កីឡាជាតិ
ជាតិ
ការពន្យាជើងហោះហើរ បញ្ហាសណ្ឋាគារ លោក Honda ត្អូញត្អែរពេលដល់ឥណ្ឌូណេស៊ី
22, Dec 2022 , 3:39 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានចេញដំណើរទៅជួបឥណ្ឌូណេស៊ីនៅថ្ងៃទី២១ ខែធ្នូ ដើម្បីប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup សម្រាប់ជំនួបទី២ ពូល A។ ធ្វើដំណើរទៅឥណ្ឌូណេស៊ី ក្រុមកម្ពុជាត្រូវខកពេលមួយថ្ងៃ ដោយសារពន្យាជើងយន្តហោះដល់ទៅ២លើក។ លោក Keisuke Honda អ្នកចាត់ការទូទៅកម្ពុជាមិនពេញចិត្តការរៀបចំរបស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី។


តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រុមគោព្រៃ បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ីនៅម៉ោង១០:៤៥នាទីយប់ ថ្ងៃទី២១ ខែធ្នូ ខុសពីគម្រោងរបស់ខ្លួន ដែលគ្រោងឱ្យដល់ទីនោះនៅពេលល្ងាច ដើម្បីមានពេលហ្វឹកហាត់គ្រប់គ្រាន់។​ កម្ពុជា បានចេញដំណើរពីទឹកដីខ្លួនតាំងពីប្រលឹមថ្ងៃទី២១ ខែធ្នូ ហើយទៅដល់ឥណ្ឌូណេស៊ីដោយប្រើពេលជាង១៥ម៉ោង។
 
«ទៅដល់ឥណ្ឌូណេស៊ី នៅវេលាម៉ោង ១០:៤៥នាទីយប់ក្រោយជើងហោះហើរត្រូវបានពន្យាពេល ២លើក។ ក្រុមត្រូវបន្តធ្វើដំណើរទៅកាន់សណ្ឋាគារក្នុងរយៈពេល ១ម៉ោងទៀត»។ នេះជាការបញ្ជាក់របស់ FFC លើផេកហ្វេសប៊ុកខ្លួន។
 
FFC បន្ថែមថាដោយសារយឺតពេល គម្រោងដែលនឹងត្រូវទៅដល់ឥណ្ឌូណេស៊ីពេលល្ងាច ដើម្បីមានពេលហ្វឹកហាត់ពីរលើក ត្រូវបានលុបចោលវិញ។ ដូច្នេះក្រុមកម្ពុជា នៅសល់ពេលហ្វឹកហាត់តែមួយថ្ងៃប៉ុណ្ណោះនៅថ្ងៃទី២២ ខែធ្នូនេះ ដើម្បីត្រៀមខ្លួនជួបឥណ្ឌូណេស៊ី។
 
ជុំវិញការពន្យាជើងយន្តហោះដល់ទៅ២លើកនេះ បានធ្វើឱ្យអ្នកចាត់ការទូទៅក្រុមគោព្រៃលោក Honda មិនសប្បាយចិត្តនោះទេ។ លើសពីនេះទៅទៀត ខាងសណ្ឋាគារដែលក្រុមកម្ពុជាស្នាក់នៅក៏មានការរំខានថែមទៀត។
 
អ្នកចាត់ការសញ្ជាតិជប៉ុន បង្ហាញការមិនពេញចិត្តចំពោះការរៀបចំសេវាកម្មនៅសណ្ឋាគារសម្រាប់កម្ពុជា ពីសំណាក់ម្ចាស់ផ្ទះឥណ្ឌូណេស៊ីនៅលើបណ្តាញសង្គម Twitter ថា៖ ខ្ញុំទទួលបានការគេទូរសព្ទចូលពីរទៅ៣លើកក្នុងបន្ទប់សណ្ឋាគារដែលខ្ញុំបានស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ក្រឡែកទៅមើលនាឡិកាម៉ោង ៤ ទាបភ្លឺទៅហើយ។ ការហៅទូរស័ព្ទទាំងពីរលើកនោះគ្មានការឆ្លើយតបឡើយ មុនពេលមានការហៅចូលម្តងទៀតទើបឆ្លើយតប។ ខ្ញុំនឹងធ្វើវានៅថ្ងៃស្អែក ហើយក៏ជាការប្រកួតដ៏សំខាន់ ដូច្នេះខ្ញុំនឹងប្រាប់កីឡាករអំពីរឿងរ៉ាវក៏ដូចជាវិធានការឆ្លើយតបចំពោះបញ្ហានៅយប់នេះ។ »។
 
បើទោះមិនបានសម្រាកគ្រប់គ្រាន់ និងខកពេលហាត់មួយថ្ងៃក្តី លោក Honda ដែលដឹកនាំក្រុមកម្ពុជាឈ្នះហ្វីលីពីននៅជំនួបបើកឆាក នៅតែមានវិធានការដើម្បីទប់ទល់ជុំវិញបញ្ហាខាងលើនេះ ដ្បិតជំនួបទល់ឥណ្ឌូណេស៊ីជាជំនួបសំខាន់។
 
កម្ពុជា ត្រូវជួបឥណ្ឌូណេស៊ីនៅថ្ងៃទី២៣ ខែធ្នូ ក្នុងជំនួបលើកទី២ពូល A ពាន AFF Mitsubishi Electric Cup នៅថ្ងៃទី២៣ ខែធ្នូ វេលាម៉ោង ៧:៣០នាទីយប់៕
 
 

Tag:
 AFF Mitsubishi Electric Cup
© រក្សាសិទ្ធិដោយ thmeythmey.com