កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
CAMSOC ជំរុញគណៈកម្មការជំនាញដោះស្រាយបញ្ហាសេសសល់ឱ្យអស់ មុនស៊ីហ្គេម២០២៣
24, Dec 2022 , 8:59 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC។
ដោយ:
​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ជំរុញគណៈកម្មការជំនាញដោះស្រាយបញ្ហានៅសេសល់ឱ្យបានរួចរាល់មុនកីឡាស៊ីហ្គេម ស្របពេលឆ្នាំឆ្នាំ២០២៣​ជិតចូលមកដល់។ CAMSOC លើកឡើងដូច្នេះក្នុងកិច្ចប្រជុំជាមួយគណៈកម្មការ​ជំនាញ​នៅទីស្នាក់ការ NOCC នៅថ្ងៃទី២១ ខែធ្នូ។

​​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ថា គណៈកម្មការជំនាញគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ពិនិត្យមើលលើបញ្ហាដែលនៅសេសសល់មួយចំនួន ដែលត្រូវឱ្យរួចរាល់មុនព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ មកដល់។
 
លោក វ៉ាត់ ចំរើន និយាយថា៖«កិច្ចប្រជុំ​នេះបាន​ត្រួត​ពិ​និ​ត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មកា​រ​ជំនាញ​របស់ខ្លួន​ទាំងអស់ ពិសេស​ពិនិត្យមើល​បញ្ហា​ប្រឈម​ ដូចជាការ​ស្នាក់នៅ ហូបចុក ការទទួល​បដិសណ្ឋារកិច្ច និង​ទីលាន​ប្រកួត​ជាដើម គណៈកម្មការគ្រប់ផ្នែកត្រូវឱ្យរួចរាល់ទាន់ពេលវេលានៅបំណាច់ឆ្នាំ២០២២ ចូលឆ្នាំ២០២៣»។​​
 
ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នឹង​ប្រារព្ធ​ពិធី​បើក​ការប្រកួត​ផ្លូវការនៅ​ថ្ងៃទី​៥ ខែឧសភា និងពិធី​បិទនៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣។ ​បើ​គិតពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២២ រហូតដល់​ថ្ងៃ​បើកគឺ​នៅសល់​រយៈពេល ១៣៣ថ្ងៃ​គត់។ 
 
រីឯ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣ ខាងមុខ។ ប៉ុន្ដែ​មុន​ឈានដល់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រនេះ កម្ពុជា​នឹងមាន​កម្មវិធី​ជាច្រើន​ទៀត ដូច​កម្មវិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣២ ដែល​គ្រោង​រៀបចំ​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ និង​កម្មវិធី​រត់​ភ្លើង​គប់ ក៏ដូចជា​កម្មវិធី​ផ្សេងៗ​ទៀត៕
 

Tag:
 ស៊ីហ្គេម២០២៣
 អាស៊ានប៉ារ៉ាហ្គេម២០២៣
 CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com