អន្តរជាតិ
នាជំនួបកំពូលជាមួយរដ្ឋអាហ្វ្រិក អាម៉េរិកព្រមានថាឥទ្ធិពលចិន និងរុស្ស៊ីកំពុងធ្វើឱ្យតំបន់អស្ថិរភាព
14, Dec 2022 , 11:59 am        
រូបភាព
បណ្ដាមេដឹកនាំអាហ្វ្រិក និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន (ស្ដាំទី២) នាជំនួបកំពូលនៅអាម៉េរិក។ រូបថត AFP
បណ្ដាមេដឹកនាំអាហ្វ្រិក និងរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន (ស្ដាំទី២) នាជំនួបកំពូលនៅអាម៉េរិក។ រូបថត AFP
ដោយ:
អាម៉េរិក នៅថ្ងៃទី១៣ ខែធ្នូ ព្រមានថា ចិន និងរុស្ស៊ីកំពុងធ្វើឱ្យអាហ្វ្រិកអស្ថិរភាពតាមរយៈវិធីសាស្រ្តផ្សេងៗដែលគ្មានតម្លាភាពដើម្បីបញ្ជ្រាបឥទ្ធិពលក្នុងទ្វីបនេះ ស្របពេលក្រុងវ៉ាស៊ីនតោនស្វាគមន៍មេដឹកនាំបណ្តាប្រទេសអាហ្វ្រិកជាមួយកម្រាលព្រំក្រហម ហើយសន្យាវិនិយោគលើគម្រោងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរ។

 
ជាលើកទីពីរក្នុងរយៈពេល៨ឆ្នាំចុងក្រោយ អាម៉េរិកកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលបីថ្ងៃជាមួយបណ្តាប្រទេស៤៩មកពីទ្វីបអាហ្វ្រិកដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការបន្ថែម។ នេះជាពេលដ៏សំខាន់សម្រាប់ក្រុងវ៉ាស៊ីនតោនក្នុងការពង្រឹង និងកែលម្អទំនាក់ទំនងឡើងវិញជាមួយបណ្តាប្រទេសទាំងនោះទីដែលខ្លួនចាត់ទុកថាជាតំបន់ភូមិសាស្ត្រនយោបាយដ៏សំខាន់ ស្របពេលចិនឈានជើងវិនិយោគនៅតំបន់នោះវ៉ាដាច់ក្រុងវ៉ាស៊ីនតោន រីឯរុស្ស៊ីកំពុងបង្កើនឥទ្ធិពលឱ្យរួចផុតពីសម្ពាធរបស់លោកខាងលិចដែលដាក់ទណ្ឌកម្មលើខ្លួន។
 
មុនកិច្ចប្រជុំកំពូល រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ឡយ អូស្ទីន ក៏ជួបមេដឹកនាំអាហ្វ្រិកជាច្រើន។ លោក អូស្ទីន លើកឡើងថា ដៃគូប្រកួតប្រជែងរបស់ខ្លួនដែលចង់សំដៅលើចិន និងរុស្ស៊ី មានយុទ្ធសាស្រ្តផ្សេងគ្នាដើម្បីបញ្ជ្រាបឥទ្ធិពលក្នុងតំបន់។ លោក អូស្ទីន បញ្ជាក់ថា ចិនកំពុងពង្រីកវត្តមាននៅទ្វីបអាហ្វ្រិកជារៀងរាល់ថ្ងៃតាមរយៈឥទ្ធិពលសេដ្ឋកិច្ច។
 
«បញ្ហានៅទីនោះគឺថា ពួកគេតែងតែមិនមានតម្លាភាពទៅលើអ្វីដែលពួកគេកំពុងធ្វើ ហើយប្រសិនបើពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ វានឹងបង្កើតបញ្ហាដែលយូរៗទៅក្លាយជាអស្ថិរភាព»។ ប្រមុខការពារជាតិអាម៉េរិក លើកឡើងបែបនេះនៅថ្ងៃទី១៣ ខែធ្នូ។​
 
បើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិករូបនេះ រុស្ស៊ីក៏កំពុងធ្វើឱ្យតំបន់អាហ្វ្រិកអស្ថិរភាពដែរតាមរយៈការបន្តលក់អាវុធថោកៗ ហើយពង្រាយទាហានស៊ីឈ្នួលនៅពាសពេញទ្វីបនេះ។ ប៉ុន្តែ រដ្ឋាភិបាលលោក ចូ បៃឌិន មិនបានបង្ហាញចេតនាឱ្យអាហ្វ្រិកជ្រើសរើសភាគីណាមួយទេ។ អគ្គរដ្ឋទូតចិនប្រចាំក្រុងវ៉ាស៊ីនតោន លោក Qin Gang ក៏បានច្រានចោលការរិះគន់របស់អាម៉េរិក ដោយអះអាងថា អាហ្វ្រិកមិនគួរចាត់ទុកជាតំបន់ដែលប្រទេសមហាអំណាចប្រជែងគ្នាទេ។
 
មុនកិច្ចប្រជុំកំពូលចាប់ផ្តើមមួយថ្ងៃ សេតវិមានប្រកាសផែនការក្នុងការប្តេជ្ញាវិនិយោគលើសុខាភិបាល សន្តិសុខ និងសេដ្ឋកិច្ចក្នុងទំហំ៥៥ពាន់លានដុល្លារនៅតំបន់អាហ្វ្រិកសម្រាប់៣ឆ្នាំបន្ទាប់ទៀត។ ទន្ទឹមនេះ ក្រុងវ៉ាស៊ីនតោនក៏បានចាត់តាំង​ លោក Johnnie Carson ជាប្រេសិតពិសេសថ្មីដែលទទួលបន្ទុកលើបញ្ហាទាំងនេះក្នុងតំបន់៕
 
 
 

Tag:
 អាម៉េរិក
  អាហ្រ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com