កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រណាំងកង់នៅសៀមរាប៖ អគ្គលេខាធិការ ស្នើសុំ ពលរដ្ឋយោគយល់ពេលបិទផ្លូវ
21, Dec 2022 , 8:59 am        
រូបភាព
ដោយ:
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន អំពាវនាវដល់ប្រជាពលរដ្ឋដែលនៅតាមដងផ្លូវមួយចំនួនក្នុងខេត្តសៀមរាប មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការប្រកួតដែលត្រូវប្រើផ្លូវមួយចំនួន។ ទីតាំងប្រណាំងទី១ ពីចំនុចមុខប្រាសាទអង្គរវត្ត បន្តតាមស្រះស្រង់ និងត្រលប់មកកាន់មុខប្រាសាទអង្គរវិញ និងទីតាំងទី២ នៅតាមជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី។ ការប្រកួតធ្វើនៅថ្ងៃទី២៧ ខែធ្នូ ក្នុងខេត្តសៀមរាប។

 
ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយាន(កង់) ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នឹងមានអត្តពលិកចូលរួមប្រកួតប្រជែង២៥២នាក់ ដែលត្រូវលេងលើពីរវិញ្ញាសា គឺវិញ្ញាសាកង់ភ្នំ លេងនៅជើងភ្នំគូលែន ឃុំខ្នាយសណ្តា ស្រុកបន្ទាយស្រី និងវិញ្ញាសា កង់គួក ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរវត្ត ទៅតាមស្វាយលើ និងវិលមកមុខប្រាសាទអង្គរវិញ និងបិទបញ្ចប់កម្មវិធីបំពាក់មេដាយនៅសណ្ឋាគារសុខា សៀមរាប។
 
សម្រាប់ព្រឹត្តិការណ៍នេះសហព័ន្ធក៏បានត្រៀមថវិកាលើកទឹកចិត្តជូនទៅដល់កីឡាករ-កីឡាការិនី ដែលទទួយលបានជ័យលាភី បន្ទាប់ពីសហព័ន្ធទទួលបានកញ្ចប់ថវិកាឧបត្ថម្ភជាង៤ម៉ឺនដុល្លារ ពីក្រុមហ៊ុនមួយសម្រាប់ការលើកទឹកចិត្តដល់អត្តពលិកត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
 
យ៉ាងណាក្នុងពិធីប្រកួតនោះដែរ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន ក៏បានអំពាវនាវសុំចិត្តប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវមួយចំនួនដែលនឹងត្រូវបិទសម្រាប់ការប្រកួត យោគយល់ដល់គណៈកម្មការរៀបចំផងអំឡុងពេលរៀបចំ។
 
លោក នូ ចំរើន និយាយថា៖«ការប្រកួតយើងនឹងត្រូវបិទផ្លូវដើម្បីឱ្យមានភាពងាយស្រួលដល់កីឡាករ-កីឡាការិនី និងមានសុវត្ថិភាពជាចំបង។ ក្នុងនាមខ្ញុំតំណាងសហព័ន្ធសូមចិត្តបងប្អូនដែលរស់នៅតាមផ្លូវសូមមេត្តាយោគយល់ ពីព្រោះថា ការប្រកួតនេះគឺយើងត្រៀមដើម្បីស៊ីហ្គេម២០២៣។ សូមបងប្អូនយោគយល់ដល់គណៈកម្មការដើម្បីរៀបចំប្រកួតឱ្យបានល្អ និងរលូនប្រកបដោយសុខសុវត្ថិភាព»៕
 
 

Tag:
 កីឡាទោចក្រយាន
 ស៊ីហ្គេម២០២៣
 នូ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com