អន្តរជាតិ
អធិការបតីអាល្លឺម៉ង់៖ សិង្ហបុរីជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់គោលនយោបាយសន្តិសុខអាល្លឺម៉ង់
14, Dec 2022 , 5:49 pm        
រូបភាព
ដោយ:
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង និងអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល នៅថ្ងៃទី១៣​ ខែធ្នូ ជួបជជែកគ្នាពីតួនាទីរបស់ប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមសកលនានា ហើយមេដឹកនាំអាល្លឺម៉ង់បញ្ជាក់ជាថ្មីពីតួនាទីរបស់សិង្ហបុរីក្នុងគោលនយោបាយសន្តិសុខរបស់ខ្លួន។ នាទឹកដីអាល្លឺម៉ង់ សិង្ហបុរីក៏បានសម្ពោធនាវាមុជទឹកថ្មីពីរគ្រឿងទៀតដែរ។

 
នាកិច្ចប្រជុំទ្វេភាគីនៅអាល្លឺម៉ង់នៅថ្ងៃទី១៣ ខែធ្នូ នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង និងអធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល ពិភាក្សាពីការធ្វើការរួមគ្នារវាងប្រទេសទាំងពីរដើម្បីដោះស្រាយបញ្ហាសកល។
បើតាមលេខាធិការផ្នែកព័ត៌មានរបស់នាយករដ្ឋមន្រ្តីសិង្ហបុរី លោកស្រី Chang Li Lin មេដឹកនាំទាំងពីរក៏ជជែកពីការគាំទ្រពាណិជ្ជកម្មសេរី ពង្រឹងភាពធន់នៃច្រវ៉ាក់ផ្គត់ផ្គង់ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់អឺរ៉ុប និងតំបន់អាស៊ាន។
 
លោកស្រី Chang បញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានបញ្ជាក់ជាថ្មីពីទំនាក់ទំនងដ៏អស្ចារ្យ និងយូរអង្វែងរវាងប្រទេសទាំងពីរពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការការពារជាតិ។ 
 
ក្រោយជំនួបនេះ មេដឹកនាំទាំងពីរធ្វើដំណើរទៅក្រុមហ៊ុនផលិតនាវា ThyssenKrupp Marine Systems (TKMS) ដើម្បីសម្ពោធនាវាមុជទឹកថ្មីបំផុតពីរគ្រឿងរបស់សិង្ហបុរី។ នេះជានាវាមុជទឹកប្រភេទ 218SGទី២ និងទីបីក្នុងចំណោមនាវាទាំងបួនដែលសិង្ហបុរីបញ្ជាទិញពីក្រុមហ៊ុនអាល្លឺម៉ង់។ នាវាប្រភេទនេះមានល្បឿនលឿន ស្ងាត់ កម្លាំងវាយប្រហារ និងធនជាងនាវាណាទាំងអស់ដែលទ័ពជើងទឹកសិង្ហបរីធ្លាប់ប្រតិបត្តិការ។
 
នាយករដ្ឋមន្រ្តីសិង្ហបុរីអរគុណក្រុមហ៊ុន TKMS និងកងទ័ពជើងទឹកអាល្លឺម៉ង់សម្រាប់ការគាំទ្រដ៏ខ្លាំងក្លា ក៏ដូចជាការចែករំលែកជំនាញលើនាវាមុជទឹកជាមួយក្តីរំពឹងថាទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត។ លោក លី ក៏បានអរគុណ លោក​ស្ហូល សម្រាប់វត្តមានក្នុងពិធីសម្ពោធនាវាផងដែរដោយកត់សម្គាល់ថា ទំនាក់ទំនងការពារជាតិរវាងប្រទេសកំពុងវិវឌ្ឍយ៉ាងជឿនលឿន ហើយខ្លាំងក្លា។
 
បើតាមលោក លី ក្នុងនាមជាប្រទេសដែនសមុទ្រ សិង្ហបុរីពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនទំនិញ និងសម្ភារៈតាមសមុទ្រដោយសេរី និងគ្មានការរារាំងដើម្បីការរស់នៅ និងភាពរុងរឿងរបស់ខ្លួន ហើយនាវាមុជទឹកផ្តល់សមត្ថភាពបន្ថែមដល់កងទ័ពជើងទឹកដើម្បីរក្សាការបើកចំហនូវបណ្តាញផ្លូវសមុទ្រ។ 
 
ចំណែក អធិការបតីអាល្លឺម៉ង់វិញលើកឡើងថា សិង្ហបុរីជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់សម្រាប់គោលនយោបាយសន្តិសុខរបស់អាល្លឺម៉ង់។ 
 
«ខ្សែច្រវាក់ផ្គត់ផ្គង់ពឹងផ្អែកយ៉ាងខ្លាំងលើផ្លូវសមុទ្រដែលបើកចំហ និងផ្លូវពាណិជ្ជកម្ម។ ច្រកសមុទ្រសិង្ហបុរីគឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយ»។ លោក ស្ហូល លើកឡើងបែបនេះដោយបញ្ជាក់ថា ការធ្វើពិពិធកម្មច្រវ៉ាក់ផ្គត់ផ្គង់ និងទំនាក់ទំនងពាណិជ្ជកម្មគឺជាសណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន។
 
បើតាមលោក ស្ហូល សន្តិសុខ និងស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកធានាសណ្តាប់ធ្នាប់អន្តរជាតិទាំងមូល ហើយសណ្តាប់ធ្នាប់នេះប្រឆាំងនឹងចក្រពត្តិនិយម៕
 
 
 
 
 

Tag:
 សិង្ហបុរី
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com