អន្តរជាតិ
យោធាចិន និងឥណ្ឌា ប៉ះទង្គិចគ្នាជាថ្មីនៅតំបន់ព្រំដែនមានជម្លោះ
14, Dec 2022 , 10:29 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
យោធាចិន និងឥណ្ឌា នៅថ្ងៃទី៩ ខែធ្នូ កន្លងទៅ បានប៉ះទង្គិចគ្នានៅតំបន់ព្រំដែន ដែលកំពុងមានជម្លោះជាមួយគ្នា។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក  Rajnath Singh នៅថ្ងៃទី១៣ ខែធ្នូ។

 
ក្រោយស្ងៀមស្ងាត់មួយរយៈ យោធាចិន និងឥណ្ឌា បានប៉ះទង្គិចគ្នាជាថ្មីនៅតំបន់ព្រំដែលមានជម្លោះ ក្នុងរដ្ឋ Arunachal Pradesh។ នៅចំពោះមុខសមាជិកសភា លោក Rajnath Singh ប្រមុខការពារជាតិឥណ្ឌា បានអះអាងថា ការឆ្លើយតបពីសំណាក់យោធាឥណ្ឌា នៅថ្ងៃទី៩ ខែធ្នូ នៅតាមចំណុច Tawang ក្នុងរដ្ឋArunachal Pradesh ចាប់ផ្តើម នៅពេលទាហានចិនបានឆ្លងចូលដែនដីរបស់ឥណ្ឌា និងព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នជាឯកតោភាគី នៅតាមតំបន់ជម្លោះក្បែរតំបន់ទន្លេ Yangtze។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានបន្ថែមថា ទាហានឥណ្ឌា មិនរងរបួសធ្ងន់ធ្ងរឡើយ ហើយភាគីទាំងពីរ បានដកចេញភ្លាមៗ ក្រោយមានការប៉ះទង្គិច។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
បន្ទាប់ពីការប៉ះទង្គិចនេះ មេបញ្ចាការថ្នាក់តំបន់បានជួបចរចាជាមួយភាគីចិន ខណៈរដ្ឋាភិបាលប្រទេសទាំងពីរ បានចរចាគ្នាតាមរយៈការទូត។ ក្រោយការប៉ះទង្គិចនៅក្នុងឆ្នាំ២០២០ ដែលបង្កឱ្យយោធាឥណ្ឌាជាង២០នាក់បានបាត់បង់ជីវិត យោធាចិន និងឥណ្ឌា បានជួបចរចាគ្នាជាច្រើនលើកជុំវិញជម្លោះព្រំដែននេះ។ 
 
យ៉ាងណាមិញ អ្នកនាំពាក្យយោធាចិនភូមិភាគខាងលិច បាននិយាយការពារថា កម្លាំងការពារព្រំដែនចិន បានដើរល្បាតតាមរយៈសកម្មភាពប្រចាំថ្ងៃខ្លួន នៅលើដែនដីរបស់ចិន ដែលស្ថិតនៅ ខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ប៉ុន្តែត្រូវបានរារាំងដោយយោធាឥណ្ឌាយ៉ាងខុសច្បាប់។ 
 
យ៉ាងណាមិញ ស្ថានភាពនៅតំបន់ព្រំដែនមកទល់ពេលនេះ បានស្ងប់ស្ងាត់ហើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenin ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បានថ្លែងថា សម្រាប់ស្ថានភាពបច្ចុប្បន្ននៅតំបន់ព្រំដែនឥណ្ឌា-ចិន គឺមានសន្តិភាព និងស្ថិរភាព។ 
 
សូមបញ្ជាក់ថា ចិន និងឥណ្ឌា មានព្រំដែនជម្លោះជាមួយឥណ្ឌាប្រវែង ៣៤៤០គីឡូម៉ែត្រ។ មកទល់ពេលនេះ ប្រទេសទាំងពីរគ្មានព្រំដែនត្រឹមត្រូវឡើយ ប៉ុន្តែវាផ្អែកលើបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC)ប៉ុណ្ណោះ៕
 

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com