ជាតិ
សេដ្ឋកិច្ច
ខណ្ឌដូនពេញ នឹងក្លាយជាគំរូនៃការអភិវឌ្ឍទេសចរណ៍ទីក្រុង
24, Dec 2022 , 9:59 am        
រូបភាព
 រមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលស្ថិតនៅក្នុងសង្ក់ុាត់ដូនពេញ
រមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលស្ថិតនៅក្នុងសង្ក់ុាត់ដូនពេញ
ខណ្ឌដូនពេញ នឹងក្លាយជាតំបន់គំរូសម្រាប់បណ្តាក្រុង ខណ្ឌ នៃរាជធានី-ខេត្តទូទាំងប្រទេស ក្នុងការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង(Urban Tourism Plan)។ ព្រោះ បច្ចុប្បន្ន ការសិក្សាលើសង្កាត់គំរូចំនួន២ក្នុងខណ្ឌនេះបានឈានដល់ការបញ្ចប់ និងគ្រោងអនុម័តជាផ្លូវការនៅដើមឆ្នាំ២០២៣។

 
សង្កាត់វត្តភ្នំ និងសង្កាត់ផ្សារកណ្តាលទី១​ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានក្រសួងទេសចរណ៍សម្រេចយកជាចំណុចចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង។ ការអនុវត្តផែនការនេះ គឺស្ថិតក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រស្តារវិស័យទេសចរណ៍ឡើងវិញពីវិបត្តិកូវីដ-១៩។​

បើតាមលោក អាំង សុវណ្ណរ័ត្ន នាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍(TCBP) ការសម្រេចយកសង្កាត់វត្តភ្នំ និង សង្កាត់ផ្សារកណ្តាលទី១ ជាចំណុចចាប់ផ្តើមនៃការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង គឺដោយសារតំបន់នេះ ​មានរមណីយដ្ឋានវត្តភ្នំ និងសំណង់អគារសល់ពីសម័យអាណានិគមបារាំងជាច្រើន ដែលជាបេតិកភណ្ឌវប្បធម៌​។ សង្កាត់ទាំងពីរនេះ ក៏មានសក្កានុពលជាច្រើនទៀត ពិសេសការផ្សារភ្ជាប់ខ្សែទស្សនាចរណ៍ដែលមានផលិតផលទេសចរណ៍ផ្សេងៗក្នុងតំបន់ ផងដែរ។
 

លោក អាំង សុវណ្ណរ័ត្ន នាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍(TCBP)ផ្តល់សម្ភាសឱ្យអ្នកសារព័ត៌មាន។​
 
«យើងធ្វើការជាមួយវិស័យឯកជន ក៏គេយល់ថាសង្កាត់​ទាំងពីរនេះគឺសាកសម [ជាសង្កាត់គំរូការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង]»។ លោក អាំង សុវណ្ណរ័ត្ន ប្រាប់អ្នកសារព័ត៌មានថ្មីៗបែបនេះ ក្រោយចប់សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលនៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារកាណាឌីយ៉ា នាល្ងាចថ្ងៃទី២២ធ្នូ។ លោកបន្តនិយាយដូច្នេះ៖ «ការចាប់ផ្តើមដំបូងនេះ! ថ្វីដ្បិតយើងផ្តោតតែពីរសង្កាត់​ ប៉ុន្តែក៏ដូចនឹងខណ្ឌទាំងមូលអ៊ីចឹងដែរ។ ព្រោះជាធម្មតានៅពេលដែលភ្ញៀវទេសចរអន្តរជាតិមកដើរលេង គឺពួកគាត់នឹងដើរក្នុងខណ្ឌ ក៏ដូចរាជធានីភ្នំពេញ តែអ្វីដែលផ្តោតពិសេសនោះ គឺសង្កាត់វត្តភ្នំពេញ និងសង្កាត់ផ្សារកណ្តាលទី១»​។ 
 
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏មានការបង្កើតគំរូមគ្គុទ្ទេសក៍ទេសចរណ៍ឌីជីថលឡើង សម្រាប់បង្កើនបទពិសោធន៍របស់ភ្ញៀវទេសចរឱ្យកាន់តែប្រសើរឡើងក្នុងការទស្សនារាជធានីភ្នំពេញ។ ការរៀបចំគំរូមគ្គុទ្ទេសក៍ទេសចរណ៍បែបឌីជីថលនេះ ក៏ផ្តើមចេញពីខណ្ឌដូនពេញ ផងដែរ។ 
 
បើតាមលោក អាំង សុវណ្ណរ័ត្ន ការរៀបចំសង្កាត់គំរូនៃការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍ទីក្រុង និងការបង្កើតគំរូមគ្គុទ្ទេសក៍ទេសចរណ៍បែបឌីជីថលនេះ គឺមានសកម្មភាពផ្សារភ្ជាប់គ្នា ដោយក្រុមការងារនឹងបង្កើត កម្មវិធីទូរស័ព្ទ(Mobile App)មួយដែលទំនើប និងទាន់សម័យ ជាពិសេសឆ្លើយតបនឹងបរិបទដែលកម្ពុជាកំពុងជំរុញនូវឌីជីថលូបនីយកម្ម ឬការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ « ជាទិសដៅរបស់យើង គឺយើងនឹងកសាងទេសចរណ៍ឆ្លាតនៅកម្ពុជា។ អ៊ីចឹង! នៅមានថ្នាលបច្ចេកវិទ្យាថ្មីច្រើនទៀត ដែលយើងនឹងធ្វើឡើងជាបន្តបន្ទាប់ តែអ្វីដែលយើងកំពុងធ្វើនេះ គឺជាការចាប់ផ្តើមដំបូងរបស់យើង»។ នេះជាការបញ្ជាក់បន្ថែម ពីលោកនាយកកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍(TCBP)នៃក្រសួងទេសចរណ៍។​
 
ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង ដោយចាប់ផ្តើមពីករណីសិក្សានៅខណ្ឌដូនពេញនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានជំរុញមន្ត្រីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ក្រោយមានការអនុម័តជាផ្លូវការ។ លោកបន្តមានប្រសាសន៍ដូច្នេះ៖ «ជាពិសេសត្រូវយកគំរូនៃការអនុវត្តក្នុងខណ្ឌដូនពេញនេះ ទៅរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុង នៅតាមបណ្តាក្រុង ខណ្ឌ នៅទូទាំងប្រទេស»។
 
សម្រាប់ឆ្នាំ២០២២ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិច្រើនជាង២,២លាននាក់ និងទេសចរផ្ទៃក្នុងច្រើនជាង ១៣លាននាក់។ បើតាមលោក ថោង ខុន សម្រាប់ឆ្នាំ២០២៣ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ៣ លាននាក់ ព្រោះជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕ 
 



Tag:
 ទេសចរណ៍
 ​ ខណ្ឌដូនពេញ
 ​
© រក្សាសិទ្ធិដោយ thmeythmey.com