ជាតិ
សេដ្ឋកិច្ច
ADB ​បន្តផ្តល់ថវិកាជិត ៦៣លានដុល្លារ​ដល់កម្ពុជា ដើម្បី​ជួយខ្សែច្រវាក់តម្លៃអនុវិស័យបសុសត្វ
13, Dec 2022 , 7:59 pm        
រូបភាព
កន្លែងចិញ្ចឹមមាន់មួយកន្លែងរបស់កសិកម្មកម្ពុជា ។ រូបថត៖ ADB
កន្លែងចិញ្ចឹមមាន់មួយកន្លែងរបស់កសិកម្មកម្ពុជា ។ រូបថត៖ ADB
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)​​បានអនុ​ម័តកញ្ចប់ថវិកាចំនួន៦២,៩ លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញ​កំណើន​សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ កញ្ចប់ថវិកានេះ នឹងគាំទ្រជាពិសេសដល់ខ្សែច្រវាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្ម​ផ្លូវការ និងផលិតផល បសុសត្វនៅកម្ពុជា។

 
អនុវិស័យបសុសត្វ មានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅ​តាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងនៅកម្ពុជា។ អនុវិស័យនេះ​ គឺផ្តល់ឱកាស​ជា​ច្រើនសម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។ នេះជាការលើកឡើងរបស់លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍។​
 
លោក Srinivasan Ancha បានបញ្ជាក់ថា ជំនួយថវិកា៦២,៩លានដុល្លារ ដែលADB សម្រេចផ្តល់ឱ្យកម្ពុជា ​នៅថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៣ វានឹងអនុញ្ញាតឱ្យអនុវិស័យនេះ អាចទាញយកសក្តានុពលនៃកំណើនខ្ពស់​ ដែលនាំឱ្យកើនឡើងនៃការប្រើប្រាស់សាច់​ក្នុងស្រុក ​តាមរយៈកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជន និងឱកាសពាណិជ្ជកម្ម ជាពិសេសការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ។
 

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ជំនួយដែលកម្ពុជាទទួលបាននេះ គឺស្ថិតនៅក្នុងគម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS)។ ការអនុវត្តគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋយ៉ាងហោចណាស់៤ម៉ឺនគ្រួសារ ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប និងតាកែវ តាមរយៈការជំរុញការ​វិនិយោគ​លើហេដ្ឋា​រចនា​សម្ព័ន្ធ សមត្ថភាពស្ថាប័ននិងបច្ចេកទេស និងគោលនយោបាយគាំទ្រសំខាន់ៗ។
 
ADB បានបញ្ជាក់ថា​៖ «កញ្ចាប់ថវិកានេះ ក៏នឹងអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​នៅក្នុងខេត្តកណ្តាល កំពង់ធំ និងពោធិសាត់ ដើម្បីបំពេញតម្រូវការទូទាំងប្រទេសសម្រាប់​វ៉ាក់សាំងបសុសត្វ និងការបង្កាត់ពូជសិប្បនិម្មិត។ គម្រោងនេះនឹងលើកកម្ពស់ផលិតភាព និងភាពធន់នៃ​អនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពសាំនឹង​ថ្នាំ​សម្លាប់​មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូប​អាហារ និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងមហាអនុតំបន់មេគង្គ»។
 
ជំនួយរបស់ADB ដែលកម្ពុជាទទួលបាននេះ នឹងលើកកម្ពស់ផលិតកម្មបសុសត្វបត់បែន តាមអាកាសធាតុ ដែលជាវិធីសាស្រ្ត​ធ្វើអន្តរកម្ម និងតម្រង់ទិសប្រព័ន្ធបសុសត្វឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងកាត់បន្ថយការ​បំភាយ​ឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកដល់ការប្រឹងប្រែងស្តាឡើងវិញពីកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ADB ។
 
ADB បានបន្ថែមថា​ ជំនួយនេះក៏នឹង​គាំទ្រ​ដល់ការអនុវត្តវិធីសាស្រ្ត One Health ដែលមានបំណងធ្វើឱ្យមានតុល្យភាពប្រកបដោយនិរន្តរភាព និងធ្វើឱ្យសុខភាពរបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើង ពង្រឹងការចូលរួម​របស់​វិស័យ​ឯកជន និងជួយធ្វើអន្តរកម្មការគ្រប់គ្រងបសុសត្វឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងឌីជីថល និងសេវាកម្ម​ព័ត៌មាន។
 
បើតាមADB កញ្ចប់ថវិកាសរុប៦២,៣លានដុល្លារដែលកម្ពុជានឹងទទួលបានសម្រាប់អនុវត្តគម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS)នេះ គឺមាន៥០លានដុល្លា រជាកម្ចីពីធនធានសម្បទានរបស់​ADB, ថវិកា១២លានដុល្លារ​គឺជាជំនួយមូលនិធិអភិវឌ្ឍន៍អាស៊ី(ADF) និង៩០ម៉ឺនដុល្លារទៀត ជាជំនួយឥតសំណងពីមូលនិធិបំរែបំរួលអាកាសធាតុ(CCF)។ មូលនិធិអភិវឌ្ឍន៍អាស៊ី ផ្តល់ជំនួយដល់ប្រទេស សមាជិកកំពុងអភិវឌ្ឍរបស់ADB ហើយមូលនិធិអភិវឌ្ឍន៍អាស៊ី មានគោលបំណងពង្រឹងការគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយកាបូនទាបនិងភាពធន់នឹងអាកាសធាតុក្នុងប្រទេសសមាជិកកំពុងអភិវឌ្ឍ។
 
ADB បានបញ្ជាក់ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី​ (AIIB)នឹងផ្តល់ប្រាក់កម្ចីចំនួន ៤៣ លានដុល្លារដល់គម្រោងខាងលើ ដែលទំហំថវិកាសម្រាប់អនុវត្តគម្រោងនឹងត្រូវគ្រប់គ្រងដោយ ADB។ គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គនេះ គឺស្របតាមផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០១៩-២០២៣៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com