អន្តរជាតិ
អូស្ត្រាលី ចង់បានការដកការរឹតត្បិតពាណិជ្ជកម្មក្នុងដំណើរទស្សនកិច្ចរដ្ឋមន្រ្តីការបរទេសនៅប៉េកាំង
21, Dec 2022 , 9:59 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong កំពុងធ្វើទស្សនកិច្ចនៅទឹកដីចិន ក្នុងដំណើរដែលត្រូវមើលឃើញថា ជាការសម្រួលទំនាក់ទំនងទ្វេភាគីឡើងវិញ។ លោកស្រី Wong និយាយនៅថ្ងៃទី២០ ខែធ្នូ ថា លោកស្រីនឹងព្យាយាមជំរុញឱ្យចិនដកចេញទណ្ឌកម្មពាណិជ្ជកម្មកន្លងមក។

 
«បញ្ហាលំបាកជាច្រើននៅក្នុងទំនាក់ទំនង(អូស្ត្រាលី-ចិន) នឹងត្រូវការពេលវេលា​ដើម្បីដោះស្រាយ​ជា​ប្រយោជន៍របស់យើង»។ ប្រមុខការទូតអូស្ត្រាលីលោកស្រី Penny Wong លើកឡើងក្នុង សន្និសីទ កាសែតបែបនេះនៅទីក្រុងកង់បេរ៉ាមុននឹងចាកចេញទៅទីក្រុងប៉េកាំង ហើយរំពឹង​ជួបសមភាគី​ចិន លោក វ៉ាង យី នៅថ្ងៃទី២១ ខែធ្នូ។ 
 
យ៉ាងណាមិញ លោកស្រីសង្កត់ធ្ងន់ថា ជំនួបនេះមិនរំពឹងថាអាចដោះស្រាយបញ្ហាណាមួយ​បាន​ភ្លាមៗ​នោះឡើយ ខណៈដំណើរទស្សនកិច្ចរបស់លោកស្រីគឺជាជំហានមួយដើម្បីជំរុញឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្មប្រទេសទាំងពីរត្រឡប់ទៅរកភាពល្អប្រសើវិញ។
 
ទស្សនកិច្ចលោកស្រី Wong ជាដំណើរលើកទីមួយដោយរដ្ឋមន្ត្រីអូស្ត្រាលីតាំងពីឆ្នាំ២០១៩ ហើយ​នឹង​ក្លាយជាកិច្ចពិភាក្សាផ្លូវការលើកដំបូងបង្អស់រវាង អ្នកតំណាងជាន់ខ្ពស់ប្រទេស​ទាំងពីរ​នៅ​ទីក្រុង​ប៉េកាំង​តាំងពីឆ្នាំ២០១៨។
 
អំឡុងសន្និសីទកាសែតជាប្រចាំនៅថ្ងៃទី២០ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning ឆ្លើយ​តបនឹងការអំពាវនាវរបស់អូស្ត្រាលីសម្រាប់ការលុបចោលទណ្ឌកម្មខាងលើថា អូស្ត្រាលីគួរ​តែ​គោរព​គ្នា​ទៅវិញទៅមក ស្វែងរកជំហរដូចគ្នា និងឆ្ពោះទៅទិសដៅតែមួយដូចចិន។ បន្ថែមពីនេះ អូស្ត្រាលី​ក៏​គួរ​តែ​លើកតម្កើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន​និងអូស្ត្រាលី​ដើម្បី​ត្រឡប់​ទៅរក​ផ្លូវ​អភិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាន និងស្ថិរភាព។
 
បន្ថែមពីលើនេះ លោកស្រី ​Wong ក៏នឹងចូលរួមក្នុងកិច្ចសន្ទនាការបរទេសនិងយុទ្ធសាស្ត្រអូស្ត្រាលី-ចិន​លើកទី៦ នៅទីក្រុងប៉េកាំង ស្របពេលដល់ខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាង​ប្រទេស​ទាំ​ង​ពីរ​។
 
គួររំលឹកថា អូស្ត្រាលី និងចិនមានជម្លោះតានតឹងជាមួយគ្នាជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយ នេះរួមមា​ន​ជម្លោះពាណិជ្ជកម្ម និងប្រភពដើមនៃជំងឺកូវីដ-១៩ជាដើម។ យ៉ាងណាមិញ រដ្ឋាភិបាលថ្មីរបស់អូស្ត្រាលី កំពុងស្វែងរកមធ្យោបាយជួសជុល និងស្ដារទំនាក់ទំនងការទូតជាថ្មី។ ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស ក៏បានជួបគ្នាក្នុងជំនួបក្រៅកិ​ច្ចប្រជុំ​ក្រុម​ប្រទេស​សេដ្ឋកិច្ចរីកចម្រើនទាំង ២០ (G20) កាលពីខែវិច្ឆិកា​ ហើយបានទទួលសញ្ញាវិជ្ជមាន​មួយ​ចំនួន​ដែរ៕
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com