អន្តរជាតិ
រដ្ឋាភិបាលជប៉ុន ប្រកាសកញ្ចប់ថវិកាជាតិ៨៦៤ពាន់លានដុល្លារនៅឆ្នាំក្រោយ
24, Dec 2022 , 7:29 pm        
រូបភាព
រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែធ្នូ ប្រកាសកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ចំនួនដល់ទៅ៨៦៤ ពាន់លានដុល្លារ។ ជាចំនួនច្រើនមិនធ្លាប់មាន ការចំណាយនេះ រុញច្រានដោយកំណើនការចាយលុយផ្នែកយោធា​​។

 
សេចក្ដីព្រាងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣ ដែលអនុវត្តពីខែមេសា បង្ហាញពីផ្លូវច្បាស់ៗដែល​រដ្ឋាភិបាលជប៉ុននឹងអនុវត្តដើម្បីសម្រេចបានគោលដៅចំណាយថវិកាជាតិ ខណៈដែល​ជប៉ុ​ន​កំពុង​តែ​ព្យាយាមងើបចេញពីភាពច្របូកច្របល់ដោយសារតែជំងឺរាតត្បាតកូវីដ-១៩។ សេចក្ដីព្រាងខាងលើនឹង ត្រូវបានគាំទ្រដោយគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ។ រដ្ឋាភិបាលជប៉ុនក៏មានគម្រោងចេញមូលបត្របំណុលរបស់រដ្ឋាភិបាល។
 
ការចំណាយលើវិស័យការពារជាតិ ជាកត្តាចម្បងនៃការកើនឡើងនៃចំណាយថវិកាជាតិឆ្នាំ ២០២៣ ខណៈដែលនាយករដ្ឋមន្ត្រី គីស៊ីដា ដាក់គោលដៅបង្កើនការ ចំណាយផ្នែកការពារប្រចាំឆ្នាំរបស់ប្រទេស​ទ្វេដងឱ្យដល់២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលប្រាំឆ្នាំដើ​ម្បីដោះស្រាយ​បញ្ហការគំរាមកំហែងរបស់ចិន និងកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ ជាមួយនេះ សន្តិសុខសង្គម ក៏ជាចំណុចអាទិភាពសម្រាប់ប្រទេសដែលមានវ័យចំណាស់កើនឡើងរហ័សមួយ​នេះដែរ។
 
សម្រាប់ថវិកាសារពើពន្ធឆ្នាំ២០២៣ ការចំណាយលើវិស័យការពារជាតិមានចំនួន៦,៨ពាន់ពាន់​លាន​យ៉េនដែលកើនឡើង១,៤ពាន់ពាន់លានយ៉េនធៀបនឹងឆ្នាំនេះ។ រដ្ឋាភិបាលកក្រុងតូក្យូ ក៏នឹងត្រៀម​ថវិកាចំនួន៣,៤ពាន់ពាន់លានយ៉េនដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ផែនការកសាងប្រព័ន្ធការពារជាតិរយៈពេលប្រាំឆ្នាំ។
 
តម្រូវការក្នុងការជំរុញការចំណាយយោធារបស់ជប៉ុនកើតឡើងនៅពេលមានបញ្ហាប្រឈម ផ្នែក​សេដ្ឋកិច្ចកាន់តែខ្លាំង វិបត្តិបង្កដោយសង្រ្គាមអ៊ុយក្រែន និងបញ្ហាអតិផរណានៅទូទាំងពិភពលោកដែលបានជំរុញឱ្យពិភពលោកឈានជិតដល់ដំណាក់កាលនៃបញ្ហាសេដ្ឋកិច្ច៕
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com