អន្តរជាតិ
មន្ត្រីអាម៉េរិកថា កំពុងបញ្ចប់ផែនការបញ្ជូនប្រព័ន្ធការពារមីស៊ីលទំនើបបំផុតទៅអ៊ុយក្រែន
14, Dec 2022 , 8:29 pm        
រូបភាព
ប្រព័ន្ធការពារមីស៊ីល Patriot របស់អាម៉េរិក។ រូបថត AFP
ប្រព័ន្ធការពារមីស៊ីល Patriot របស់អាម៉េរិក។ រូបថត AFP
អាម៉េរិក កំពុងតែបញ្ចប់ផែនការបញ្ជូនប្រព័ន្ធការពារមីស៊ីលទំនើបបំផុតរបស់អាម៉េរិក Patriot ទៅកាន់ អ៊ុយក្រែនដើម្បីការពារខ្លួនពីការវាយប្រហារមីស៊ីលទំនើបៗរបស់រុស្ស៊ី។ ការប្រកាសជាផ្លូវការអាច​នឹង​ធ្វើឡើងក្នុងសប្ដាហ៍នេះផងដែរ។​ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍បែបនេះដោយស្រង់ប្រភពមន្រ្តីអាម៉េរិក។

 
កន្លងមក អ៊ុយក្រែនបានស្នើសុំប្រព័ន្ធការពារដែនអាកាសពីដៃគូលោកខាងលិចរបស់ខ្លួនរួមទាំងប្រព័ន្ធ ការពារទំនើបរបស់អាម៉េរិក Patriot ដើម្បីការពារការទម្លាក់មីស៊ីលយ៉ាងខ្លាំងក្លារបស់រុស្ស៊ីលើ​ហេដ្ឋា​រចនាសម្ព័ន្ធថាមពល។ ប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើផ្ទៃដីដូចជា Patriot ដែល​បង្កើតឡើងដោយក្រុមហ៊ុន  Raytheon Technology Corp សុទ្ធតែអាចស្ទាក់ ចាប់មីស៊ីលទាំងនោះ។
 
ប្រព័ន្ធការពារដែនអាកាស Patriot ត្រូវបានចាត់ទុកជាប្រព័ន្ធការពារដែនអាកាសដែលទំនើបបំផុត​មួយ ខណៈសម្ព័ន្ធមិត្តអាម៉េរិកជុំវិញពិភពលោក ក៏ប្រជែងគ្នាដើម្បីទទួលបានប្រព័ន្ធមួយនេះ។
 
បើតាមន្រ្តីអាម៉េរិកបីនាក់ដែលដឹងពីផែនការ ទីក្រុងវ៉ាស៊ីនតោនកំពុងបញ្ចប់ផែនការរបស់ខ្លួន មុនប្រកាសផ្ដល់ប្រព័ន្ធការពារនេះឱ្យអ៊ុយក្រែន។
 
«វាពិតជាសំខាន់ខ្លាំងណាស់»។ វរសេនីយ៍ឯកកងទ័ពចូលនិវត្តន៍ Alexander Vindman ដែល​បាន​ដឹកនាំគោលនយោបាយអ៊ុយក្រែននៅសេតវិមានក្នុងអំឡុងពេលរដ្ឋបាលប្រធានាធិបតីលោកដូណាល់ ត្រាំបានលើកឡើងបែបនេះ។ លោក Vindman ក៏បន្តទៀតថា ការផ្ដល់ប្រព័ន្ធនេះ​នឹង​អនុញ្ញាត​ឱ្យ​អ៊ុយក្រែនមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ជាពិសេសប្រសិនជា​រុស្ស៊ីប្រើ​មីស៊ីល​រយៈចម្ងាយខ្លីយកពីអ៊ីរ៉ង់។
 
ជុំវិញរឿងនេះ មន្ត្រីអាម៉េរិកពីររូបផ្សេងទៀតបញ្ជាក់ថា សេចក្ដីប្រកាសនឹងអាចចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ប៉ុន្តែនឹងត្រូវរង់ចាំការអនុម័តពីរដ្ឋមន្ត្រីការពារជាតិ ឡយ អូស្ទីន និងប្រធានាធិបតី ចូ បៃឌិន សិន។ ក្រសួងការពារជាតិអាម៉េរិក បានបដិសេធក្នុងការបញ្ចេញមតិបន្ថែមលើរឿងនេះឡើយ។
 
ជុំវិញរឿងនវ មន្ត្រីអាម៉េរិកខាងលើបានបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនអាចនឹងហ្វឹកហាត់នៅអាល្លឺម៉ង់​មុនពេលដែលគ្រឿងបរិក្ខាររបស់ Patriot បញ្ជូនទៅអ៊ុយក្រែន។ លោក Vindman  បញ្ជាក់ថា ការហ្វឹ​ក​ហាត់អាចនឹងចំណាយពេលរហូតដល់រាប់ខែ។
 
គួរបញ្ជាក់ថា អតីតប្រធានាធិបតីរុស្ស៊ីលោក  Dmitry Medvedev ធ្លាប់បានព្រមានសម្ព័ន្ធយោធាណាតូ​ក្នុងការផ្ដល់ប្រព័ន្ធការពារដែនអាកាស Patriot  ទៅឱ្យអ៊ុយក្រែន  ហើយប្រសិនជាកើតឡើងមែននោះ ក្រុងមូស្កូនឹងចាត់ទុកថាជាការបង្ករឿង៕
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com