ជាតិ
កុមារខ្មែរដែលមានជំងឺបេះដូងចំហរ និងស្ត្រីទីមួយកូរ៉េខាងត្បូងជួបជុំគ្នានៅសេអ៊ូល..
23, Dec 2022 , 11:15 am        
រូបភាព
ស្ត្រីទីមួយកូរ៉េខាងត្បូង និងកុមារ អោក រដ្ឋា បានជួបគ្នាម្តងទៀត ដោយលើកនេះ គឺនៅក្រុងសេអ៊ូល។ រូបថត Yonhap
ស្ត្រីទីមួយកូរ៉េខាងត្បូង និងកុមារ អោក រដ្ឋា បានជួបគ្នាម្តងទៀត ដោយលើកនេះ គឺនៅក្រុងសេអ៊ូល។ រូបថត Yonhap
ដោយ: រួបរួម
កុមារខ្មែរឈ្មោះ អោក រដ្ឋា អាយុ១៤ឆ្នាំដែលមានជំងឺបេះដូងចំហរតាំងពីកំណើត មានឱកាសជួបស្ត្រីទីមួយកូរ៉េខាងត្បូង Kim Keon-hee សារជាថ្មី កាលពីថ្ងៃទី២១ ខែធ្នូ ដោយជំនួបលើកនេះ គឺស្ថិតនៅក្រុងសេអ៊ូល។

 
កាលពីអំឡុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ លោកស្រី Kim Keon-hee ដែលជាភរិយាប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានទៅសួរសុខទុក្ខកុមារ រដ្ឋា ដល់ផ្ទះ ដោយសារលោកស្រីចង់ផ្តល់កម្លាំងចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារ។
ទោះបីជាទទួលរងនូវការរិះគន់ពីសំណាក់មន្ត្រីបក្សប្រឆាំងកូរ៉េខាងត្បូង ដែលថាកាយវិការរបស់លោកស្រីជាការសម្តែងក៏ដោយ ក៏លោកស្រី Kim បានធ្វើតាមការសន្យារបស់ខ្លួន ដោយបាននាំកុមារ រដ្ឋា ទៅព្យាបាលនៅមជ្ឈមណ្ឌល Asan Medical Center ក្នុងក្រុងសេអ៊ូល។
 
«ខ្ញុំរីករាយខ្លាំងណាស់ដោយបានឃើញរដ្ឋាធូរស្បើយខ្លះ ហើយអាចដើរ និងរត់ឡើងវិញបាន»។ នេះជាសម្តីរបស់លោកស្រី Kim ដែលដកស្រង់ដោយសារព័ត៌មាន The Korea Herald ហើយស្ត្រីទីមួយរូបនេះ សន្យាជួបរដ្ឋាម្តងទៀតនៅពេលដែលសុខភាពរបស់គេល្អបរិបូរណ៍។
 
តាមកាសែតដដែល កុមាររដ្ឋា ក៏បានសម្តែងការដឹងគុណផងដែរចំពោះលោកស្រី Kim ដែលបានជួយស្រោចស្រង់ជីវិតខ្លួន តាមរយៈការនាំទៅព្យាបាលនៅ Asan Medical Center តាំងពីដើមខែធ្នូ មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com