អន្តរជាតិ
នូវែលសេឡង់ អនុម័តច្បាប់ហាមអ្នក​​កើតក្រោយឆ្នាំ២០០៩ ប្រើផលិតផលថ្នាំជក់
14, Dec 2022 , 2:31 pm        
រូបភាព
ប្រជាជននូវែលសេឡង់កើតក្រោយឆ្នាំ ២០០៩ នឹងត្រូវហាមឃាត់មិនឱ្យទិញផលិតផលថ្នាំជក់អស់មួយជីវិត។ ច្បាប់ថ្មីនេះត្រូវបានអនុម័តនៅថ្ងៃទី១៣ ខែធ្នូ ដែលជាផ្នែកមួយនៃការចូលរួមប្រឆាំងការជក់បារី និងជាកិច្ចប្រឹងប្រែងលុបបំបាត់វត្តមានថ្នាំជក់នៅនូវែលសេឡង់នាពេលអនាគត។



នូវែលសេឡង់ នៅថ្ងៃទី១៣ ខែធ្នូ បានអនុម័តច្បាប់ថ្មីមួយពាក់ព័ន្ធនឹងការហាមទិញ និងលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទឱ្យក្មេងជំទង់ដែលមានអាយុចាប់ពី១៤ឆ្នាំចុះក្រោម ពោលគឺហាមឃាត់ក្មេងជំនាន់ក្រោយដែលកើតចំ និងក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ទាំងអស់ មិនឱ្យប្រើថ្នាំជក់អស់មួយជីវិត។ 
 
ក្នុងនាមជាប្រទេសមានអត្រាអ្នកជក់បារីទាបបំផុតក្នុងចំណោមប្រទេសចំនួន៣៨ នៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) នូវែលសេឡង់នៅតែមានមហិច្ឆតារឹតបន្តឹងច្បាប់បន្ថែមប្រឆាំងនឹងការជក់បារី ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលទីក្រុងវែលីងតោន ដើម្បីធ្វើឱ្យប្រទេសគ្មានផ្សែងបារីនៅឆ្នាំ២០២៥។ 
 
«ច្បាប់នេះបង្កើនល្បឿនឆ្ពោះទៅរកអនាគតដែលគ្មានផ្សែងបារី។ មនុស្សរាប់ពាន់នាក់នឹងរស់នៅបានយូរជាងមុន ជាមួយសុខភាពល្អជាងមុន ហើយប្រព័ន្ធសុខាភិបាលនឹងចំណេញប្រាក់ជាង៣ពាន់លានដុល្លារដោយមិនចាំបាច់ចំណាយលើការព្យាបាលជំងឺដែលបណ្តាលមកពីការជក់បារី ដូចជាមហារីកជាច្រើនប្រភេទ ការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងការវះកាត់អវៈយវៈជាដើម»។ អនុរដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់ Ayesha Verrall ថ្លែងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ច្បាប់ថ្មីមានចែងអំពីការផ្ដន្ទាទោសអ្នកល្មើសច្បាប់ដោយផាកពិន័យជាប្រាក់រហូតដល់ជាង៩ម៉ឺនដុល្លារ។ ច្បាប់នេះក៏បានចែងពីការកាត់បន្ថយបរិមាណសារជាតិនីកូទីនក្នុងផលិតផលថ្នាំជក់ និងកាត់បន្ថយចំនួនអ្នកលក់រាយប្រមាណ៩០ភាគរយ។ អ្នកលក់រាយដែលមានអាជ្ញាប័ណ្ណលក់ថ្នាំជក់នឹងត្រូវកាត់បន្ថយមកត្រឹម៦រយនាក់នៅពេលច្បាប់ចូលជាធរមាននៅឆ្នាំ ២០២៣ ខណៈពីមុនមានរហូតដល់៦ពាន់នាក់ឯណោះ។ 
 
យ៉ាងណាមិញ គណបក្សនយោបាយស្ដាំនិយមរបស់នូវែលសេឡង់ ដែលមានកៅអីចំនួន១០ ក្នុងចំណោម១២០នៅក្នុងសភា បានថ្កោលទោសច្បាប់ថ្មីនេះ ដោយលើកឡើងថាការហាមឃាត់មនុស្សជំនាន់ក្រោយមិនឱ្យជក់បារីនឹងវាយប្រហារដល់ហាងតូចៗ ព្រមទាំងបង្ខំមនុស្សឱ្យចូលក្នុងទីផ្សារងងឹត។
  
នូវែលសេឡង់ ជាប្រទេសដំបូងគេក្នុងពិភពលោកដែលអនុម័តច្បាប់កំណត់អាយុក្មេងជំនាន់ក្រោយមិនឱ្យប្រើថ្នាំជក់ ខណៈប៊ូតង់ បានហាមឃាត់ការលក់បារីតែម្ដងក្នុងឆ្នាំ ២០១០។ ចំនួនអ្នកជក់បារីនូវែលសេឡង់បានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំចុងក្រោយមកនៅត្រឹម ៨ភាគរយប៉ុណ្ណោះ ខណៈបារាំងមានអត្រាអ្នកជក់បារីដល់ទៅ ២៥ភាគរយ នៅឆ្នាំ២០២១។ 

ទោះយ៉ាងណាក្ដី ច្បាប់ថ្មីរបស់រដ្ឋាភិបាលទីក្រុងវែលីងតោន មិនបានដាក់កម្រិតលើការលក់បារីអេឡិចត្រូនិក (vape) ទេ។ ការកើនឡើងនៃអ្នកប្រើប្រាស់ vape ប្រចាំថ្ងៃក្នុងប្រទេស មានល្បឿនលឿនជាងការធ្លាក់ចុះនៃអ្នកជក់បារីប្រចាំថ្ងៃទៅទៀត៕ 
 

Tag:
 នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com