កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉េតង់៖ ពានរង្វាន់ «គរុគុណ» លើកទី២ មានអត្តពលិកចូលរួមជាង៤០០នាក់
23, Dec 2022 , 7:59 pm        
រូបភាព
អត្តពលិកជាង៤០០នាក់ មកពណ្តាសមាគម ក្លិប និងសម្ព័ន្ធ ជាង៦០ ចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់«គរុគុណ» លើកទី២ ឆ្នាំ២០២២។ រូបពី Sor Sokha
អត្តពលិកជាង៤០០នាក់ មកពណ្តាសមាគម ក្លិប និងសម្ព័ន្ធ ជាង៦០ ចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់«គរុគុណ» លើកទី២ ឆ្នាំ២០២២។ រូបពី Sor Sokha
ដោយ:
សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់«គរុគុណ» លើកទី២ និងខួបអនុស្សាវរីយ៍លើក៣០ឆ្នាំ នៃការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា(១៩៩២-២០២២) នៅទីលានកីឡាប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី២៣-២៥ ខែធ្នូ ដោយមានអត្តពលិក៤៥៩នាក់ មកពីបណ្តាសមាគម ក្លិប និងសម្ព័ន្ធ ៦២ លើប្រភេទ៨វិញ្ញាសា។

 
លោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍ក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ពានរង្វាន់«គរុគុណ» លើកទី២ ឆ្នាំ២០២២ គឺក្នុងគោលបំណងដើម្បីរំលឹកគុណនូបការរបស់ សម្តេច សរ ខេង និងសម្តេច សុខ អាន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតដែលបានប្រឹងប្រែងទាំងកម្លាំងកាយចិត្តក្នុងការបង្កើតសហព័ន្ធតាំងពីឆ្នាំ១៩៩២មក ដែលពេលនោះមាន សម្តេច សុខ អាន ជាប្រធានសហព័ន្ធ និងសម្តេច សរ ខេង ជាប្រធានកិត្តិយស។ ពានរង្វាន់«គរុគុណ» ធ្វើលើកដំបូងនៅឆ្នាំ២០១៩។
 

លោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ថ្លែងក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េង់ពានរង្វាន់«គរុគុណ»លើកទី២។ រូបពី Sor Sokha
 
លោក សប្បាយណា បន្តថា សហព័ន្ធបានពង្រឹង និងពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស យុវជនថ្នាល ឈុតធំបុរស និងនារី មន្រ្តីអាជ្ញាកណ្តាល ចៅក្រម ទាំងកម្រិតជាតិ និងអន្តរជាតិ។ ដើម្បីសម្លៀងសមត្ថភាពអត្តពលិក សហព័ន្ធបានចងក្រងសៀវភៅហ្វឹកហាត់ សៀវភៅបណ្តុះបណ្តាលគ្រូបង្វឹក និងធ្វើវិដេអូស្វ័យសិក្សា និងស្វ័យហ្វឹកហាត់ សម្រាប់សាធារណជនអាចប្រើប្រាស់បាន។
 
ជាចុងក្រោយ លោក សុខ សប្បាយណា ក៏បានផ្តាំផ្ញើទៅកាន់អត្តពលិកដែលចូលរួមប្រកួតធ្វើយ៉ាងណាប្រកួតដោយស្មារតីកីឡា ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងគោរពតាមបទបញ្ជារបច្ចេកទេស និងវិន័យនៃការប្រកួតក្រោមស្មារតីជាមហាគ្រួសារកីឡាប៊ូល និងប៉េតង់កម្ពុជា។
 
គួររំលឹកផងដែរថា គិតចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០២២ នេះសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលបានសមិទ្ធផលធំៗជាច្រើនដូចជា ឈ្នះមេដាយសរុប៣៩៤ ក្នុងនោះមេដាយមាស១១៦ មេដាយប្រាក់១៣៨ និងមេដាយសំរឹទ្ធ១៣០៕
 
 

Tag:
 កីឡាប៊ូល និងប៉េតង់
  ស៊ីហ្គេម២០២៣
  គរុគុណ
© រក្សាសិទ្ធិដោយ thmeythmey.com