កីឡាជាតិ
ជាតិ
ឃីកបុកស៊ីង៖ សៃនី សៃណេត បានត្រឹមមេដាយប្រាក់ ក្រោយចាញ់ពិន្ទុកីឡាករអ៊ីរ៉ាក់ Sabeeh Abdul
17, Dec 2022 , 2:00 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម សៃនី សៃណេត និងបង្គោលខៀវ កីឡាករអ៊ីរ៉ាក់ Sabeeh Abdul Khaleg។ រូប Capture ពី Facebook
ការប្រកួតរវាងបង្គោលក្រហម សៃនី សៃណេត និងបង្គោលខៀវ កីឡាករអ៊ីរ៉ាក់ Sabeeh Abdul Khaleg។ រូប Capture ពី Facebook
ដោយ:
កីឡាករប្រដាល់ឃីកបុកស៊ីងជម្រើសជាតិកម្ពុជា សៃនី សៃណេត (ឡៅ សៃណេត) ដណ្តើមបានមេដាយប្រាក់១ ក្រោយចាញ់កីឡាករអ៊ីរ៉ាក់ Sabeeh Abdul Khaleg ដោយពិន្ទុ ក្នុងការប្រកួតឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២(Asian Kickboxing Championship 2022) នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។

 
ក្នុងទឹកទី១ បង្គោលក្រហម សៃនី សៃណេត ដើរចូលទាត់ជើងឆ្វេងគោះបន្តិចទៅលើបង្គោលខៀវ Sabeeh Abdul Khaleg តែក៏ត្រូវបានបង្គោលខៀវ វាយសងបកមកវិញភ្លាមៗ និងចំគោលដៅច្រើន។ តែយ៉ាងណា សៃណេត បន្តបុកចូល ហើយ Abdul Khaleg បន្តរត់ចេញពីការយាយីពីសំណាក់ សៃនី សៃណេត។
 
ចូលដល់ទឹកទី២ បង្គោលក្រហម សៃណេត បន្តដើរចូលវាយសន្ធប់ទៅលើ Abdul Khaleg ខណៈបង្គោលខៀវប្រឹងរត់គេចចេញ និងឆ្មកសងមកវិញ។ ឈានដល់ទឹកទី៣ សៃណេត នៅតែព្យាយាមដើរចូលវាយទៅលើ Abdul Khaleg ជាច្រើនលើកច្រើនសារដដែល ប៉ុន្តែបង្គោលខៀវ Abdul Khaleg មិនឈរឱ្យ សៃណត វាយស្រួលៗឡើយ ពោលគឺរូបគេបន្តការវាយឆ្មកសងមកវិញ ហើយរត់គេចចេញពីការដេញវាយរបស់ សៃនី សៃណេត។ បញ្ចប់ការប្រកួត កីឡាករកម្ពុជា សៃនី សៃណេត ចាញ់ពិន្ទុកីឡាករអ៊ីរ៉ាក់ Sabeeh Abdul Khaleg ដោយលទ្ធផល៣-០ ។
 
គួរបញ្ជាក់ថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី១៦នាក់ចូលរួមការប្រកួត កីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២(Asian Kickboxing Championship 2022) ពីថ្ងៃទី១០-១៨ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ៕ 
 

Tag:
 (កីឡាប្រដាល់ឃីកបុកស៊ីង
  AKC)
© រក្សាសិទ្ធិដោយ thmeythmey.com