ជាតិ
សេដ្ឋកិច្ច
រដ្ឋបញ្ចេញថវិកា ២០០លានដុល្លារ ធ្វើស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ទៅ ល្វាឯម
13, Dec 2022 , 11:49 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងដំណើរទៅកាន់តំបន់អឺរ៉ុបជួបពលរដ្ឋខ្មែរ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក
សម្តេច ហ៊ុន សែន ក្នុងដំណើរទៅកាន់តំបន់អឺរ៉ុបជួបពលរដ្ឋខ្មែរ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក
ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន សម្រេចបញ្ចេញថវិកាចំនួន២០០លានដុល្លារ ដើម្បីធ្វើស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាល។  បើតាមសម្តេច ​ស្ពាននេះធ្វើឡើងក្នុងគោលដៅសម្រួលការធ្វើដំណើររបស់ពលរដ្ឋ ជាពិសេសគឺសម្រួលដល់ការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៣។​

 
រដ្ឋ នឹងធ្វើស្ពានឆ្លងកាត់ទន្លេចំនួន២ទៀត នៅរាជធានីភ្នំពេញ ដោយក្នុងនោះ មានស្ពានឆ្លងកាត់ទន្លេ​សាប​ ដែលភ្ជាប់ពីសួនច្បារផ្សារចាស់នៃខណ្ឌដូនពេញ ទៅកាន់តំបន់អរិយក្សត្រ​ ក្រោមកម្ចី២៥០លានដុល្លារអាម៉េរិករបស់សាធារណរដ្ឋកូរ៉េ​ និងស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់ស្រុកល្វាឯម ក្រោមកញ្ចប់ថវិកាជាតិ២០០លានដុល្លារ។ 

សម្តេច ហ៊ុន សែន ​បានបញ្ជាក់ថា​ ការសម្រេចធ្វើស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់ស្រុកល្វាឯម ដោយប្រើថវិការដ្ឋនេះ គឺដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង ដែលជាប់នឹងព្រំដែនប្រទេសវៀតណាម។​ 
 
«ពីមុនគេចង់ថាពលរដ្ឋដែលឆ្លងកាត់ស្ពាននេះ ត្រូវបង់លុយ តែខ្ញុំមិនយល់ព្រមទេ ព្រោះប្រជាពលរដ្ឋឆ្លងច្រើនដង។ អ្នកខ្លះឆ្លង[ស្ពាន]ព្រឹកល្ងាច! ខ្លះឆ្លងមួយថ្ងៃ៥ដង!។ អ៊ីចឹងហើយ! បានខ្ញុំចង្អុលបង្ហាញឱ្យបញ្ចេញលុយ២០០លានដុល្លារធ្វើស្ពានហ្នឹងតែម្តង។ «[ពលរដ្ឋធ្វើដំណើរតាម]ផ្លូវល្បឿនលឿនចាំបង់លុយ​ តែរឿងឆ្លងស្ពាន គឺអត់បង់លុយទេ»។​សម្តេច ហ៊ុន សែន បាន​ថ្លែងបែបនេះ ចេញពីទីក្រុងព្រុចសែសនៃប្រទេសប៊ែលហ្សិក ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជា២០០០នាក់ នាយប់ថ្ងៃទី១២ធ្នូ។ 
 
បើតាមសម្តេចនាយករដ្ឋមន្ត្រី បច្ចុប្បន្នស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់ស្រុកល្វាឯម ខេត្តកណ្តាលនេះ ត្រូវបានសិក្សាគម្រោងរួចរាល់អស់ហើយដែលមានគន្លងសម្រាប់អ្នកដំណើរទៅពីរជួរ និង មកពីរជួរ។  សម្តេច ហ៊ុន សែន បន្តមានប្រសាសន៍យ៉ាងខ្លីដូច្នេះ៖ « កា​រសាងសង់ស្ពានទាំងនេះ គឺសុទ្ធតែជាគម្រោងជំរុញកំណើនសេដ្ឋកិច្ច។ មានទឹក មានផ្លូវ មានភ្លើង មានធនធានមនុស្ស ទើបយើងអភិវឌ្ឍប្រទេសជាតិបាន»។ 
 
សូមជម្រាបថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត នឹងចាប់ផ្តើមអនុវត្តនៅអំឡុងដើមឆ្នាំ២០២៣ ហើយនឹងបញ្ចាប់នៅឆ្នាំ២០២៧។ ផ្លូវប្រវែង​១៣៨គីឡូម៉ែត្រនេះ នឹងសាងសង់ដោយក្រុមហ៊ុនចិន​សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)  ក្នុងទំហំថវិកា១ ៦៣៨លានដុល្លារ។
 
កន្លងមក​ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បញ្ជាក់ថា ផ្លូវល្បឿនលឿននេះ គឺមានសារសំខាន់ណាស់ក្នុងការទំនាក់ទំនងទំនិញ និងអ្នកធ្វើដំណើរឆ្លងកាត់។ ផ្លូវមួយខ្សែនេះនឹងភ្ជាប់គ្នាតាំងពីប្រទេសចិន ភូមា ថៃ កម្ពុជា និងវៀតណាម តាមរយៈផ្លូវអាស៊ានលេខ១ ដែលពង្រីក២ទៅ៤គន្លងពីប៉ោយប៉ែតមកភ្នំពេញ ហើយពីភ្នំពេញទៅបាវិត។ 
 
បើតាមលោក ស៊ុន ចាន់ថុល ពេលសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតរួច ក្រសួង នឹងបែងចែកជា ២ច្រក គឺទីមួយជាច្រក សម្រាប់អ្នកដំណើរទេសចរណ៍ និងមួយទៀតសម្រាប់ការដឹកជញ្ជូនទំនិញ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍៕ 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com