កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូមកពីសហព័ន្ធកីឡាវាយសីអាស៊ី ចែករំលែកជំនាញដល់គ្រូកម្ពុជា២៥រូប ត្រៀមស៊ីហ្គេម២០២៣
21, Dec 2022 , 9:59 pm        
រូបភាព
លោក Sambenthan Sivaperumal គ្រូជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់ របស់ BA (Badminton Asia)។
លោក Sambenthan Sivaperumal គ្រូជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់ របស់ BA (Badminton Asia)។
ដោយ:
សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀបចំវគ្គ«សាមគ្គីអូឡាំពិក» ស្ដីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១ ដោយទទួលបានការបង្ហាត់បង្រៀនពីលោក Sambenthan Sivaperumal គ្រូបង្វឹករបស់សហព័ន្ធកីឡាវាយសីអាស៊ី(BA)។ សិក្ខាកាមដែលជាគ្រូបង្វឹកកម្ពុជា២៥រូបមកពីបណ្តាក្លិប រាជធានី-ខេត្តចំនួន១១ នឹងចូលរួមសិក្សាចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងអនុវត្តជាក់ស្ដែង នៅទីលានវាយសី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

​ 
 
លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញ បានរៀបចំ ដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមសហការជាមួយកម្មវិធីបណ្តុះបណ្តាល«សាមគ្គីអូឡាំពិក» និងលោកគ្រូបង្វឹក មកពីសហព័ន្ធកីឡាវាយសីអាស៊ី (BA) ដើម្បីចែករំលែកបទពិសោធន៍ ពីជំនាញវាយសីកម្រិតអន្តរជាតិ ជូនដល់លោកគ្រូ-អ្នកគ្រូបង្វឹក កីឡាវាយសីនៅកម្ពុជា ឲ្យជ្រួតជ្រាបកាន់តែស៊ីជម្រៅ។
 


សិក្ខាកាម ២៥រូប បានបញ្ចប់ការបណ្តុះបណ្តាលវគ្គសិក្សាគ្រូកីឡាវាយសីកម្រិតជាតិ និងអន្តរជាតិ។
 
«នេះជាថ្នាលបណ្ដុះថ្មីមួយទៀត ទើបបានផ្តល់ជូនដល់គ្រូបង្វឹក
អញ្ជើញមកពីបណ្តាក្លិប-សមាគម កីឡាវាយសី។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះ លោកគ្រូ Sambenthan Sivaperumal ជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់ របស់ BA (Badminton Asia) ដែលខិតខំធ្វើ ដំណើរពីប្រទេសម៉ាឡេស៊ី មកចែករំលែក និងផ្ទេរចំណេះដឹង ដល់គ្រូបង្វឹកកម្ពុជា»។ លោក លី កុសល បន្ថែមដូច្នេះ។
 
ដោយឡែកលោក ជាម សុភាព អគ្គលេខាធិការកីឡាវាយសីកម្ពុជាអះអាងថា វគ្គសិក្សានេះ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ ស្រី៨នាក់ មកពីរាជធានី ខេត្ត ចំនួន១១ មានខេត្តសៀមរាប, ខេត្តកណ្ដាល, ខេត្តមណ្ឌលគិរី,ខេត្តរតនៈគិរី, ខេត្តកំពង់ធំ, ខេត្តព្រៃវែង,ក្លិបការពារអាកាស, ក្លិបពហុកឡាដ្ឋានជាតិ, ខេត្តស្វាយរៀង, ក្លិបវាយសីភ្នំពេញ និងក្លិបវាយសី T-badminton។
 
លោកសុភាពបញ្ជាក់ថា សិក្ខាកាមទាំងអស់ បានបង្ហាញពីស្មារតីចូលរួមសិក្សា យ៉ាងផុលផុស និងបានស្វែងយល់ពីរបៀប នៃការបង្ហាត់បង្រៀនស្របតាមស្តង់ដារជាតិ និងអន្តរជាតិ និងការអនុវត្តផ្ទាល់ នៅលើទីលាន ដែលឈានទៅរកភាពជោគជ័យនៅស៊ីហ្គេម២០២៣៕
 
 

Tag:
 កីឡាវាយសី
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com