កីឡាជាតិ
ជាតិ
វេជ្ជបណ្ឌិត សុក សារឿន៖ អត្តពលិកជនពិការ អាចប្រើថ្នាំមានសារធាតុ«ហាមឃាត់»ក្នុងករណីចាំបាច់
17, Dec 2022 , 8:59 pm        
រូបភាព
លោកវេជ្ជបណ្ឌិត សុក សារឿន ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តកីឡាកម្ពុជា។
លោកវេជ្ជបណ្ឌិត សុក សារឿន ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តកីឡាកម្ពុជា។
ដោយ:
«ចំពោះអត្តពលិកប៉រ៉ាហ្កេម ឬប៉ារ៉ាឡាំពិក ត្រូវការប្រើថ្នាំមួយចំនួនដែលមានសារធាតុហាមកាត់ក្នុងករណីចាំបាច់ ដើម្បីព្យាបាលជំងឺ និងក្នុងការប្រកួត»។ នេះបើតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត សុក សារឿន ប្រធានគណៈកម្មការវេជ្ជសាស្រ្តកីឡាកម្ពុជា ជុំវិញការប្រើប្រាសថ្នាំដែលត្រូវហាមឃាតិសម្រាប់អត្តពលិកពិការភាព ក្នុងព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ។

 
ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ លោកវេជ្ជបណ្ឌិតសុក សាវឿន បានពន្យល់អំពីសារធាតុហាមឃាត់ ឬសារធាតុញៀនក្នុងកីឡា និងការអនុញ្ញាតិឱ្យប្រើសារធាតុនេះសម្រាប់អត្តពលិកជនពិការ ឱ្យស្របតាមច្បាប់របស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA)។
 
អ្វីទៅជា«សារធាតុហាមឃាត់» ឬ Doping តាមគោលការណ៍ទូទៅ ជាសារធាតុ  ឬវិធីដែល WADA ហាមឃាត់។ Doping មានដូចជាថ្នាំពេទ្យ ថ្នាំលេបជំនួយកម្លាំង បំប៉នមុនពេលប្រកួត ឬវិធីបញ្ចូលឈាមខ្លួនឯង និងការបញ្ចូលឈាមអ្នកដទៃ។ សម្រាប់ព្រឹត្តិកាណ៍ប្រកួតកីឡាស៊ីហ្គេម អូឡាំពិក ឬកីឡាផ្សេងទៀត អត្តពលិកដែលត្រួតពិនិត្យឃើញថាមានសារធាតុ Doping នឹងត្រូវដកចេញពីការប្រកួត ឬដកសិទ្ធប្រទេសមិនឱ្យចូលរួមប្រកួតបន្តទៀត។
 
ដោយឡែកអត្តពលិកប៉ារ៉ាហ្គេម ឬប៉ារ៉ាឡាំពិកវិញ ត្រូវបានអនុញ្ញាតអាចប្រើថ្នាំដែលមានសារធាតុហាមឃាត់នេះ បានក្នុងករណីចាំបាច់។ ដើម្បីអាចប្រើបាន អត្តពលិកពិការភាព ឬអ្នកពាក់ពាន់ ត្រូវផ្តល់ដំណឹងទៅកាន់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនទៅតាមព្រឹត្តិការណ៍រៀងខ្លួន។
តួយ៉ាង សម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើម្ចាសស់ផ្ទះឆ្នាំ២០២៣ អត្តពលិកដែលប្រើសារធាតុ Doping ត្រូវផ្តល់ដំណឹងទៅកាន់គណៈកម្មាធិការប្រឆាំងសារធាតុញៀនកម្ពុជា ដើម្បីសុំការអនុញ្ញាតប្រើថ្នាំតាមលក្ខខណ្ឌវេជ្ជសាស្រ្តដែលស្របតាមស្ថានភាពជំងឺរបស់នៃអត្តពលិកជនមានពិការនីមួយៗ។
 
លោក សុក សារឿន ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តកីឡាកម្ពុជា ថាគ្រូពេទ្យផ្នែកវេជ្ជសាស្រ្តត្រូវយកចិត្តទុកដាក់ខ្ពស់តាមដាន និងយល់ឱ្យបានស៊ីជម្រៅអំពីបញ្ហាស្ថានភាពជំងឺរបស់អត្តពលិកជនមានពិការភាព និងចេះដឹងអំពីការប្រើប្រាស់ថ្នាំដែលត្រូវហាមឃាត់។
 
«គេមានកម្រិតប្រើប្រាស់ អាស្រ័យលើជំងឺរបស់អត្តពលិកមានពិការភាព។ ប្រសិនគាត់មានជំងឺស្រាលគាត់អាចប្រើថ្នាំតិច បើគាត់មានជំងឺធ្ងន់គាត់ប្រើថ្នាំមួយមុខតែកម្រិតធ្ងន់ ជួនកាលគាត់ប្រើថ្នាំពីរបីមុខ ដូច្នេះហើយគ្រូពេទ្យនៅខាងយើងត្រូវចេះដឹងអំពីវិធីដែលគេប្រើប្រាស់ថ្នាំដែលគេហាមឃាត់»។ លោក សុក សារឿន បញ្ជាក់បន្ថែមដូច្នេះ។
 
គណៈកម្មាធិការវិជ្ជសាស្រ្តកីឡាកម្ពុជា បានជំរុញឱ្យសហព័ន្ធនីមួយៗ រួមមានគ្រូបង្វឹក កីឡាករ-កីឡាការិនី ត្រូវតែមានការយល់ដឹងអំពីការប្រើប្រាស់សារធាតុបំប៉ន ការញ៉ាំអាហារ គ្រឿងភេសជ្ជៈមួយចំនួនដែលអាចមានសារធាតុហាមឃាត់ (Doping) ដើម្បីជៀសវៀងរប៉ះពាល់ដល់កិត្តិយសប្រទេសជាតិ៕
 
 
 
 
 

Tag:
 សុក សារឿន
 ស៊ីហ្គេម២០២៣
 អាស៊ានប៉ារ៉ាហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com