COVID-19
អន្តរជាតិ
ចិនថាខ្លួនពិបាកតាមដានករណីជំងឺកូវីដ-១៩ក្នុងស្រុក
14, Dec 2022 , 8:20 pm        
រូបភាព

ស្ថាប័នសុខភាពកំពូលរបស់ចិននៅថ្ងៃទី១៤ ខែធ្នូបាននិយាយថា ទំហំនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសបច្ចុប្បន្នមានការពិបាកតាមដាន ខណៈក្រុមមន្ត្រីបានព្រមានថាករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងយ៉ាងឆាប់រហ័សនៅទីក្រុងប៉េកាំង បន្ទាប់ពីរដ្ឋាភិបាលសម្រេចបោះបង់ចោលភ្លាមៗនូវគោលនយោបាយ «សូន្យកូវីដ»។

 
ទីក្រុងប៉េកាំងថ្មីៗនេះ បានសម្រេចលុបចោលការធ្វើតេស្ត និងការតម្រូវឱ្យធ្វើចត្តាឡីស័កបន្ទាប់អនុវត្តគោលការណ៍ប្រឆាំងជំងឺកូវីដ-១៩ ជិតបីឆ្នាំកន្លងមក។ លើសពីនេះ គណៈកម្មការសុខភាពជាតិរបស់ចិន (NHC)ក៏បានលើកឡើងថា តំបន់ភាគច្រើននៅចិនបានបានលើកលែងការតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ផងដែរ។ 
 
«មនុស្សដែលគ្មានរោគសញ្ញាធ្ងន់ធ្ងរ លែងតម្រូវឱ្យចូលរួមការធ្វើតេស្តជំងឺកូវីដ-១៩ទៀតហើយ​។ ដូច្នេះរដ្ឋាភិបាលពិបាកកំណត់ចំនួនពិតប្រាកដនៃចំនួនមនុស្សដែលឆ្លងជំងឺកូវីដ-១៩ដែលមានរោគសញ្ញាតិច»។ NHC បានលើកឡើងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីចិន Sun Chunlan បាននិយាយថាករណីឆ្លងជំងឺកូវីដ-១៩នៅទីក្រុងប៉េកាំង កើនឡើងយ៉ាងឆាប់រហ័ស។ 
 
កន្លងមក មេដឹកនាំចិនបានប្តេជ្ញាថានឹងបន្តដើរទៅមុខ ប្រឆាំងនឹងជំងឺកូវីដ-១៩ បើទោះបីជាចិនកំពុងប្រឈមមុខនឹងការខ្វះខាតឧបករណ៍ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩​ ដែលព្រមានពីអ្នកជំនាញក៏ដោយ។មនុស្សចាស់ដែលងាយរងគ្រោះរាប់លាននាក់នៅតែមិនទាន់ចាក់វ៉ាក់សាំងពេញលេញ ខណៈមន្ទីរពេទ្យមួយចំនួន ខ្វះធនធានដើម្បីដោះស្រាយជាមួយនឹងលំហូរកើនឡើងនៃអ្នកឆ្លងជំងឺកូវីដ-១៩។ 
 
អាជ្ញាធរចិនបាននិយាយនៅថ្ងៃទី១៤ ខែធ្នូថា ពួកគេនឹងចាប់ផ្តើមអនុញ្ញាតឱ្យក្រុមដែលងាយរងគ្រោះមួយចំនួន រួមទាំងអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ទទួលបានការបាញ់វ៉ាក់សាំងលើកទីពីរ។ 
 
ភោជនីយដ្ឋាន ហាង និងសួនច្បារនៅចិនបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ប៉ុន្តែពលរដ្ឋចិននៅទាន់អាចរស់នៅជាមួយជំងឺកូវីដ-១៩បាននៅឡើយ។ មនុស្សជាច្រើនដែលមានរោគសញ្ញាបានជ្រើសរើសព្យាបាលដោយខ្លួនឯងនៅផ្ទះ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងការពារខ្លួនពីការឆ្លង។ យ៉ាងណាមិញ ពលរដ្ឋចិនជាច្រើនបានរិះគន់ពីការខ្វះខាតការផ្គត់ផ្គង់ថ្នាំព្យាបាល។ ការបន្ធូរបន្ថយការរឹតត្បិតខាងលើ ធ្វើឡើងក្រោយមានប្រជាជនតវ៉ា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com