កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍៖ កម្ពុជាត្រៀមលក្ខណៈរួចរាល់សម្រាប់ស៊ីហ្គេម២០២៣
16, Dec 2022 , 5:59 pm        
រូបភាព
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានកីឡាចំបាប់កម្ពុជា។
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានកីឡាចំបាប់កម្ពុជា។
ដោយ:
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ជាការត្រៀមលក្ខណៈរួចរាល់ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោក ខេស៊ី មានប្រសាសន៍ដូច្នេះបន្ទាប់ពីអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ។

 
ក្នុងនាមជាប្រទេសរៀបចំធ្វើជាម្ចាស់ផ្ទះ លោក ខេស៊ី បាណេត សម្ដែងការអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC, សហព័ន្ធកីឡាចំបាប់អន្ដរជាតិ (UWW) និងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ហើយលោក បាណេត ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ និងអត្តពលិក ដែលចូលរួមការប្រកួតនេះ។
 

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ ជុំទី១ នៅសាលដំបូលទូក នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
 
លោក ខេស៊ី បាណេត និយាយថា៖«ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាអន្ដរជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាការបន្ដកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីរៈរបស់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ការប្រកួតនេះ គឺក្នុងគោលបំណង ជួយលើកកម្ពស់ អប់រំ សុខុមាលភាព ខាងផ្លូវចិត្ត ផ្លូវកាយ និងបច្ចេកទេស ដល់កីឡាករ-កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួត ហើយដែលជាឱកាសផ្ដល់នូវមេរៀនបទពិសោធន៍ល្អៗផងដែរ»។
 
លោក ខេស៊ី បន្តថា៖«វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាព ហើយតាមរយៈព្រឹត្តិការណ៍នេះ ក៏រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ។ ជាងនេះទៀត ព្រឹត្តិការណ៍កីឡា ផ្ដល់ឱកាសល្អសម្រាប់ការផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជន ឲ្យស្រលាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡាជាតិឲ្យកាន់តែល្បីល្បាញ លើឆាកអន្ដរជាតិទៀតផង»។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ មានកីឡាករ-កីឡាការិនីចូលរួមសរុប១១៥នាក់ មកពី៧ប្រទេស រួមមានកម្ពុជា(ម្ចាស់ផ្ទះ) វៀតណាម, ថៃ, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូណេស៊ី, និងឡាវ រួមទាំងមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ មកពី១០ប្រទេស ចូលរួមកាត់សេចក្ដី និងរៀបចំការប្រកួតនេះ ជាមួយមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាផងដែរ៕
 

Tag:
 កីឡាចំបាប់
  ខេស៊ី បាណេត
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com