សង្គមអន្តរជាតិ​
សេដ្ឋកិច្ច
ថៃគ្រោងបង្កើនការនាំចេញទៅកាន់ប្រទេស CLMV នៅឆ្នាំ ២០២៣
18, Dec 2022 , 8:00 pm        
រូបភាព
កំពង់ផែ Lamchabang  ខេត្តឈុនបុរី ប្រទេសថៃ។
កំពង់ផែ Lamchabang ខេត្តឈុនបុរី ប្រទេសថៃ។
ប្រទេសថៃទើបតែបានកំណត់គោលដៅនាំចេញរបស់ខ្លួនទៅកាន់ប្រទេសប្រទេស​ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ពីចំនួនទឹកប្រាក់ ២៨ ពាន់លានដុល្លារនៅឆ្នាំនេះ ឱ្យកើនឡើងដល់ចំនួន ៣៣,៥ ពាន់លានដុល្លារនៅឆ្នាំក្រោយ។



ដើម្បីជំរុញការនាំចេញ ដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្ម និងកម្រិតផលប៉ះពាល់អវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ថៃកំពុងកំណត់គោលដៅលើក្រុមប្រទេសមួយចំនួន ក្នុងនោះក៏មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមផង។
 
ថៃមានបំណងនាំចេញទំនិញទៅកាន់ទីផ្សារសម្រាប់ប្រទេសទាំងបួនខាងលើ ឱ្យបានក្នុងទំហំទឹកប្រាក់ ៣៣,៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ ដែលកើនពី ២៨ពាន់លានដុល្លារនៅឆ្នាំនេះ។ ទំនិញសំខាន់ៗដែលជាគោលដៅក្នុងការនាំចេញនោះរួមមាន សម្ភារសំណង់ ឧបករណ៍អគ្គិសនី គ្រាប់អង្កាំជ័រ និងសម្លៀកបំពាក់។
 
ទន្ទឹមនេះ មជ្ឈិមបូព៌ា អាស៊ីខាងត្បូង កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញដ៏មានសក្តានុពលខ្ពស់មួយបន្ថែមពីលើទីផ្សារនាំចេញទាំងបីរបស់ប្រទេសថៃគឺអាម៉េរិក ចិន​ និងជប៉ុន ។ ក្រសួងពាណិជ្ជកម្មថៃក៏បានប្តេជ្ញានឹងបង្កើនពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងផងដែរ ជាពិសេសលើម្ហូបអាហារ ផ្លែឈើ និងបន្លែ។
 
ក្នុងរយៈពេល១០ខែដើមឆ្នាំ ២០២២ ការនាំចេញរបស់ថៃបានកើនឡើង ៩,១ភាគរយក្នុងទំហំទឹកប្រាក់ ២៤៣ពាន់លានដុល្លារ ហើយការនាំចូលមានការកើនឡើងដល់ ១៨,៣ភាគរយ គិតជាទឹកប្រាក់ ២៥៩ពាន់លានដុល្លារ ដែលបណ្តាលឱ្យប្រទេសនេះមានឱនភាពពាណិជ្ជកម្មចំនួន ១៥,៥ពាន់លានដុល្លារ៕

Tag:
 ថៃ CLMV នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com