អន្តរជាតិ
កូរ៉េខាងត្បូង និងអាម៉េរិក ធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការពារសម្ព័ន្ធមិត្ត
21, Dec 2022 , 11:59 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី២០ ខែធ្នូ បានធ្វើសមយុទ្ធកម្លាំងទ័ពអាកាសរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការពារសម្ព័ន្ធមិត្ត រួមទាំងទំនុកចិត្តរបស់អាម៉េរិកក្នុងការប្រើប្រាស់សមត្ថភាពយោធា។ នេះបើតាមការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង។

 
ឧបទ្វីបកូរ៉េ ហាក់មិនស្ងប់ស្ងៀមឡើយ ដោយកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនលើក ខណៈកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាជាមួយអាម៉េរិក ដើម្បីបង្ហាញសាច់ដុំដាក់។ ជាថ្មីម្តងទៀត ក្រោយក្រុងព្យុងយ៉ាងបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមនាថ្ងៃទី១៨ ខែធ្នូកន្លងទៅ កូរ៉េខាងត្បូង និងអាម៉េរិក នៅថ្ងៃទី២០ ខែធ្នូ បានធ្វើសមយុទ្ធកម្លាំងទ័ពអាកាសរួមគ្នា ដោយមានយន្តហោះចម្បាំងទំនើបៗ និងយន្តហោះទម្លាក់គ្រាប់បែកចូលរួមផង។ 
 
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង សមយុទ្ធទ័ពអាកាសនេះ ធ្វើឡើងដើម្បីពង្រឹងអន្តរប្រតិបត្តិការរវាងកម្លាំងសម្ព័ន្ធមិត្ត។ ក្នុងសមយុទ្ធនេះ យន្តហោះចម្បាំង F-35A និងយន្តហោះ F-15K របស់កូរ៉េខាងត្បូងក៏បានចូលរួមដែរ ខណៈអាម៉េរិក បានបញ្ជូនយន្តហោះចម្បាំង F-22 និងយន្តហោះទម្លាក់គ្រាប់បែក B-52H មក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
«ការបញ្ជូនយន្តហោះ B-52H និងយន្តហោះ F-22 នៅពេលនេះ ជាផ្នែកមួយនៃកិច្ចខិតខំក្នុងការពង្រឹងទំនុកចិត្តរបស់អាម៉េរិកក្នុងការប្រើប្រាស់សមត្ថភាពយោធា»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដដែល បានបញ្ជាក់បែបនេះ។ ត្រង់ចំណុចនេះ សមយុទ្ធខាងលើ បានបង្ហាញពីការប្តេជ្ញារបស់អាម៉េរិកក្នុងការប្រើប្រាស់អាវុធគ្រប់ទាំងអស់ រួមទាំងនុយក្លេអ៊ែរផង។ 
 
ទន្ទឹមនេះ ក្រុងសេអ៊ូល បានប្រកាសផងដែរថា កូរ៉េខាងត្បូង និងអាម៉េរិក នឹងរួមគ្នាលើសមត្ថភាពយោធាបន្ថែមទៀត ទាក់ទិននឹងការគំរាមកំហែងមីស៊ីល រួមទាំងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។ 
 
សូមបញ្ជាក់ថា កូរ៉េខាងត្បូងក្រោមរដ្ឋបាលលោកយូន តែងបង្ហាញកម្លាំងសាច់ដុំដាក់កូរ៉េខាងជើង ដែលតែងតែបាញ់មីស៊ីលទៅសមុទ្រខាងកើត៕
 

Tag:
 កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com