អន្តរជាតិ
ចិន ជំរុញឱ្យអាម៉េរិក​ឈប់រារាំងការអភិវឌ្ឍ និងចង់ឆ្លងបន្ទាត់ក្រហមរបស់ខ្លួន
24, Dec 2022 , 11:39 am        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅកោះបាលី ឥណ្ឌាណេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព៖ AFP
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ចាប់ដៃជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅកោះបាលី ឥណ្ឌាណេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី នៅថ្ងៃទី២៣ ខែធ្នូ បានប្រាប់សមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន ឱ្យឈប់រារាំងការអភិវឌ្ឍរបស់ចិន និងចង់ព្យាយាមឆ្លងបន្ទាត់ក្រហម។ ជុំវិញបញ្ហាបន្ទាត់ក្រហមនេះ លោកវ៉ាង ចង់សំដៅដល់តៃវ៉ាន់ ដែលអាម៉េរិកតែងប្រកាសគាំទ្រប្រជាធិបតេយ្យ និងលក់គ្រឿងបរិក្ខារយោធាឱ្យ។

 
មួយរយៈចុងក្រោយ រដ្ឋមន្រ្តីអាម៉េរិក និងចិន តែងជួបគ្នាជាច្រើនលើក ដើម្បីជជែកពីបញ្ហាតៃវ៉ាន់ និងការប្រជែងរបស់អាម៉េរិកមកលើចិន។ ក្នុងថ្ងៃទី២៣ ខែធ្នូ​ លោក វ៉ាង​ យី រដ្ឋមន្រ្តីការបរទេសចិន បានជជែកតាមទូរសព្ទជាមួយសមភាគីអាម៉េរិក លោកអាន់តូនី ប្លីងខិន។ បញ្ហាតៃវ៉ាន់ និងការអភិវឌ្ឍ នៅតែជារបៀបវារៈដ៏សំខាន់ ក្នុងកិច្ចសន្ទនាដ៏សំខាន់នេះ។ 
 
លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានប្រាប់លោកប្លីងខិនថា អាម៉េរិក មិនអាចរក្សាកិច្ចសន្ទនា និងការរារាំងចិនក្នុងពេលតែមួយបានឡើយ ឬក៏និយាយពីកិច្ចសហប្រតិបត្តិការនៅពីមុខចិន ប៉ុន្តែលួចចាក់ពីក្រោយខ្នងបានដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។​
 
ទាក់ទិននឹងបញ្ហានេះ ប្រមុខការទូតចិន បានអំពាវនាវឱ្យអាម៉េរិកយកចិត្តទុកដាក់លើការបារម្ភរបស់រដ្ឋាភិបាលក្រុងប៉េកាំង ហើយឈប់ព្យាយាមរារាំងការអភិវឌ្ឍរបស់ខ្លួន រួមទាំងចង់ឆ្លងបន្ទាត់ក្រហម។ ត្រង់ចំណុចបន្ទាត់ក្រហមនេះ រដ្ឋមន្រ្តីការបរទេសចិន ចង់សំដៅដល់កោះតៃវ៉ាន់ ដែលអាម៉េរិក តែប្រកាសគាំទ្រលទ្ធិប្រជាធិបតេយ្យ និងលក់គ្រឿងបរិក្ខារយោធាជាច្រើនពាន់លានដុល្លារឱ្យ។ 
 
បើតាមលោកវ៉ាង ឆ្នាំថ្មី គួរតែនាំក្តីសង្ឃឹមថ្មី ហើយភាគីចិនសង្ឃឹមថា ប្រទេសមហាអំណាចទាំងពីរអាចកែលម្អទំនាក់ទំនងទ្វេភាគី នៅក្នុងឆ្នាំថ្មីខាងមុខ។ 
 
មិនខុសពីជំនួបមុនៗឡើយ លោកប្លីនខិន បានថ្លែងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានឆន្ទៈក្នុងការពិភាក្សាលើគោលការណ៍នៃទំនាក់ទំនងទ្វេភាគី គ្រប់គ្រងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវ និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ ដែលជាផលប្រយោជន៍រួមជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។ 
 
ទន្ទឹមនេះ ប្រមុខការទូតអាម៉េរិក បានបញ្ជាក់ដដែលថា អាម៉េរិក នឹងបន្តគោរពគោលនយោបាយចិនតែមួយ ហើយមិនគាំទ្រការប្រកាសឯករាជ្យរបស់តៃវ៉ាន់ដែរ។ ក្រៅពីបញ្ហាខាងលើ រដ្ឋមន្រ្តីប្រទេសទាំងពីរ ក៏ជជែកពីសង្រ្គាមនៅអ៊ុយក្រែន ដែលបានឈានចូលដល់ខែទី១០ ផង៕ 
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com