អន្តរជាតិ
អង់គ្លេស នឹងជួយអាស៊ានក្នុងការផ្លាស់ប្ដូរមកប្រើថាមពលស្អាត
14, Dec 2022 , 9:29 am        
រូបភាព
លោកស្រី Kara Owen អគ្គរាជទូតអង់គ្លេសប្រចាំសិង្ហបុរី។
លោកស្រី Kara Owen អគ្គរាជទូតអង់គ្លេសប្រចាំសិង្ហបុរី។
ក្នុងនាមជាតំបន់មានសេដ្ឋកិច្ចរឹងមាំ អង់គ្លេសនឹងជួយគាំទ្របណ្ដាប្រទេសអាស៊ានទាក់ទិននឹងការផ្លាស់ប្ដូរមកប្រើថាមពលស្អាត ពិសេសទប់ស្កាត់ការបំភាយកាបូន។ នេះបើតាមការលើកឡើងរបស់ប្រមុខការទូតអង់គ្លេសប្រចាំនៅសិង្ហបុរី លោកស្រី Kara Owen នៅថ្ងៃទី១៣ ខែធ្នូ។



លោកស្រី Kara Owen បានអះអាងថា អង់គ្លេសបានប្តេជ្ញាចិត្តយ៉ាងមុតមាំជួយអាស៊ានឆ្ពោះទៅរកការកាត់បន្ថយការបំភាយកាបូន តាមរយៈការជួយឱ្យតំបន់នេះផ្លាស់ប្ដូរមកប្រើថាមពលស្អាតជំនួសថាមពលគ្មាននិរន្តរភាពដូចជាឥន្ធនៈផូស៊ីលជាដើម។ សិង្ហបុរីក៏បានប្ដេជ្ញាចិត្តជាមួយអង់គ្លេសដើម្បីជួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃក្នុងកិច្ចការនេះដែរ។ 
«អាស៊ីអាគ្នេយ៍ជាឧទាហរណ៍នៃទីតាំងដ៏អស្ចារ្យមួយដែលអង់គ្លេសកំពុងស្វែងរកក្នុងពិភពលោកនេះ។ យើង​មាន​ទំនាក់ទំនង​យ៉ាងស៊ីជម្រៅ​ជាមួយ​ប្រទេស​នីមួយៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ក៏​ជាមួយ​ស្ថាប័នអាស៊ាន​​ទាំងមូល»។ លោកស្រី Owen ថ្លែងបែបនេះក្នុងកិច្ចសម្ភាសរបស់ទូរទស្សន៍ CNA។ 
 
បើតាមមន្ត្រីអង់គ្លេសរូបនេះ កន្លងមកទំនាក់ទំនងរបស់ទីក្រុងឡុងដ៍ជាមួយអាស៊ានមាននៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជាភាពជាដៃគូក្នុងការអភិវឌ្ឍទីផ្សារមូលធន និងសេវាកម្មហិរញ្ញវត្ថុជាដើម។ មិនត្រឹមប៉ុណ្ណោះ អង់គ្លេសក៏មានទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិយ៉ាងរឹងមាំជាមួយអាស៊ាន។ 
 
មុនការចេញផ្សាយកិច្ចសម្ភាសរបស់លោកស្រី Owen ជុំវិញទំនាក់ទំនងអង់គ្លេស និងអាស៊ាន រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានលើកឡើងស្រដៀងគ្នាដែរក្នុងសុន្ទរកថានៃវេទិកាគោលនយោបាយការបរទេសទីក្រុងឡុងដ៍នាពេលលអនាគត។ លោក Cleverly ថាក្រោយចេញពីសហភាពអឺរ៉ុប អង់គ្លេសត្រូវការកិច្ចសហប្រតិបត្តិការជាមួយដៃគូជាប្រទេសនៅអាស៊ី អាម៉េរិកឡាទីន និងអាហ្វ្រិក។ 
 
លោកបានសង្កត់ធ្ងន់ពីការខិតខំរបស់អង់គ្លេសបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌាដែលនឹងត្រូវធ្វើជាប្រធានកិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ក្នុងឆ្នាំ២០២៣ ព្រមទាំងប្ដេជ្ញាជួយឥណ្ឌូណេស៊ីដែលត្រូវជាប្រធានអាស៊ានឆ្នាំ ២០២៣ ឱ្យសម្រេចបានការផ្លាស់ប្តូរទៅប្រើថាមពលស្អាត។
 
គួររំលឹកថា អង់គ្លេសនាពេលថ្មីៗនេះបានយកចិត្តទុកដាក់​បង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានកាន់តែរឹងមាំឡើង ដោយប្ដេជ្ញាចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់នេះទៀតផង។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីគោលនយោបាយពាណិជ្ជកម្មអង់គ្លេស លោក Greg Hands ក្នុងបទសម្ភាសអនឡាញរបស់ទូរទស្សន៍ CNA ស្របពេលពេលលោក មកចូលរួមកិច្ចកំពូលអាស៊ាននៅកម្ពុជា ក្នុងខែវិច្ឆិកា។ 
លើសពីនេះ ក្នុងឆ្នាំ២០២១ អង់គ្លេសក៏បានក្លាយ​ជា​ដៃគូ​សន្ទនា​ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕ 
 

Tag:
 អាស៊ាន
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com