សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រាក់ដុល្លារអាចបន្តឡើងថ្លៃនៅឆ្នាំ ២០២៣
16, Dec 2022 , 8:29 pm        
រូបភាព
Front  រូបភាពពី AFP ។
Front រូបភាពពី AFP ។
 ការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចអាចបន្តទាញប្រាក់ដុល្លារឱ្យឡើងថ្លៃនៅឆ្នាំ២០២៣ បន្ទាប់ពីបានកើនឡើងប្រហែល ១០ភាគរយធៀបនឹងរូបិយប័ណ្ណសំខាន់ៗនៅក្នុងឆ្នាំនេះ។



កាលពីខែកញ្ញា តម្លៃប្រាក់ដុល្លារបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ដោយបានកើនឡើងដល់កម្រិត២០ភាគរយធៀបនឹងរូបិយប័ណ្ណសំខាន់ៗ។ ការកើនឡើងនេះគឺត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ពីព្រោះវិនិយោគិនបានដាក់ប្រាក់បញ្ចាំនៅធនាគារកណ្តាលអាម៉េរិក ហើយបានកាត់បន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់ ដែលជាហេតុផលចម្បងសម្រាប់ការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក។
  

សន្ទស្សន៍ប្រាក់ដុល្លារប្រចាំឆ្នាំនៃការស្ទង់ភាពរឹងមាំប្រាក់ដុល្លារធៀបនឹងរូបិយប័ណ្ណសំខាន់ៗ។ រូបភាព ៖ Reuters ។ 
 
អត្រាការប្រាក់គឺជាកត្តាចម្បងនៅពីក្រោយការឡើងថ្លៃនៃប្រាក់ដុល្លារ។ វិនិយោគិនបានសម្រុកទិញប្រាក់ដុល្លារ ដើម្បីការពារភាពប្រែប្រួលទីផ្សារដែលបណ្តាលមកពីការកើនឡើងនៃអតិផរណាពិភពលោក តម្លៃថាមពលខ្ពស់ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ហេតុផលមួយទៀតនោះគឺសេដ្ឋកិច្ចអាម៉េរិកមានភាពរឹងមាំជាងបើធៀបនឹងអឺរ៉ុបដែលកំពុងជួបវិបត្តិថាមពល ហើយប្រទេសចិនត្រូវបានរារាំងដោយគោលនយោបាយសូន្យកូវីដ។
 
ផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោក ប្រាក់ដុល្លារឡើងថ្លៃបានដាក់សម្ពាធលើប្រេងឥន្ធនៈ និងទំនិញផ្សេងទៀតដែលកំណត់ដោយប្រាក់ដុល្លារ ព្រោះវាធ្វើឱ្យផលិតផលទាំងនេះមានតម្លៃថ្លៃសម្រាប់អ្នកទិញបរទេស។ វាក៏បានដាក់សម្ពាធដល់អាជីវកម្មបរទេស និងរដ្ឋាភិបាលក្នុងការខ្ចីប្រាក់ជាដុល្លារផងដែរ។
 
ទន្ទឹមនេះ ការឡើងថ្លៃនៃប្រាក់ដុល្លារអាចទប់ស្កាត់អតិផរណារបស់អាម៉េរិក ប៉ុន្តែវាក៏បណ្តាលឱ្យរូបិយប័ណ្ណរបស់ប្រទេសផ្សេងទៀតធ្លាក់ចុះ ដែលធ្វើឱ្យបញ្ហាអតិផរណាពិភពលោកកាន់តែធ្ងន់ធ្ងរ។ នៅក្នុងខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា រាល់ការកើនឡើង១០ភាគរយនៃតម្លៃប្រាក់ដុល្លារ អតិផរណាពិភពលោកនឹងកើនឡើង ១ភាគរយ។
 
ការធ្លាក់ចុះរបស់ប្រាក់ដុល្លារអាចរក្សាបានឬអត់នោះ គឺអាស្រ័យលើសមត្ថភាពរបស់ធនាគារកណ្ដាលងាម៉េរិកក្នុងការគ្រប់គ្រងអតិផរណា។ កាលពីសប្តាហ៍មុន អតិផរណានៅខែវិច្ឆិការបស់អាម៉េរិកបានធ្លាក់ចុះបន្តិច នៅពេលដែលសន្ទស្សន៍ថ្លៃអ្នកប្រើប្រាស់ (CPI) បានកើនឡើងត្រឹមតែ៧,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈនៅខែតុលាបានធ្លាក់ចុះដល់ ៧,៧ភាគរយ។ កាលពីថ្ងៃទី ១៤ធ្នូ ធនាគារកណ្តាលអាម៉េរិកបានសម្រេចចិត្តពន្យឺតការដំឡើងអត្រាការប្រាក់ត្រឹម០,៥ភាគរយ បើធៀបនឹងពេលមុនៗ។ 
 
ក្នុង​រយៈ​ពេល​វែង ការ​ព្រួយ​បារម្ភ​ផ្នែក​សេដ្ឋកិច្ច​អាច​ជា​កត្តា​ជំរុញ​ដល់ការបង្វែរ​ទិសដៅ​នៃ​ប្រាក់​ដុល្លារ។ ប្រមាណជា ៨០ភាគរយនៃអ្នកយុទ្ធសាស្រ្តដែលត្រូវបានស្ទង់មតិដោយ Reuters បាននិយាយថា គោលនយោបាយរូបិយវត្ថុនឹងទំនងជាមានឥទ្ធិពលតិចតួចណាស់ ក្នុងការទាញប្រាក់ដុល្លារដែលនឹងកើនឡើងខ្ពស់នៅឆ្នាំក្រោយ៕
 

Tag:
 ប្រាក់ដុល្លារ អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com