អន្តរជាតិ
លោក ប្រាយុទ្ធ ប្រកាសធ្វើបេក្ខជននាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតឆ្នាំក្រោយ
23, Dec 2022 , 9:29 pm        
រូបភាព
នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៣ ខែធ្នូ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា លោកនឹងបន្ត​ឈរឈ្មោះការពារតំណែងបច្ចុប្បន្នក្នុងការបោះឆ្នោត​អាណត្តិថ្មី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​​នៅខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែសម្រេចប្ដូរបក្សថ្មី។



លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៣ ខែធ្នូ ប្រកាសថា លោកនឹងចូលរួមជាមួយគណបក្សរួបរួមជាតិថៃ (United Thai Nation) ដែលទើបបង្កើតហើយឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីតំណាងបក្សនេះសម្រាប់អាណត្តិថ្មី។ 
 
«បក្សរួបរួមជាតិថៃដែលទើបបង្កើតថ្មីបានគាំទ្រដល់ខ្ញុំដើម្បីក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតអាណត្តិបន្ទាប់។ ខ្ញុំ​បញ្ជាក់​ឱ្យ​ច្បាស់​នៅ​ថ្ងៃ​នេះ ​ខ្ញុំ​បាន​សម្រេច​ចិត្តហើយ​ថា ​ខ្ញុំ​នឹង​ចូលរួមធ្វើតួនាទីនេះ»។ លោកប្រាយុទ្ធ ប្រាប់បែបនេះទៅអ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។
 
លោកនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរ លោកចង់ធ្វើជានាយករដ្ឋមន្រ្តី២ឆ្នាំទៀត ទើបប្រគល់តំណែងនេះទៅអ្នកស្នងតំណែងដែលសក្តិសម ព្រោះ​ការងារ​ជា​ច្រើន​ដែល​​បាន​ធ្វើ​ច្រើន​ឆ្នាំ​មក​នេះ ត្រូវ​ការ​ធ្វើបន្តក្នុងពេលកំណត់​។ បើតាមកាសែតបាងកកប៉ុស្តិ៍ លោកប្រាយុទ្ធ ចង់​បន្ត​ធ្វើការងារដែលមិនទាន់បញ្ចប់ ឬមិនទាន់បានសម្រេច ឬការងារដែលនៅមានបញ្ហាមិនទាន់ដោះស្រាយបាន។
 
នាយករដ្ឋមន្ត្រីថៃរូបនេះ នឹងចាកចេញពីបក្សកម្លាំងប្រជារាស្ត្រដែលមានសំឡេងភាគច្រើនក្នុងសភាបច្ចុប្បន្ន ហើយចូលរួមជាមួយបក្សរួបរួមជាតិថៃ ដើម្បីអាចបន្តតំណែងព្រោះបក្សកម្លាំងប្រជារាស្ត្របានលើកមេដឹកនាំបក្ស និងជាឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon ជាបេក្ខភាពក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រីអាណត្តិថ្មីទៅហើយ។
 
កន្លងមក លោក ប្រាយុទ្ធ បានរងបណ្ដឹងពីគណបក្សប្រឆាំង Pheu Thai ជុំវិញការអស់សិទ្ធិកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសារលោកបានឡើងកាន់តំណែងតាំងពីឆ្នាំ ២០១៤ ក្រោយធ្វើរដ្ឋប្រហារ។ តាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីថៃកាន់តំណែងបានតែ៨ឆ្នាំប៉ុណ្ណោះ។
 
យ៉ាងណាមិញ កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃសម្រេចថាអាណត្តិលោក ប្រាយុទ្ធ រាប់ចាប់ពីឆ្នាំ២០១៧ ហេតុនេះ លោក នៅមានសិទ្ធឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីអាណត្តិថ្មីម្ដងទៀត ហើយកាន់តំណែងដល់ឆ្នាំ២០២៥។ បន្ទាប់ពីឆ្នាំ ២០២៥ សភាថៃអាចជ្រើសរើសអ្នកបន្តតំណែងជានាយករដ្ឋមន្ត្រីថ្មីទៀត៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com