្តែមេដឹកនាំសហគមន៍ និងសាសនា សង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយដើរតួយ៉ាងសំខាន់»។ លោក ហ្គូតេរ៉េស លើកឡើងបែបនេះនៅថ្ងៃទី៩ ខែធ្នូ ដោយសង្កត់ធ្ងន់ឱ្យគ្រប់ភាគីពាក់ព័ន្ធប្រើមធ្យោបាយដែលមានទប់ស្កាត់ និងបញ្ចប់ឧក្រិដ្ឋកម្មនេះ។ 
 
លោក ហ្គូតេរ៉េស ក៏បានរំឭកឡើងវិញពីទស្សនកិច្ចរបស់លោកកាលពីខែមុននៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដែរ។ អំឡុងទស្សនកិច្ចនោះ លោកបានជួបជាមួយអ្នកដែលរួចជីវិតពីរបបខ្មែរក្រហមដែលរងការធ្វើបាបយ៉ាងវេទនាដោយសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងអំពើដ៏ឃោរឃៅអំឡុងរបបនោះ៕ 
 
 
 

Tag:
 UN
  អំពើប្រល័យពូជសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com