អន្តរជាតិ
អ្នកគាំទ្របក្សប្រឆាំងរាប់ម៉ឺននាក់ ធ្វើបាតុកម្មទាមទារនាយករដ្ឋមន្រ្តីបង់ក្លាដែសចេញពីតំណែង
10, Dec 2022 , 5:59 pm        
រូបភាព
ដោយ:
អ្នកគាំទ្របក្សប្រឆាំងបង់ក្លាដែសរាប់ម៉ឺននាក់នៅថ្ងៃទី១០ ខែធ្នូ ចេញទៅធ្វើបាតុកម្មនៅទីក្រុងដាក្កាទាមទារឱ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្នលាលែងពីតំណែង រំលាយសភា ហើយរៀបចំការបោះឆ្នោតថ្មី។

 
«លោកស្រី Sheikh Hasina ជាចោរលួចសន្លឹកឆ្នោត!» នេះជាសម្រែករបស់អ្នកគាំទ្របក្សប្រឆាំង ដែលស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP។ 
 
ភាពតានតឹងនៅរដ្ឋធានីដាក្កាកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីមនុស្សយ៉ាងតិចម្នាក់ស្លាប់ និងជាច្រើនរងរបួសក្នុងហេតុការណ៍សម្រុកចូលស្នាក់ការរបស់បក្សប្រឆាំងជាតិនិយមបង់ក្លាដែសរបស់កងកម្លាំងសន្តិសុខនៅថ្ងៃទី៦ ខែធ្នូ។ មេដឹកនាំកំពូលពីរនាក់របស់បក្សប្រឆាំងក៏ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែធ្នូ ដែរក្រោមបទចោទញុះញង់ឱ្យមានអំពើហិង្សា។ 
 
បើទោះអ្នកគាំទ្របក្សប្រឆាំង ក៏ដូចជាសកម្មជនប្រហែលពីរពាន់នាក់ត្រូវបានចាប់ខ្លួនតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីបញ្ចៀសការប្រមូលផ្តុំតវ៉ា មន្រ្តីមកពីបក្សប្រឆាំងអះអាងថា មនុស្សប្រហែល ២០ ម៉ឺននាក់បានចូលរួមធ្វើបាតុកម្មនៅទីលានកីឡា Golapbagh នៅព្រឹកនេះ។ 
 
«ការទាមទារដ៏សំខាន់បំផុតរបស់យើងគឺលោកស្រី Sheikh Hasina ចុះចេញពីតំណែង ហើយសភាត្រូវរំលាយ និងអនុញ្ញាតឱ្យរដ្ឋាភិបាលចាំផ្ទះប្រកបដោយអព្យាក្រឹតមួយលូកដៃដើម្បីរៀបចំការបោះឆ្នោតដោយយុត្តិធម៌ និងសេរី»។ អ្នកនាំពាក្យបក្សប្រឆាំងបង់ក្លាដែស លោក Zahiruddin Swapan បញ្ជាក់បែបនេះនៅថ្ងៃទី១០ ខែធ្នូ។
 
យ៉ាងណាមិញ កន្លងមក នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បដិសេធលាលែងតំណែងនេះយ៉ាងដាច់អហង្ការ។ រីឯ អ្នកនាំពាក្យប៉ូលិសក្រុងដាក្កា លោក Faruq Ahmed អះអាងថា ទីលានកីឡានោះដាក់មនុស្សមិនបានលើសពី៣ម៉ឺននាក់ទេ ហើយមកទល់ពេលនេះមិនមានអំពើហិង្សាអ្វីទេ ខណៈអង្គភាពប្រឆាំងភេរវកម្ម និងក្រុមប៉ូលិសកំពុងប្រុងជើងការ និងដាក់ប៉ុស្តិ៍ត្រួតពិនិត្យផ្លូវចូលទៅទីក្រុងយ៉ាងតឹងរ៉ឹង។
 
ជុំវិញបញ្ហានេះ រដ្ឋាភិបាលលោកខាងលិចជាមួយអង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីស្ថានភាពនយោបាយនៅបង់ក្លាដែសដែលជាប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតមួយនៅតំបន់អាស៊ី។ ពីដើមមក រដ្ឋអាស៊ីមួយនេះមានទំនោរទៅរកអាម៉េរិក តែប៉ុន្មានឆ្នាំនេះ លោកស្រី Hasina បែរទៅរកចំណងទំនាក់ទំនងជាមួយចិនវិញ ក្រោយក្រុងប៉េកាំងវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅបង់ក្លាដែសក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ៕
 
 
 

Tag:
 បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com